ចៅក្រមតុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះបានសម្រេចឃុំខ្លួនលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាមេឃុំមកពីគណបក្សសម រង្ស៊ី។ នេះបើយោងតាមលោកមេធាវីសំ សុគង់។
លោកសំ សុគង់បានប្រាប់ VOA ថា លោកស្រីផ្លាង ដាណែត ចៅក្រមជំនុំជម្រះ បានសម្រេចឃុំខ្លួនលោកស៊ាង ចែត បណ្តោះអាសន្នពីបទសូកប៉ាន់សាក្សី ដោយគ្រាន់តែសំអាងតាមចម្លើយរបស់នាងខុម ចាន់តារ៉ាទី។
«តុលាការគេសម្រេចចោទប្រកាន់ ទីមួយពីបទសូកប៉ាន់សាក្សី ទីពីរលោកស្រីចៅក្រមគាត់បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន»។
លោកនិយាយថា លោកបានលើកហេតុផលសុំឲ្យលោកស៊ាង ចែត នៅក្រៅឃុំ ដោយសារលោកមានមុខងារច្បាស់លាស់ជាមេឃុំ។ លោកស៊ាង ចែតបានធានាថា លោកនឹងបង្ហាញខ្លួនគ្រប់ពេលដែលតុលាការកោះហៅ និងបានសុំដាក់ប្រាក់ធានា៥លានរៀល។ លោក ស៊ាង ចែតក៏មានកូនតូចក្នុងបន្ទុកអាយុ២ឆ្នាំផងដែរ។ លោកមេធាវីនិយាយថា ហេតុផលសុំនៅក្រៅឃុំភ្លាមៗនេះត្រូវតុលាការបដិសេធ ហើយលោកត្រូវបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃសរង់ចាំការកាត់ទោស នៅពេលសមត្ថកិច្ចបន្តការស៊ើបអង្កេត និងទុកពេលឲ្យមេធាវីរៀបចំឯកសារនីតិវិធីធ្វើសំណើសុំនៅក្រៅឃុំតាមក្រោយ។ លោកបន្តថា ពេលវេលាកាត់ក្តីក៏មិនទាន់កំណត់ដែរ។
លោកនិយាយថា ភរិយា និងកូនរបស់លោកស៊ាង ចែតបានសុំទៅតាមលោកមេឃុំ ទៅពន្ធនាគារព្រៃស។
«គាត់ថា គាត់ទៅពន្ធនាគារជាមួយដែរ តែថា គាត់ទៅអមនោះណា៎។ គួរឲ្យអាណិតគាត់ដែរ ព្រោះថា មិនដែលបែកប្តីប្រពន្ធអីអញ្ចឹងនោះណា៎»។
លោកសំ សុគង់បានឲ្យដឹងថា លោកស៊ាងចែតបានប្រាប់តុលាការថា លុយដែលលោកយកទៅឲ្យគ្រួសារនាងខុម ចាន់តារ៉ាទីនោះជាលុយរបស់សម្បុរជនពីបរទេសជួយគ្រួសារនាងដែលខ្វះខាត ហើយមិនមានដាក់លក្ខខណ្ឌអ្វីទេ។
លោកមេធាវីនិយាយថា លោកនឹងធ្វើការស៊ើបសួរឪពុកម្តាយរបស់នាងខុម ចាន់តារ៉ាទី ហើយលោកសង្ឃឹមថា ការធ្វើការស៊ើបសួរដេញដោលទល់មុខគ្នាអាចនឹងដឹងការណ៍ពិត។
លោកម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ចាម បានប្រាប់ VOA នៅថ្ងៃពុធនេះថា លោកបានទទួលលុយនេះពីសប្បុរសជននៅប្រទេសណូវែលសេឡង់ ដែលអាណិតនាងខុម ចាន់តារ៉ាទី ព្រោះគ្រួសារនាងបាត់បង់ចំណូល និងមានការខ្វះខាត។ លោកបានប្រគល់លុយនេះឲ្យលោកស៊ាង ចែតយកទៅឲ្យគ្រួសាររបស់នាងខុម ចាន់តារ៉ាទី។
«ស្រីមុំហ្នឹងមិនបានប្រកបរបររកស៊ីអីធ្វើការងារអី គាត់អាណិត គាត់ក៏ផ្ញើថវិកាហ្នឹងម៉ោចំនួន៥រយ ផ្ញើតាមរយៈមន្ត្រីគណបក្ស។ ហើយមន្ត្រីគណបក្សហ្នឹងបានយកមកជូនខ្ញុំ»។
លោកស៊ាង ចែត មេឃុំស្រក នៃស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដើម្បីសួរនាំទាក់ទិននឹងការចោទប្រកាន់របស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ បានសរសេរនៅលើទំព័រ Facebook របស់លោកថា ការចាប់ខ្លួន ដោយយោងតាមការឆ្លើយដាក់ពីមនុស្សម្នាក់បែបនេះ«មិនខុសពីរបបខ្មែរក្រហមឡើយ»។
នាងខុម ចាន់តារ៉ាទី ដែលកំពុងជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយសង្ស័យក្នុងរឿងអាស្រូវស្នេហាលួចលាក់ជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះ បានចោទប្រកាន់ថា មេឃុំរូបនេះ បានបញ្ចុះបញ្ចូលឲ្យឪពុកម្ដាយរបស់នាងទទួលយកលុយចំនួន៥០០ដុល្លារជាថ្នូរនឹងការណែនាំនាងមិនឲ្យនិយាយការណ៍ពិតដែលអាចប៉ះពាល់លោកកឹម សុខា។
លិខិតចំហរបស់ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នាងបានបាត់បង់កិត្តិយស ការងារ និងរងទុក្ខលំបាក ភ័យខ្លាចពីសុវត្ថិភាពជាខ្លាំង ដោយសារសកម្មភាពរបស់លោកកឹម សុខា ដែលនាងចោទថា ជាការបោកប្រាស់។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីសិទ្ធិមនុស្សមិនធ្វើអត្ថាធិប្បាយថា តើ់នាងខុម ចាន់តារ៉ាទី ត្រូវបានបំភិតបំភ័យឲ្យប្តូរចម្លើយដែលនាំឲ្យមន្ត្រីសិទ្ធិមនុស្ស ប្រធានអង្គការ និងមេធាវី ត្រូវកោះហៅសាកសួរ និងចោទប្រកាន់នោះទេ៕