ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​តំណាងរាស្ត្រ​លោក ​អ៊ុំ សំអាន


រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងពេល​ចូល​រួម​ជា​វាគ្មិន​ពីភាក្សា​អំពី​​ប្រធានបទ ​«តើ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ត្រូវការ​អ្វី​ខ្លះ?» ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​បន្ទប់ផ្សាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងពេល​ចូល​រួម​ជា​វាគ្មិន​ពីភាក្សា​អំពី​​ប្រធានបទ ​«តើ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ត្រូវការ​អ្វី​ខ្លះ?» ក្នុង​កម្មវិធី​វិទ្យុ Hello VOA ​នៅ​បន្ទប់ផ្សាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ដីកា​នេះ​លើក​ហេតុផល​ថា ​លោក​ អ៊ុំ សំអាន​ បាន​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​ ដែល​អាច​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ​ហើយ​ត្រូវ​ឃុំ​ខ្លួន​ជា​ចាំបាច់​ ដើម្បី​បញ្ចប់​បទល្មើស​ បង្ការ​មិន​ឲ្យ​បទល្មើស​កើត​ជាថ្មី ​កុំឲ្យ​មាន​ភាព​ច្របូក​ច្របល់​បណ្តាល​មកពី​បទល្មើស​ និង​ដើម្បី​រក្សា​ជន​ជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី។

លោក​ អ៊ុំ សំអាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅ​ឡើយ​នោះ ត្រូវ​តុលាការ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ តាម​ការ​ទាមទារ​របស់​មេធាវី​និង​សាមី​ខ្លួន​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​រូប​នេះ ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​នោះ ​ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន​អតិបរមា​រយៈពេល​៤​ខែ​ មុន​ការ​កាត់​ទោស។ នេះ​បើ​យោង​តាម​ដីកា​របស់​លោក ​តុប ឈុនហេង​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ ​តែ​ត្រូវ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​នៅ​យប់​ថ្ងៃពុធ។

ដីកា​នេះ​សរសេរ​ថា៖​«សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ អ៊ុំ សំអាន​ ជា​បណ្តោះ​អាសន្ន​រយៈពេល​អតិបរមា​៤ខែ»។

ដីកា​នេះ​លើក​ហេតុផល​ថា ​លោក​ អ៊ុំ សំអាន​ បាន​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម​ ដែល​អាច​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ​ហើយ​ត្រូវ​ឃុំ​ខ្លួន​ជា​ចាំបាច់​ ដើម្បី​បញ្ចប់​បទល្មើស​ បង្ការ​មិន​ឲ្យ​បទល្មើស​កើត​ជាថ្មី ​កុំឲ្យ​មាន​ភាព​ច្របូក​ច្របល់​បណ្តាល​មកពី​បទល្មើស​ និង​ដើម្បី​រក្សា​ជន​ជាប់ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី។​ ដីកា​នេះ​សន្និដ្ឋាន​ថា ​មានតែ​ការ​ឃុំខ្លួន​មួយ​គត់​ដែល​អាច​សម្រេច​គោលដៅ​ខាង​លើ។​

រូបឯកសារ៖ លោក​មេធាវី​ ជូង ជូងី ​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។
រូបឯកសារ៖ លោក​មេធាវី​ ជូង ជូងី ​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

ទោះ​ជា​យ៉ាង​ណាក្តី ​ លោក​ ជួង ជូងី ​និង​លោក ​សំ សុគង់ ​មេធាវី​របស់​លោក​ អ៊ុំ សំអាន​ បាន​និយាយ​ថា លោក​ទាំងពីរ ​ហើយ​នឹង​លោក​ អ៊ុំ សំអាន ​បាន​លើក​ពី​ហេតុ​ផល​ជា​ច្រើន រួម​ទាំង​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​ផង​ ក្នុង​ការ​ធានា​ឲ្យ​លោក ​អ៊ុំ សំអាន ​នៅ​ក្រៅ​ឃុំ​ តែ​ការ​បកស្រាយ​របស់​ពួកគេ​មិន​មាន​ប្រសិទ្ធភាព​ទេ។​

លោក​ ជួង ជូងី​ និយាយ​ថា៖​«ពេល​ដែល​មេធាវី​លើក​តប​មួយ​គំនរ​ទៅ​វិញ​ ចៅក្រម​ក្តី ​តំណាង​អយ្យការ​ក្តី​ អត់​មាន​អី​លើក​តប​មក​មេធាវី​វិញ​ទេ​ គឺ​សម្រេច​ឃុំ​តែ​ម្តង​ ព្រោះ​ចង្អុល​ពី​អ្នក​មាន​អំណាច​ទៅ​ហើយ ​ចង្អុល​ពី​នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ ​អ្នកណា​ហ៊ាន​ប្រឆាំង​នឹង​គាត់»។

ក៏​ប៉ុន្តែ​លោក​ សុខ ឦសាន ជា​សមាជិក​រដ្ឋសភា​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា ​ ការ​សម្រេច​របស់​តុលាការ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ ​

លោក​ សុខ ឦសាន បកស្រាយ​ប្រាប់ VOA ថា៖​«អភ័យ​ឯកសិទ្ធិ​គេ​ធានា​បាន​សិទ្ធិតំណាងរាស្ត្រ​ក្នុង​ការ​បំពេញ​ភារកិច្ច​ស្នូល​របស់​តំណាងរាស្ត្រ ​មិន​មែន​ការពារ​រហូត​ទៅ​ដល់​តំណាងរាស្ត្រ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ហើយ​ការពារ​បាន​ទេ»។

លោក ​សុខ ឦសាន មាន​ប្រសាសន៍​ថា​ លោក​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពង្រឹង និង​អនុវត្ត​ច្បាប់​ ដើម្បី​រក្សា​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​សាធារណៈ ​ហើយ​លោក​ក៏​មិន​បាន​បញ្ជា​ឲ្យ​តុលាការ​សម្រេច​យ៉ាង​ណាៗ​ដែរ។

លោក ​ជួង ជូងី ​និយាយ​ថា ​ករណី​របស់​លោក​ អ៊ុំ សំអាន ​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​ទេ ​ហើយ​សកម្មភាព​របស់​លោក ​អ៊ុំ សំអាន ​បាន​កើត​លើ​បណ្តាញ​សង្គម​យូរ​ហើយ​ ដោយ​គ្មាន​បង្ក​អសន្តិសុខ​អ្វី​ទេ។​ ដូច្នេះ​បើ​លោក​នៅ​ក្រៅ​ការ​ឃុំ​ឃាំង ​លោកមិន​អាច​បង្ក​បញ្ហា​អ្វី​ទេ។

ម៉្យាង​វិញ​ទៀត​ ​លោក​បន្ត​ថា​ បច្ចុប្បន្ន​ក៏​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​នោះ​ដែរ។ លោក ជួង ជូងី ផ្តល់​ការ​បកស្រាយ​ផ្សេង​វិញ​ថា៖​«យើង​អត់​មាន​ច្បាប់​អ៊ីនធឺណិត​ទេ ​គឺ​មាន​ក្រម​ព្រហ្មទណ្ឌ ​ដល់ពេល​មាន​រឿង​កើត​ឡើង ​ទាញ​ច្បាប់​ព្រហ្មទណ្ឌ​ យឺត​យក​មក​ដាក់។​ អាហ្នឹង​ខុស​គោលការណ៍​ច្បាប់​ហើយ! គោលការណ៍​ច្បាប់​ ​អា​ប្រហែលៗ​ អត់​មាន​ទាញ​ដាក់​ទេ។​ ត្រូវ​មាន​ច្បាប់​ឲ្យ​ចំៗ​ ទើប​ទាញ​ដាក់​បាន»។

ដីកា​របស់​តុលាការនេះ​ចេញ​ក្នុង​ថ្ងៃ​ដែល​សភា​បើក​សម័យ​ប្រជុំ ដែល​មាន​តែ​សមាជិក​គណបក្ស​កាន់​អំណាច​៦៣​នាក់ សម្រេច​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ឃុំខ្លួន​លោក អ៊ុំ សំអាន ​កាលពី​ថ្ងៃ​អង្គារ។ ​នៅ​ថ្ងៃ​នោះ​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​ខ្លាំងៗ​ថា ​លោក​នឹង​ចាប់​ខ្លួន​អ្នក​ទាំង​ឡាយ​ណា​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ។

វីដេអូ VOAសភាសម្រេចឲ្យ​អាជ្ញាធរឃុំខ្លួនលោក អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិ

លោក ហ៊ុន សែន ថ្លែង​ខ្លាំងៗ​ថា៖​«ខ្ញុំ​សូម​ប្រកាស​ដាច់​ណាត់! អ្នកណា​និយាយ​ពី​ផែនទី​ក្លែងក្លាយ​ គឺ​ត្រូវ​ចាប់​ខ្លួន​ភ្លាម ​មិន​ថា ​អ្នក​ហ្នុង​ជា​អ្នកណា​ទេ។ ​រឿង​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង។​ អ្នក​ឯង​កំពុង​ធ្វើ​បទល្មើស​ជាក់ស្តែង។​ ពេល​ដែល​គេ​ចាប់​ខ្លួន ​ page ​(ទំព័រ)​ Facebook ​អ្នក​ឯង​នៅ​កំពុង​ផ្សាយ»។

លោក អ៊ុំ សំអាន ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប ​នៅ​យប់​ថ្ងៃអាទិត្យ​ គឺ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ស.រ.អា.​មក​វិញ។ ​លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ» ​និង​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។

លោក​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា​វៀតណាម។

បច្ចុប្បន្ន​នេះ ​មាន​សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​រូប​ហើយ ​បាន​ជាប់​ឃុំឃាំង ​ក្នុង​នោះ​ក៏​មាន​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ ដែល​ជាប់​ចោទ​ក្នុង​រឿង​ផែនទី ​និង​រឿង​ព្រំដែន​កម្ពុជា ​វៀតណាម​ដូច​លោក​ អ៊ុំ សំអាន​ ដែរ៕

XS
SM
MD
LG