វ៉ាស៊ីនតោន៖ ទោះជាមេដឹកនាំគណបក្សជំទាស់មិនបានទទួលជោគជ័យក្នុងការចុះឈ្មោះបោះឆ្នោតនិងចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្តីក្រុមអ្នកវិភាគបានអះអាងថា ដំណោះស្រាយនយោបាយសម្រាប់បញ្ហាភាពស្របច្បាប់នៃការបោះឆ្នោតនេះទំនងជាអាចកើតមាន ក្រោយពេលបោះឆ្នោត។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកសុខ ខេមរានៃវីអូអេ រាយការណ៍ថា លទ្ធផលបោះឆ្នោតនឹងក្លាយជារឿងសំខាន់ក្នុងការជជែកគ្នារបស់អ្នកនយោបាយ។
មេដឹកនាំគណបក្សជំទាស់បានធ្វើកិច្ចការតាមផ្លូវច្បាប់ក្នុងកិច្ចព្យាយាមឲ្យមានឈ្មោះបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបេក្ខជនដើម្បីធ្វើឲ្យការបោះឆ្នោតជាតិនីតិកាលទី៥នេះទទួលបានភាពស្របច្បាប់ ឬទទួលស្គាល់ជាអន្តរជាតិ។ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំគណបក្សជំទាស់ត្រូវបានច្រានចោលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងដោយក្រុមប្រឹក្សាធម្មនុញ្ញក្តី ក៏ក្រុមអ្នកវិភាគខ្លះបានអះអាងថា បញ្ហាភាពស្របច្បាប់នៃការបោះឆ្នោត ឬក៏ភាពមិនច្បាស់លាស់នៃតួនាទីរបស់លោកសម រង្ស៉ីទំនងជាត្រូវលើកទៅចរចាគ្នានៅពេលលទ្ធផលនៃការបោះឆ្នោតបានប្រកាសចេញ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតគឺនិចហ្វិច បានអះអាងប្រាប់វីអូអេថា៖ «ខ្ញុំជឿថា សម្រាប់អ្នកនយោបាយអាចនឹងមានការព្យាយាមនៅមុនការបោះឆ្នោត ប្រសិនបើអាចទៅរួច។ ប៉ុន្តែបើទៅមិនរួចទេ ប្រហែលជាអាចនឹងមានការព្យាយាម ក្រោយការបោះឆ្នោត ពីព្រោះលទ្ធផលបោះឆ្នោតក៏អាចជាទម្ងន់សម្រាប់ការចរចានៃភាគីណាមួយដែរ»។
ក្រុមមេដឹកនាំគណបក្សទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងលោកសម រង្ស៉ីបានប្រើភាសាស្រដៀងគ្នា ក្រោយពេលលោកសម រង្ស៉ីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ការលើកលែងទោសនេះត្រូវស្នើដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងអ្វីមួយដែលមេដឹកនាំប្រជែងនយោបាយទាំងពីរបានអះអាងថា ជាស្មារតីការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងប្រជាធិបតេយ្យជាដើម។
លោកពុទ្ធា ហង្សបានចាត់ទុកថា នេះជាភាសាដែលគួរតែបើកផ្លូវឲ្យមានការចរចាស៊ីជម្រៅដើម្បីឲ្យលោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ បានឈរឈ្មោះបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកនិយាយថា៖ «ខ្ញុំថា នាយករដ្ឋមន្ត្រី លោកបានបង្ហើបនិងប្រើពាក្យថា បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ។ អញ្ចឹងខ្ញុំគិតថា គំនិតនេះគឺជាការបើកផ្លូវមួយហើយ។ អញ្ចឹង ប្រសិនបើគណបក្សនយោបាយខ្មែរហ្នឹងអាចធ្វើការចរចាគ្នាបានដើម្បីឈានទៅរកដំណោះស្រាយដើម្បីឈានទៅរកការអភិវឌ្ឍជាតិឲ្យមានភាពកាន់តែជឿនលឿននោះ វាគឺជារឿងល្អប្រសើរសម្រាប់សង្គមប្រជាធិបតេយ្យនៅកម្ពុជា»។
លោកសុខ ទូច អ្នកវិភាគនយោបាយ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានថ្លែងថា ការមិនជួបចរចាក៏ជាតាកតិចនយោបាយរបស់លោកសម រង្ស៉ីដើម្បីកាត់បន្ថយការភ័នច្រឡំពីអ្នកគាំទ្រដែរ។
លោកនិយាយថា៖ «អញ្ចឹងផ្លូវនយោបាយ បើសិនជាឯកឧត្តមសម រង្ស៉ីទៅចរចាក្រោមតុ ឬក្រោយវាំងនន នឹងធ្វើឲ្យបាត់បង់ជំនឿទៅលើឯកឧត្តមសម រង្ស៉ី។ ប៉ុន្តែបើសិនជាឯកឧត្តមសម រង្ស៉ីមិនបានធ្វើវិញ ខ្ញុំជឿថា គ្មានអ្វីប្រែប្រួលទេ។ អ្នកគាំទ្រ នៅតែគាំទ្រដដែល ហើយថែមទាំងមានគេអាណិតអាសូរ ព្រោះគាត់ជាតួដែលគេធ្វើបាប»។
លោកសុខ ទូចបានប្រៀបប្រដូចលោកសម រង្ស៉ីទៅនឹងតួអង្គក្នុងរឿងព្រេងខ្មែរ ជាច្រើនដែលពលរដ្ឋតែងតែអាណិតដល់តួឯកជាជាងតួយក្ស។ លោកសុខ ទូចបានអះអាងថា កម្ពុជាមិនគួរបាត់បង់ភាពស្របច្បាប់ និងក្លាយជាភូមាទី២ ដោយសារតែការប៉ុនប៉ងរារាំងមេដឹកនាំប្រឆាំងមិនឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខដោយស្មើភាពគ្នា ហើយនឹងបញ្ហាមិនឲ្យក្រុមប្រឆាំងកាន់កាប់រដ្ឋាភិបាល ពេលមានជ័យជំនះកាលពីការបោះឆ្នោតនៅដើមទសវត្សរ៍១៩៩០នោះទេ។
លោកនិយាយថា៖ «បើសិនជាឯកឧត្តមសម រង្ស៉ី គាត់ចង់ចរចាណាមួយនៅក្នុងផ្នែកនយោបាយ ត្រូវមានការដោះដូរ។ តែបើគាត់អត់ចរចាគាត់បានបំពេញគតិយុត្ត អញ្ចឹងមានន័យថា អ្នកនយោបាយ ទោះជាគ្មានផ្លូវណាចេញក៏អត់មានបញ្ហាដែរ។ តែអ្វីដែលជាអ្នកទទួលបរាជ័យ មានបីអ្នកបរាជ័យគឺទី១ ផ្លូវច្បាប់នៅកម្ពុជា។ ទី២ រាជវាំង។ ទី៣ គឺប្រជាជនខ្មែរដែលជាអ្នកបរាជ័យ»។
ក្រុមអ្នកវិភាគនិងមន្ត្រីគណបក្សនយោបាយរំពឹងយ៉ាងខ្លាំងថា លោកសម រង្ស៉ីអាចមានលទ្ធភាពចុះឈ្មោះនិងចូលរួមឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ តាមសេនារិយោផ្សេងៗ ក្រោយពីវិលមកដល់កម្ពុជាវិញបើមានការសម្រុះសម្រួលនយោបាយមុនការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ។ តែក្តីរំពឹងក្នុងការបំពេញភាពស្របច្បាប់នោះត្រូវថមថយទៅវិញ ដោយសារការប្រឹងប្រែងតាមផ្លូវច្បាប់មិនបានទទួលជោគជ័យ ហើយគ្មានការចរចាគ្នារវាងក្រុមមេដឹកនាំនយោបាយទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យដែលកោតសរសើរអាជ្ញាធរចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតនោះ បានអះអាងថា ការចរចាពេលនេះមិនមែនជាការចាំបាច់ទេ។
លោកពន្យល់ថា៖ «កាលៈទេសៈ ដូចជាមិនមានតម្រូវការចាំបាច់ឲ្យមានការជួបគ្នា នៅពេលដែលគណបក្សទាំងឡាយប្រកួតប្រជែងគ្នាហ្នឹងទេ។ ម្នាក់ៗខំប្រឹងរៀងៗខ្លួន។ ថ្វីត្បិតតែមានស្មារតីបង្រួបបង្រួមជាតិក៏ដោយ ក៏នៅតែមានការប្រកួតប្រជែងគ្នាអញ្ចឹង»។
ក្រុមអ្នកវិភាគបានអះអាងថា គណបក្សធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ អាចមានការចរចាគ្នាច្រើនដើម្បីដឹកនាំប្រទេស បើគណបក្សទាំងពីរនេះមិនអាចឈ្នះសំឡេងច្រើនដាច់ខាត ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានក្រោយការបោះឆ្នោត។
កម្ពុជាកំពុងស្ថិតនៅក្នុងភាពប្រថុយប្រថាននឹងការកាត់ជំនួយរបស់ស.រ.អា. និងការមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនិងភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី ប្រសិនបើការបោះឆ្នោតនេះត្រូវគេចាត់ទុកថា គ្មានលក្ខណៈសេរី យុត្តិធម៌ ដែលអាចទទួលយកបាន៕