ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​បាន​បដិសេធ​មិន​ចុះ​បញ្ជី​បេក្ខជន​លោក​សម​ រង្ស៊ី ​​ដោយ​សំអាង​ថា​ពុំ​មាន​ច្បាប់​ជា​មូលដ្ឋាន


Supermoon terbit di balik sebuah pohon di Brasilia, 10 Agustus 2014.
Supermoon terbit di balik sebuah pohon di Brasilia, 10 Agustus 2014.
គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បដិសេធ​ការ​ចុះ​បញ្ជី​បេក្ខជន​ដល់​លោក​សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​សំអាង​ថា​ ពុំ​មាន​ច្បាប់​ជា​មូលដ្ឋាន។​

ការ​សម្រេច​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​សម​ រង្ស៊ី​ដាក់​សំណើសុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ​ទៅ​កាន់​ គ.ជ.ប.។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក​អ៊ឹម​ សួស្តី ​ប្រធាន​គ.ជ.ប.​ បាន​ពន្យល់​ដល់​លោក​សម ​រង្ស៊ី​ថា ​គ.ជ.ប.​មិន​អាច​ដាក់​ឈ្មោះ​លោក​ចូល​ក្នុង​បញ្ជី​ទាំង​ពីរ​បាន​ទេ ដោយសារ​តែ​រយៈ​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​ផ្តល់​សុពល​ភាព​លើ​បញ្ជី​បោះ​ឆ្នោត​បាន​បញ្ចប់​រួច​រាល់​ហើយ។ ​មួយ​វិញទៀត ​លោក​អ៊ឹម ​សួស្តី​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ លោក​សម​ រង្ស៊ី​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​នៃ​គណបក្សសង្គ្រោះ​ជាតិ​នោះ​ទេ។​

លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​ គ.ជ.ប.​ បាន​ប្រាប់​អ្នក​កាសែត​ ក្រោយពី​កិច្ច​ប្រជុំ​សម្រេច​លើ​សំណើរបស់​លោក​សម រង្ស៊ី​ថា ​ច្បាប់​បោះឆ្នោត​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«ដូចយើង​បាន​ដឹង​ហើយ ​ការ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​គឺ​យើង​បាន​ធ្វើ​ហើយ។ ​ហើយ​បញ្ជី​បោះឆ្នោត​ដែល​ផ្តល់​សុពល​ភាព​ហើយ​មិន​អាចកែ​ប្រែ​បាន​ទេ»។​

លោក​សម​ រង្ស៊ី​បាន​ដាក់​សំណើទៅ​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាង រាស្ដ្រ​ប្រចាំ​ខេត្ត​កណ្តាល។​

លោក​ទេព ​នីថា ​បញ្ជាក់​ថា​លោក​សម ​រង្ស៊ី​នៅ​សល់​ផ្លូវ​តែ​មួយ​គត់​គឺ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឡើង​វិញ​ ពីព្រោះ​ថា​ បើ​តាម​ច្បាប់​បោះឆ្នោត​ដើម្បី​ឈរ​ជា​បេក្ខជន​តំណាងរាស្ដ្រ​បាន​លុះណា​តែ​បេក្ខជន​រូប​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​មុន​សិន។ ​ហើយ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​វិញ​នៅ​ខែ​តុលា​ខាង​មុខ។​

លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ប្រសាសន៍​ថា​គណ​បក្ស​នេះនឹង​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​ហេង ​សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ​ ដើម្បី​ឲ្យ​លោក​ហេង​ សំរិន​បញ្ជាក់​ និង​ទទួល​ស្គាល់​ថា​ លោក​សម ​រង្ស៊ី​ជា​តំណាង​រាស្ដ្រ​ស្រប​ច្បាប់​ ក្រោយពី​ការ​លើកលែង​ទោស។ ​ដោយសារ​ការ​ទទួល​ស្គាល់​នេះ​នឹងជួយ​ផ្តល់​សុពលភាព​បេក្ខជន​តំណាងរាស្ដ្រ​របស់​លោក​សម រង្ស៊ី ជា​ស្វ័យ​ប្រវត្តិ។​

លោក​និយាយ​ថា៖​ «ស្អែក​នេះ​គណបក្ស​នឹង​សរសេរ​លិខិត​ទៅ​ប្រធាន​រដ្ឋសភា​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ ពីព្រោះ​ឲ្យ​សភា​បញ្ជាក់​ថា​ គាត់​ជា​តំណាងរាស្ដ្រ​វិញ​ហើយ​ ពីព្រោះ​ទោស​ទណ្ឌ​ត្រូវ​បាន​ជំរះ​ដោយ​ព្រះមហា​ក្សត្រ​រួច​ហើយ។​ មាន​ន័យ​ថា​ ត្រូវ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី ​ត្រូវ​តែ​ឈរ​ជា​បេក្ខជន ​ហើយ​បើ​បញ្ហា​នឹង​ដោះ​ស្រាយ​មិន​ចេញ​ទេ​ ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​សេចក្តី​សម្រេច​ចុះ»។​

លោក​សម ​រង្ស៊ី​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ​និង​ត្រូ​វដក​ហូត​សិទ្ធិ​ជា​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ដ្រ​ ដោយសារ​លោក​ជាប់​ពិរុទ្ធ​ពី​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា ​វៀត​ណាម​ និង​ពី​ប​ទក្លែង​ឯកសារ។​ ហើយ​លោក​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០០៩​មក​ម្ល៉េះ​មុន​នឹង​អាច​វិល​ចូល​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​សុក្រទី​១៩​ខែ​កក្កដា​ ដោយ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ។​

លោក​បណ្ឌិត​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រិត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោតដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅថា​ និកហ្វិក ​មាន​ប្រសាសន៍​ថា​ គណបក្ស​ជំទាស់​នឹង​មិនអស់​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​គ.ជ.ប.​នៅ​ល្ងាច​នេះ​នោះ​ទេ។​

លោក​ហង្ស​ ពុទ្ធា​ទទួល​ស្គាល់​ថា​ ច្បាប់​បាន​រារាំង​ការ​ចុះ​បញ្ជី​ឈ្មោះ ​និង​បញ្ជី​បេក្ខជន​លោក​សម​ រង្ស៊ី​នៅ​ពេល​នេះ ​ក៏​ប៉ុន្តែ​មាន​តែ​ផ្លូវ​នយោបាយ​តែ​មួយ​គត់​ដែល​នឹង​នាំ​ទៅ​រក​ដំណោះ​ស្រាយ​បាន៕​
XS
SM
MD
LG