ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី អំពាវនាវ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​បើ​គ្មាន​សង្គ្រោះ​ជាតិ​តែ​គ.ជ.ប​ថា​ខុស​ច្បាប់


រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នាំ​​​គ្នា​ទៅ​​បោះឆ្នោត​ នៅ​​ឃុំ​​សំរោងក្នុង​ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ (VOA)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នាំ​​​គ្នា​ទៅ​​បោះឆ្នោត​ នៅ​​ឃុំ​​សំរោងក្នុង​ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ (VOA)

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ ​គ.ជ.ប​ ​ចេញ​នៅ​ថ្ងៃច័ន្ទនេះ​ ​គ.ជ.ប​ ​បាន​អំពាវ​នាវ​​ដល់​បុគ្គល​ទាំងនោះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ខុស​ពី​គន្លង​ច្បាប់​ ​និង​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។​

លោក សម រង្ស៊ី អ្នក​ដឹកនាំ​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ ​ធ្វើ​ពហិការ​កុំ​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នៅ​ពេល​ខាងមុខ​ ​ប្រសិន​បើ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ។​ ​កា​រអំពាវនាវ​ដូច្នោះ​ ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ទាត់​ចោល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ដោយ​ចាត់​ទុកថា​ជា​អំពើ​ញុះញុង​ ​ខុស​នឹង​ច្បាប់។​

លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​បាន​បង្ហោះ​សារ​លើទំព័រ​ ​Facebook របស់​លោក​ ​ដោយ​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​កុំឲ្យ​ទៅ​បោះឆ្នោត​ ​នា​ចុងខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ ប្រសិន​បើ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម។​ ​លោក​ ​ក៏​បានអំពាវ​នាវ​ដល់​អ្នក​សង្កេត​ការណ៍​ទាំងជាតិ​ ​និង​អន្តរជាតិ​ ​កុំឲ្យ​ទៅ​ចូលរួម​សង្កេត​ការណ៍​ ​ដោយ​ថា​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នោះ​ ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។​

លោក​ ​សម រង្ស៊ី​ ​ដែល​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​សរសេរ​ក្នុងន័យ​ដើម​ថា៖​

«សូម​បងប្អូន​ជនរួម​ជាតិ​ ​និង​ក្មួយៗ​ដែល​ស្រលាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ កុំ​ទៅ​បោះឆ្នោត​ឲ្យ​សោះ នៅថ្ងៃ២៩ កក្កដា ២០១៨ នេះ​ ​បើ​មិនមាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​សន្លឹក​ឆ្នោត​ទេ។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ផង​ដែរ កុំ​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ទៅ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​បែប​នេះ​ឲ្យ​សោះ ពីព្រោះ​វា​ជា​ការបោះឆ្នោត​ក្លែងក្លាយ​ ​រៀបចំ​ឡើង​គ្រាន់តែ​ដើម្បី​ឲ្យ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ឈ្នះ​យ៉ាង​ងាយ​ ​ដោយ​បំបាត់​គូ​ប្រកួត​ពិតប្រាកដ​តែមួយ​គត់​ ​គឺ​គណបក្ស​សង្គ្រោះជាតិ»។​

មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​បង្ហោះ​សារ​យ៉ាងដូច្នេះ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ ​(គ.ជ.ប)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ធ្វើ​ប្រតិកម្ម​ភា្លមៗដោយ​មិន​ចំ​ឈ្មោះ​ ​តប​ទៅ​នឹង​ការ​អំពាវនាវ​នោះ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ ​គ.ជ.ប​ ​ចេញ​នៅ​ថ្ងៃច័ន្ទនេះ​ ​បាន​លើក​ឡើង​ពីមាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​និងច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​ដោយ​និយាយ​អំពី​ការ​ផាក​ពិន័យលើ​ជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ណាដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ត្រូវ​បាន​សរសេរ​យោងតាម​មាត្រា​១៤២​ ​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្រ្តក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​ផាក​ពិន័យ​ជាប្រាក់ពី៥,០០០,០០០​ ​(ប្រាំលានរៀល)​ ​ទៅ​២០,០០០,០០០​ ​(ម្ភៃលានរៀល)​ ​ដោយ​ ​គ.ជ.ប ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត៖​ ​រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត។ ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ​នាំឲ្យបាត់ទំនុក​ចិត្ត​លើការ​បោះឆ្នោត។ បង្ក​ការរំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​បាន»។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ ​គ.ជ.ប​ ​បាន​អំពាវ​នាវដល់​បុគ្គល​ទាំងនោះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ខុស​ពី​គន្លង​ច្បាប់​ ​និង​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។​

លោក​ ​ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​ គ.ជ.ប​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​យោង​តាម​ទិដ្ឋភាព​ច្បាប់ ទិដ្ឋភាព​នយោបាយ​ ​និង​ស្ថានភាព​ប្រទេស​កម្ពុជា​ ​មិនមាន​ការ​ប្រកាស​ណាមួយ​មិនឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ទេ។​ លោក​បន្ថែម​ថា​ ​ការ​ប្រកាស​អំពាវនាវ​ ​ឬ​ញុះញង់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​ គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់។​

លោក​ ​ហង្ស ពុទ្ធា​ ​បន្ថែមថា​ ​ការ​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​ទាំងនោះ គឺជា​ជំហាន​ទីមួយ​ដែល​ គ.ជ.ប ធ្វើឡើង ដោយ​លោក​ថា ប្រសិន​បើ​សកម្មភាព​ទាំង​នោះ​នៅ​តែបន្ត​នោះ​ការ​ចាត់​វិធាន​ការតាម​នីតិវិធី​ច្បាប់ នឹង​កើត​មាន។

លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​ជា​ជំហាន​ទី១​ ​ដែល​ ​គ.ជ.ប​ ​មាន​ការ​ក្រើន​រំឮក​ ​ប៉ុន្តែ​បើសិន​ជា​បុគ្គល ឬ​ក៏​ក្រុម​នោះ​ឯង​មិន​បញ្ឈប់​នូវ​សកម្មភាព​ញុះញង់របស់​ខ្លួន​នោះ​ទេ​ នោះខ្លួន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។​ ​យើង​ចាំ​ពិនិត្យ​ទិដ្ឋភាព​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត​ ថា​តើ​កម្រិត​ហ្នឹង​ជា​កម្រិត​យ៉ាងម៉េច?​ ​ឧទាហរណ៍ថា​ការ​បញ្ចេញ​មតិ​ជារឿង​មួយ​ ​ប៉ុន្តែ​ការ​លើក​ឡើង​នូវ​សេចក្តី​អំពាវនាវ​ ​នោះ​ជា​ការ​កណ្ឌ​គៀរ​ ​ជា​ការ​ញុះញង់​ដល់​ប្រជាពលរដ្ឋ​ ​មើល​ស្រាល​ដល់​ប្រជាពលរដ្ឋ​ ​ដែល​លោក​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង»។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាចជាង​៣​ទសវត្សរ៍​ មក​ហើយនោះ​ ​បាន​ប្រកាស​ជា​ញឹកញាប់​ថា​ ​ការបោះឆ្នោត​នឹង​នៅតែ​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោង​ទុក​ បើ​ទោះ​បីមិនមាន​អ្នក​សង្កេត​ការណ៍​ ​មិនមានគណបក្ស​ប្រឆាំង​ចូលរួម​ ​ឬ​មិនមានការ​ទទួល​ស្គាល់​ក្រុម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ធំៗមួយចំនួន​ក៏​ដោយ។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ប្រាប់​ ​VOA​ ​ថា​ ​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី​ ​ជា​ការ​អំពាវនាវ​ដែល​ឥត​ប្រយោជន៍។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា យ៉ាងហោច​ណាស់​មាន​ពល​រដ្ឋ​ជាង​៦០ ​ទៅ​៧០​ភាគរយ​ ​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។​

លោក​បញ្ជាក់​ថា៖​

«វា​គ្មាន​នរណា​គេ​ឆ្កួត​ធ្វើ​តាម​គាត់​ទេ។​ ​បើ​គាត់​ឆ្កួត​ឲ្យ​ឆ្កួត​តែ​គាត់​ទៅ​ ​ដើរ​វង្វេង​នៅ​លើ​ពិភព​លោក​ហ្នឹង​ទៅ ​នៅ​ឯ​នាយ​សមុទ្រ​ហ្នឹងទៅ​ ​ប្រជាជន​មិន​វង្វេងជាមួយ​គាត់​ទេ។​ ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​មាន​បញ្ជី​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ហើយ​នឹង​ ​មាន​ជាង​៨៤​ភាគរយ​ ​នៃ​ចំនួន​ ​១០​លាននាក់។​ ​ខ្ញុំ​ជឿជាក់​ថា​ ​យ៉ាង​ហោច​បំផុត​ក៏ប្រជាពលរដ្ឋ​លើស​ពី៦០​ ​ទៅ៧០​ភាគ​រយ​ដែរ​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ករណីយកិច្ច​ជា​ប្រជាពលរដ្ឋ»។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ក្រោម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ក្រោយ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​គេ​ឃើញសហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ផ្តាច់​ជំនួយ​លើការ​បោះឆ្នោត​នៅ​កម្ពុជា។​ ​ជាង​នេះទៅ​ទៀត​ ​ក្រុម​ប្រទេស​៤៥​នៃ​សមាជិក​អង្គការ​សហប្រជាជាតិកន្លង​មក​ធ្លាប់​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ក្តី​បារម្ភ​ ​និង​ ​រិះគន់រដ្ឋាភិបាល​លោក​ហ៊ុន​សែន​ ​ចំៗ​ ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ផងដែរ។​ ​ក្នុងកិច្ចប្រជុំដែលធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ​២១​ខែ​មីនាឆ្នាំ​២០១៨​ ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ ​ចំនួន​ ​៤៥​រួម​ទាំង​អូស្ត្រាលី ​សហរដ្ឋ​អាមេរិក​ ​និង​អង់គ្លេស​ជាដើម​ ​បានទាមទា​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​រួម​ការ​បោះឆ្នោត​ពេល​ខាង​មុខ​ ​និង​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នូវ​អ្នក​ទោស​នយោបាយ​ទំាងឡាយ។​

លោក​ ​អ៊ា សុផល​ ​សាស្រ្តាចារ្យ​ផ្នែក​កិច្ចការទូត​ ​និង​កិច្ចការ​ពិភព​លោក​នៃ​មហា​វិទ្យា​ល័យ​ ​Occidental​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​និង​ជាអ្នកវិភាគ​គោល​នយោបាយ​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ថា​ ​ជាការ​ធម្មតា​ប៉ុណ្ណោះ​ដែលលោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ​ ​អំពាវ​នាវមិនឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ ​ក្រោយ​គណបក្ស​ប្រឆាំងដ៏​ធំមួយនេះត្រូវ​បានរំលាយ​ ​ហើយ​លោក​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​នឹង​ធ្វើ​ដូចគ្នា​ ​ប្រសិន​បើ​ស្ថានភាព​មួយនេះ​ធ្លាក់​លើ​ពួក​គេ។​ ​លោក​បន្ថែម​ថា​ ​ជម្រើស​មួយ​ទៀតរបស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ដើម្បី​អាច​ចូលរួម​បោះឆ្នោត​បាន​ ​គឺ​ត្រូវ​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្សណាមួយ​ដែល​ជា​គណបក្ស​សម្ព័ន្ធ​របស់​ពួក​គេ។​

លោក​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ជម្រើស​មួយ​ទៀត​សម្រាប់​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​គឺ​ប្រាប់​អ្នក​បោះឆ្នោត​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន (អតីត​គណបក្ស​សមរង្ស៊ី) ឬ​គណ​បក្ស​សិទ្ធិ​មនុស្ស ឬ​ភាគី​ទីបី​ ​(គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ឬ​មិនមែន​ណាមួយ​នៃ​គណបក្ស​ទាំង​នេះ)»។​

បើតាម​ ​គ.ជ.ប​ ​ប្រជា​ពល​រដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ចំនួន​ជិត​៨លាន​៤​សែន​នាក់​ (៨,៣៨០,២១៧នាក់)​ ​ស្មើនឹង​៨៤,៨​ភាគរយ​ ​នៃ​ចំនួន​ប្រជាព​ល​រដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​សរុប​ជិត​១០​លាន​នាក់​ ​(៩,៨៨២,៧៤៦នាក់)។​

រហូតមក​ដល់​ពេល​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើការ​ពាក់ព័ន្ធនឹង​ការ​បោះឆ្នោតមួយ​ចំនួន​ធំ​នៅ​កម្ពុជា​មិនទាន់​ប្រាកដ​ថា​ ​ពួកគេ​នឹងចូលរួម​សង្កេតការណ៍​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ ​នាខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ​ ​នៅ​ឡើយនោះ​ទេ។​

លោក​ ​កន សាវ៉ាង្ស​ ​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ​រាល់​ការ​អំពាវនាវ​ណាមួយ​ត្រូវ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ ​និង​គោលការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ។​

លោក​ ​កន សាវ៉ាង្ស​ ​បន្ថែម​ថា ​ខុមហ្វ្រែល​ជា​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ដែល​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ និង​ថា ខុមហ្វ្រែលនឹង​ប្រកាស​ពី​ការ​សម្រេច​ថា​ត្រូវ​ទៅ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ ឬអត់ នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ ដោយត្រូវរងចាំ​មើល​ស្ថានភាពនយោបាយ និង​ធនធាន​របស់អង្គនេះជាមុន។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា ​អ្នក​នយោបាយ​ទាំងអស់​នឹង​អាច​មាន​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី ជជែក​គ្នា​ដោយ​មាន​ដំណោះស្រាយ​មួយ​ដើម្បី​ឲ្យ​ដំណើរ​ការ​នៃស្ថានភាព​របស់យើងបានល្អ​ ​ចូលរួម​ដោយ​សេរី យើងនៅ​តែគាំទ្រការ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​គណបក្ស​នយោបាយ។​ ​ហើយ​ចំណុច​ទី៣នោះ​យើង​ផ្អែក​ទៅ​លើ​ធនធាន​ដែរ​ ​បើសិន​ជា​ធនធាន​យើង​គ្រប់​គ្រាន់ ​បូករួម​ជាមួយហ្នឹង​ស្ថានភាព​នយោបាយ​ ​ឬក៏​គោលការណ៍​នៃ​ការ​ចូលរួម​មុខងារត្រឹមត្រូវ​ ​អាហ្នឹង​យើង​នឹង​ឆ្លើយ​តបនា​ពេល​ខាងមុខ»។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ទៀត​របស់​ ​គ.ជ.ប​ ​ចេញ​កាល​ពី​ថ្ងៃសៅរ៍​ ​បញ្ជាក់​ថា ​គ.ជ.ប ប្រកាស​ជា​ផ្លូវ​ការ​ ​ដោយ​កំណត់​យកថ្ងៃ២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ជា​ថ្ងៃ​បោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​ ​អាណត្តិទី៦​ ​ដោយ​មាន​អាសនៈ​ចំនួន​១២៥​ ​នៅ​ទូទាំង​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG