មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំៗថា មេដឹកនាំកម្ពុជារូបនេះកំពុងរៀបចំបង្កើតឲ្យមានរបបនយោបាយបន្តវេនក្នុងក្រុមគ្រួសាររបស់លោកតាមការប្រកាសគម្រោងស្នើធ្វើច្បាប់កំណត់អាយុឲ្យចូលនិវត្តន៍សម្រាប់តំណែងនាយករដ្ឋមន្រ្តី។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីកាលពីថ្ងៃពុធ លោក ហ៊ុន សែន បានលើកឡើងថានៅពេលលោកចាកចេញពីតំណែងលោកនឹងស្នើឲ្យមានការតាក់តែងច្បាប់កំណត់អាយុដែលត្រូវចូលនិវត្តន៍ក្នុងតំណែងនាយករដ្ឋមន្ត្រីនៅអាយុត្រឹម៧០ឆ្នាំនិងថាលោកក៏ក្លាយជាឪពុកនាយករដ្ឋមន្ត្រីនិងជីតានាយករដ្ឋមន្ត្រីនៅពេលអនាគតផងដែរ។
ការប្រកាសរបស់លោក ហ៊ុន សែន ឱ្យមានការកំណត់អាយុចូលនិវត្តន៍សម្រាប់តួនាទីជានាយករដ្ឋមន្ត្រីនោះស្របទៅតាមការចង់បានរបស់លោក សម រង្ស៊ី ដែលកាលពីខែតុលាឆ្នាំ២០២១នេះ បានស្នើឲ្យមានការបង្កើតច្បាប់ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ចូលនិវត្តន៍ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ។
ប៉ុន្តែនៅក្រោយការបញ្ជាក់របស់លោក ហ៊ុន សែន ទាក់ទិនអាយុចូលនិវត្តន៍សម្រាប់អ្នកកាន់នាយករដ្ឋមន្ត្រីនោះលោក សម រង្ស៊ី បានបកស្រាយថាគឺជាការ«បញ្ជាក់ពីគោលបំណងនៅក្នុងការបង្កើតនូវរបបនយោបាយបែបទាយាទនិយម»។
លោក សម រង្ស៊ី លើកឡើងថាលោក ហ៊ុន សែន និយាយមិនត្រឹមត្រូវថាលោកមានអាយុ៧៣ឆ្នាំនៅពេលប្រកាសពីការកំណត់អាយុចូលនិវត្តន៍សម្រាប់តំណែងនាយករដ្ឋមន្ត្រីនោះតែតាមការពិតលោកមានអាយុត្រឹម៧២ឆ្នាំប៉ុណ្ណោះ។ នេះបើតាមសាររបស់លោក សម រង្ស៊ី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីយប់ថ្ងៃពុធ។
សាររបស់លោក សម រង្ស៊ី ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃពុធបានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«ការណ៍នេះបង្ហាញកាន់តែច្បាស់ថា មេដឹកនាំផ្តាច់ការអាយុកាន់តែជ្រេដូចលោក ហ៊ុន សែន ដែលមានឈាមប្រឡាក់នៅដៃ មានប្រវត្តិយូរអង្វែងនៃអំពើផ្តាច់ការដ៏ហិង្សាអាទិភាពនិងភាពងប់ងល់ចម្បងគឺធានានូវនិទណ្ឌភាពពីចំណាត់ការផ្លូវច្បាប់។ និទណ្ឌភាពនេះអាចត្រូវបានធានាបានដោយអំណាចផ្តាច់ការតែប៉ុណ្ណោះមិនថា ដោយលោក ហ៊ុន សែន កូនរបស់គាត់ ឬចៅរបស់គាត់នោះទេ»។
ក្នុងបញ្ហាកំណត់អាយុចូលនិវត្តន៍សម្រាប់តំណែងដឹកនាំរដ្ឋាភិបាលដែលភ្ជាប់នឹងការព្យាយាមរបស់លោកហ៊ុន សែនក្នុងការបង្កើតរបបនយោបាយទាយាទនិយមនោះលោកសម រង្ស៊ីបានពន្យល់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញយ៉ាងច្បាស់ថា លោកគឺជាហានិភ័យដ៏ធំនៃការផ្លាស់ប្តូរអំណាចដឹកនាំនៅកម្ពុជាបន្ទាប់ពីលោកហ៊ុនសែននិយាយកែប្រែចុះឡើងកំណត់អាយុចូលនិវត្តន៍សម្រាប់នាយករដ្ឋមន្រ្តីដែលគួរតែស្ថិតនៅរវាង៧០និង៧២ឆ្នាំខណៈលោកមានអាយុ ៧៣ឆ្នាំទៅហើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រាប់ក្រុមមន្ត្រីយោធានិងនគរបាលជាន់ខ្ពស់កម្ពុជាថា នៅក្រោយការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ លោកនឹងមានអាយុត្រឹម៧១ឆ្នាំ ខណៈអ្នកស្នើសុំកំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្ត្រីដែលលោកសំដៅលើលោកសម រង្ស៊ីនឹងមានអាយុ៧៣ឆ្នាំ។
ក្នុងពិធីដដែលនោះលោក ហ៊ុន សែន បានចំអកដល់អ្នកដែលចង់បានតំណែងនាយករដ្ឋមន្ត្រីថាត្រូវប្រជែងជាមួយចៅប្រុសរបស់លោកសិនផងដែរប្រសិនបើកូនប្រុសច្បងរបស់លោកបានឡើងកាន់អំណាចនោះ។
លោកបណ្ឌិតអៀ សុផល អ្នកតាមដាននយោបាយនិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State បានប្រាប់វីអូអេតាមសារអ៊ីមែលមួយនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមកូនអ្នកដឹកនាំមិនគួរណាកេងចំណេញលើគូប្រជែងខ្លួនដោយសារតែឥទ្ធិពលរបស់ឪពុកទេ ហើយការបង្កើតឲ្យមានទាយាទបន្តវេននោះក៏មិនគួរជារឿងអាទិភាពសម្រាប់ប្រទេសជាតិផងដែរ។
លោកបានផ្តល់ការអត្ថាធិប្បាយជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាថា៖«មានគំរូនៃការផ្ទេរអំណាចឆ្លងជំនាន់ដូចនេះពីមុនមកផងដែរគឺ ទាយាទគ្រួសារត្រកូលគីមនៅប្រទេសកូរ៉េខាងជើងដែលមានដូចជា លោក គីម អ៊ីលសុង លោក គីម ជុងអ៊ីលនិងលោក គីម ជុងអ៊ុន។ តែទាយាទបន្តវេនមិនគួរមានអាទិភាពពិសេសនោះទេ»។
ដោយឡែកលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងជាស្ថាបនិកគណបក្ស «កែទម្រង់កម្ពុជា» ប្រាប់វីអូអេថាការបន្តវេនអំណាចក្នុងត្រកូលរបស់គ្រួសារណាមួយមិនអាចស្ថិតនៅបានយូរទេបើក្រឡេកទៅមើលការដួលរលំនៃរបបសន្តតិវង្សឬត្រកូលក្សត្រកាលពីអតីតកាល។
លោកបានថ្លែងថា៖ «ម្យ៉ាងឲ្យតែយើងនៅប្រកាន់របបប្រជាធិបតេយ្យហើយនៅតែធ្វើការជាមួយប្រទេសផ្សេងៗ សហការជាមួយប្រទេសផ្សេងៗក្នុងពិភពលោកហ្នឹង ខ្ញុំជឿថា នឹងមានការប្រែប្រួលហើយមិនអាចទៅក្តោបក្តាប់អំណាចដោយវង្សត្រកូលតែមួយហ្នឹងរហូតបានទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានបានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោកចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រាន់តែជាវោហាសាស្រ្តនយោបាយមួយខណៈនាពេលបច្ចុប្បន្នសាធារណៈជនបានផ្តោតការចាប់អារម្មណ៍លើលោកហ៊ុន ម៉ាណែតដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សគ្រប់គ្រងប្រទេសតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ជាវោហោសាស្រ្តនយោបាយឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនតែប៉ុណ្ណោះ។ ខ្ញុំយល់ថា ការជាក់ស្តែងនៅមិនទាន់កើតមានឡើងទេ ចំពោះទៅអនាគតវែងឆ្ងាយទៀត។ ក៏ប៉ុន្តែយើងនិយាយត្រឹមតែបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ឯកឧត្តមហ៊ុន ម៉ាណែតតែប៉ុណ្ណោះ»។
លោកបន្ថែមថា ច្បាប់កំណត់អាយុឲ្យចូលនិវត្តន៍សម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីនោះគឺមិនមានអ្វីពាក់ព័ន្ធនឹងការកំណត់បុគ្គលណាម្នាក់ឲ្យស្នងតំណែងបន្តនោះទេ៕