ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បបួល​លោក​ សម រង្ស៊ី​ ភ្នាល់​គ្នា​រឿង​គុណភាព​សញ្ញាបត្រ​​​​​​​​​​​​​​​​​


រូប​ឯកសារ៖ លោក ​ហ៊ុន ​ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០១៨។
រូប​ឯកសារ៖ លោក ​ហ៊ុន ​ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ឆ្នាំ​២០១៨។

​«សូម​កុំចោទ​ថា​ខ្ញុំ​មិន​ស្គាល់​ចាស់​ទុំ»។ នេះ​ជា​សម្តី​ប្រតិកម្ម​ធ្ងន់ៗ​របស់​លោក ​ហ៊ុន ម៉ាណែត​ កូនប្រុស​ច្បងលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ទៅ​កាន់មេដឹក​នាំ​នយោបាយ​ជំទាស់​លោក​សម រង្ស៊ី​ដែល​បាន​ផ្តល់​ការ​អធិប្បាយ​កន្លង​មក​ជុំវិញ​កម្រិត​នៃ​គុណភាព​សញ្ញាបត្រ​របស់​ជន​ជាតិ​បរទេស​ដែល​ទៅ​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​ហៅ​កាត់​ថា ​(West Point) និង​សាលា​អន្តរជាតិ​ផ្សេង​ទៀត។​

លោក ​ហ៊ុន ​ម៉ាណែត ដែល​ទើប​តែ​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​បន្ត​វេនក្នុង​គណបក្ស​គ្រប់​គ្រង​ប្រទេសបាន​បង្ហោះ​សារប្រតិ​កម្ម​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃអង្គារ​នេះ​ដោយ​ភ្ជាប់ជា​មួយ​ខ្សែ​អាត់​វីដេអូ​ជាង​៣​នាទីដែល​គេ​ឃើញ​រូប និង​ឮ​សម្តី​របស់​លោក​សម រង្ស៊ី​និយាយ​បង្អាប់គុណ​ភាព​នៃ​សញ្ញាបត្រ​របស់​និស្សិត​បរទេស​ដែល​ទទួល​បាន​ពី​សាលា​យោធា​អាមេរិក​នោះ​ថាជា​«សញ្ញាបត្រ​កម្រិត​២»​ដែលផ្តល់​ឲ្យ​ជា​កិតិ្ត​យស​សម្រាប់​និស្សិត​នាយ​ទាហាន​បរទេស​ដែល​រៀន​ក្រោម​ស្តង់​ដា។​

បើតាម​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ហ៊ុន ម៉ាណែត​ ការថ្លែង​របស់​លោក​ សម រង្ស៊ី​ ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែ​កញ្ញា​ ឆ្នាំ​២០១៩​នៅ​ទីក្រុង​ Long Beach (ឡុងប៊ិច)​ រដ្ឋ​California (កាលីហ្វ័រញ៉ា)​ដែល​ជា​តំបន់​នា​ភាគ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក។

លោក​ ហ៊ុន ម៉ាណែត ​ដែល​មាន​ឋានន្តរសក្តិ​ជា​ឧត្តម​សេនីយ៍​ឯក​ក្នុង​ជួរ​កង​ទ័ព​ក៏​បាន​ថ្លែង​ការពារ​គុណភាព​សញ្ញាបត្ររបស់​លោក​២​ផ្សេង​ទៀត​នៅ​សាកល​វិទ្យាល័យ​ញូវយ៉ក (New York University) ដែល​លោក​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច និង​នៅ​សាកល​វិទ្យាល័យ​ប្រ៊ីសស្តុល (Bristol University) នៅ​ចក្រ​ភព​អង់​គ្លេស​ដែល​លោក​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច។

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​លោក ​សម រង្ស៊ី​ មាន​សេចក្តី​ក្លា​ហាន​ចេញ​មុខ​មក​បញ្ជាក់​ការ​ពិត​ចំពោះអ្វីដែល​មេដឹក​នាំ​នយោបាយ​ជំទាស់​រូបនេះ​បាន​ថ្លែង​នៅ​សហរដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​មើល​ស្រាល​កម្រិត​នៃ​គុណ​ភាព​សញ្ញាបត្រ​របស់​លោក​និង​ថែម​ទាំង​បបួល​លោក​ សម រង្ស៊ី​ ឲ្យ​មក​ភ្នាល់​រឿង​គុណ​ភាពសញ្ញាបត្រ​ដដែល​នោះ។

លោក​ ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ បើ​លោក​ចាញ់ លោក​សុខ​ចិត្ត​បោះ​បង់​បេក្ខភាព​ជា​នាយក​រដ្ឋ​មន្ត្រី​តែ​បើ​លោក ​សម រង្ស៊ី​ ចាញ់​វិញនោះ​លោក ​សម រង្ស៊ី​ ត្រូវ​លាឈប់​ពី​ឆាក​នយោបាយ។ នេះ​បើ​តាម​ការ​បង្ហោះសារ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​ថ្ងៃអង្គារ​នេះ។​

លោក​ ហ៊ុន ម៉ាណែត​ លើកឡើងក្នុង​ន័យ​ដើមថា៖ ​«បើ​សិន​ជា​លោក សម រង្ស៊ី អាច​ឲ្យសាលា​ទាំង​បី​នេះ​បញ្ជាក់​ថា ​ហ៊ុន ម៉ាណែត ​កាល​នៅរៀន​ទីនោះ​គឺ​គ្មាន​សមត្ថភាព ឬ​រៀន​ក្រោម​ស្តង់ដា​របស់​សាលា ហើយ​សាលា​បាន​ផ្ដល់​សញ្ញាបត្រ​ឲ្យ​ ហ៊ុន ម៉ាណែត ដែល​ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់ ខ្ញុំ​នឹង​លាលែង​ពី​បេក្ខភាព​ជា​នាយករដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន។ ផ្ទុយ​ទៅវិញ​បើ​លោក សម​ រង្ស៊ី​ មិន​អាច​ឲ្យ​សាលា​បញ្ជាក់​ជា​ផ្លូវការ​ថា​សញ្ញាបត្រ​ដែល​សាលា​ទាំង​នោះ​ផ្តល់​ឲ្យ​ ហ៊ុន ម៉ាណែត ជា​សញ្ញាបត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគ​យល់ទេ​នោះ សូម​លោក​ សម រង្ស៊ី លា​ឈប់​ពីឆាក​នយោបាយ​ចាប់​ពីពេល​នេះត​ទៅ»។

លោក ​ហ៊ុន ម៉ាណែត​ អាយុ​៤៤​ ឆ្នាំ​ដែល​ជា​សមាជិក​ក្មេង​ជាង​គេ​នៃគណៈ​អចិន្រ្តៃយ៍​ដែល​ជា​ស្ថាប័ន​កាច់​ចង្កូត​ដ៏​មាន​អានុភាព​របស់​បក្សកាន់​អំណាច​ផង​នោះ​បាន​ចំអក​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​ចាស់​វស្សា ប៉ុន្តែ​ខ្វះ​ភាពក្លា​ហាន​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ខណៈ​លេង​នយោ​បាយ​វាយ​ប្រហារជាមួយ​ឪពុក​ខ្លួន​ផង ដែល​ជា​នាយករដ្ឋមន្ត្រី​និង​បន្តមក​វាយ​ប្រហារ​លោក​ថែម​ទៀត​ដែល​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​បន្ត​វេន​ក្នុង​បក្ស​ប្រជា​ជន​កម្ពុជា។​

លោក​ ហ៊ុន ម៉ាណែត​ បាន​បន្ត​ថា៖ «អ្វី​ដែល​ខ្ញុំ​ស្មាន​មិន​ដល់​គឺ​អ្នក​នយោបាយ​ចាស់វស្សា​ម្នាក់​នេះ​មិន​ត្រឹម​តែ​ខ្វះ​ភាព​ក្លា​ហាន​ដើម្បី​ការ​ពារ​អំណះ​អំណាង​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​បែរ​ជាគាត់ នៅ​តែបន្ត​វាយ​ប្រហារ​ខ្ញុំរឿង​សញ្ញា​ប័ត្រ​«ប្រភេទ​២» ឬ «សញ្ញាបត្រ​យោគយល់» ដដែលៗ​ហើយ​ព្រមទាំង​វាយ​ប្រហារ​មាក់​ងាយ​ទៅ​លើ​និស្សិត​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​ដោយ​ថា​សាកល​វិទ្យាល័យ​បរទេស​ផ្ដល់​សញ្ញាបត្រ​ក្លែង​ក្លាយ​ឬ​សញ្ញា​ប័ត្រ​យោគ​យល់​ឲ្យ​និស្សិត​ទាំង​នោះ»។

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ក្បែរ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ​ហ៊ុន ម៉ាណែត នៅ​ក្នុងពិធី​ទទួល​សញ្ញាបត្រ​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​ ហៅ​កាត់​ថា ​West Point កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​១៩៩៩។ (Reuters)
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ក្បែរ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ​ហ៊ុន ម៉ាណែត នៅ​ក្នុងពិធី​ទទួល​សញ្ញាបត្រ​នៅ​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​ ហៅ​កាត់​ថា ​West Point កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​១៩៩៩។ (Reuters)

លោក​សង្កត់​ធ្ងន់​ថា៖​ «លោក សម រង្ស៊ី​បាន​វាយ​ប្រហារ​ឪពុក​របស់​ខ្ញុំ​ជាច្រើន​ទស្សវត្សរ៍​ហើយ ប៉ុន្តែ​ទៅ​មុខមិន​រួច។ ឥឡូវ​បែរ​មក​វាយ​ប្រហារ​លើ​ខ្ញុំ​ដែល​ជាក្មេង​ជំនាន់​ក្រោយ​ទៅ​វិញ។ បើ​លោក​ជ្រុល​ជាធ្វើ​អញ្ចឹង​ទៅ​ហើយ សូម​លោក​បង្ហាញ​ភាព​ក្លាហាន​ផង​ទៅកុំ​ឲ្យក្មេង​មើល​ស្រាល​ថា​មនុស្ស​ចាស់វស្សា​តែ​គ្មាន​ភាព​ហាន​ក្លា​ក្នុង​ការ​ទទួលខុស​ត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បាននិយាយ​ឬធ្វើ។ ណា​មួយ​លោក​មាន​អាយុ​ច្រើន​ជាង​ឪពុក​ខ្ញុំ​ផង គួរ​កុំ​ឱ្យ​ខូច​ឈ្មោះ នៅ​ចំពោះ​មុខ​ក្មេង​ជំនាន់​ក្រោយ»។

លោក​ ហ៊ុន ម៉ាណែត​ លើកឡើង​ពី​ក្តី​សង្ឃឹម​របស់​គាត់ថា​លោក សម រង្ស៊ី នឹង​មិន​ចេញ​សារ​ដូច​លើក​មុន​ដែល​សុំ​មិន​ចាំ​បាច់​ទៅ​ស្បថ​ស្បែ ឬ​ភ្នាល់គ្នា​ដូច​កូន​ក្មេង។

ក្នុង​ការ​បិទ​បញ្ចប់​សារ​របស់​លោក​នោះលោក ហ៊ុន ម៉ាណែត​ បាន​ប្រាប់​លោក​ សម រង្ស៊ី​ ចំៗ​ថា​ជា​សីល​ធម៌​និង​គុណ​ធម៌​ក្នុង​ការ​រស់នៅ​គាត់តែងតែ​គោរព​មនុស្ស​ចាស់ទុំ។

លោក​បន្ថែម​តាម​ន័យ​ដើមថា៖ «ប៉ុន្តែ​បើ​មនុស្ស​ដែល​មានវ័​យចំណាស់​អាង​តែមាន​អាយុ​ច្រើនហើយ ធ្វើ​ការងារ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ជា​ពិសេស​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​រូប​ខ្ញុំ​នោះ​ខ្ញុំគ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ការពារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្ញុំទេ។ សូម​កុំ​ចោទ​ថា​ខ្ញុំ​មិន​ស្គាល់​ចាស់​ទុំ»។

ស្រប​ពេលជាមួយគ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​បាន​បន្ទរ​តាម​ក្រោយ​កូនប្រុសច្បង​របស់​លោកដោយ​ប្រដូច​ លោក​ សម រង្ស៊ីថា ជា​«ក្របី​ចាស់» ។

លោក ​ហ៊ុន សែន​ បាន​ថ្លែង​លើទំព័រ​ហ្វេស​ប៊ុកផ្លូវ​ការ​របស់លោក​នៅ​ថ្ងៃអង្គារ​នេះថា៖​ «ស្តាប់​ក្មេង​ប្រដៅ​ចាស់​ពាល។​ ល្អ​ម្យ៉ាងដែរ​ប្រៀប​ដូច​ជា​យក​កូន​ក្របី​ជល់​ជា​មួយ​ក្របី​ចាស់។បើ​ខឹង​កុំ​លេង ​បើ​លេង​កុំ​ខឹង»។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ ដែល​បាននិរទេស​ខ្លួនឯង​ទៅ​រស់​នៅក្រៅ​ប្រទេស​មិន​ទាន់​ឆ្លើយ​តបសំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារនេះ។

ប៉ុន្តែ​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ ហ៊ុន ម៉ាណែត​ លោក សម រង្ស៊ី ត្រូវ​គេឮ​លោកថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «ក្នុង​ជួរ​គណ​បក្ស​ប្រជា​ជន​ក៏​មាន​សញ្ញាបត្រ​ទន្ទឹម​នឹង​សញ្ញាបត្រ​ក្លែង​ក្លាយ​ហៅ​ថា​សញ្ញាបត្រក្លែ​ង​ក្លាយ​គេ​ហៅ​ថា​សញ្ញាបត្រយោគ​យល់។ សញ្ញាបត្រ​យោគ​យល់​ហ្នឹង​គឺថា​ឪពុក​ធ្វើជា​មន្ត្រី​ជាន់​ខ្ពស់​រហូ​ត​ដល់​នាយក​រដ្ឋ​មន្ត្រី​ទៅរៀន​នៅ​សាលា​គេ គេ​យោគ​យល់ គេ​ឲ្យ​ជាប់ៗ​ប៉ុន្តែ​គេ​អត់​ឲ្យធ្វើ​ការ​ស្រុក​គេទេ​ពីព្រោះ​សញ្ញាបត្រ​ដែល​គេ​ផ្តល់ឲ្យកូនចៅ​អ្នក​ធំមក​ពី​ប្រទេស​នានា​ដែល​គេចង់​មានទំនាក់​ទំនង​ទូត​ល្អ​គឺ​សញ្ញាបត្រ​ហ្នឹង​មិន​មាន​តម្លៃ​ស្មើ​នឹង​សញ្ញាបត្រ​ដែលគេ​ឲ្យ​ជន​ជាតិ​គេ​រៀន​ពី​ដើមទី​ដែល​មាន​កម្រិត​ពេញ​លេញ​ទេ»។

ប្រតិកម្ម​របស់​លោក ​ហ៊ុន ម៉ាណែត​ កើតមានឡើង​ ក្រោយ​លោក ​សម រង្ស៊ី​ បន្តរិះគន់​គុណភាព​សញ្ញាបត្រ​របស់​និស្សិត​ខ្មែរ​នៅក្រៅ​ប្រទេស​តាម​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីអាសេរី​កាល​ពីថ្ងៃសៅរ៍​ហើយ​មេដឹក​នាំ​បក្ស​ជំទាស់​រូបនេះ​ក៏បាន​បង្ហោះ​បទសម្ភាសន៍​នោះ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ដដែល​នោះ។

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

​បើតាម​បទសម្ភាសន៍ជាវីដេ​អូ​បង្ហោះ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​សម រង្ស៊ី​កាល​ពីថ្ងៃទី​២៦ ខែធ្នូ មេដឹកនាំ​គណ​បក្ស​ជំទាស់​រូបនោះ​បាន​ឆ្លើយ​ឆ្លង​ជា​អ្នកយក​ព័ត៌មាន​វិទ្យុ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច្នេះ​ថា៖​ «លោក ហ៊ុន សែន​បាន​ប្លន់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​កម្ម​សិទ្ធិ​ឯក​ជន​របស់​គ្រួសារ​គាត់។​យ៉ាង​ណា​ក៏​ដោយ​គាត់​ក៏​មិន​អាច​ផ្ទេរ​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ពី​ខ្លួន​គាត់ ទៅ​កូន​គាត់​បាន​ទេ។​ម្យ៉ាង​វិញ​ទៀត​ លោក ហ៊ុន​សែន មិន​អាច​ភូតភរ​ប្រជារាស្ត្រ​ខ្មែរ​បាន​ទេ​ពីតម្លៃ​ពិត​ប្រាកដ​នៃ​សញ្ញាបត្រ​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​គាត់​សព្វ​ថ្ងៃ»​។​

លោក​ថ្លែង​បន្ថែម​ថា៖​ «ខ្ញុំ​សូម​ប្រាប់ទៅលោក ហ៊ុន សែន វិញ​គេ​ដើម្បីវាស់វែង​តម្លៃ​សញ្ញាបត្រហ្នឹង​គេ​មិន​យក​ទៅ​យក​ឈ្មោះ​សញ្ញាបត្រ​ថាអាហ្នឹង​បណ្ឌិត​ៗទេ គេចង់​ដឹង​ថាបណ្ឌិត​ពី​សាលា​ណា​ពី​សាកល​វិទ្យា​ល័យ​ណា បើជា​សាលា​ក្លែង​ក្លាយ​អា​សញ្ញាបត្រសូម្បីតែ​ជា​បណ្ឌិត​នោះ​ក្លែង​ក្លា​យ​ដែរ»។

​អ្នក​វិភាគនយោ​បាយ​លោក ​មាស នី​ ថ្លែង​ថា​ ​ប្រសិនបើ​លោកជា​លោក​ហ៊ុន ម៉ាណែត គឺ​លោក​មិន​តប​តរឿង​កំប៉ិក​កំប៉ុកបែប​នេះទេ​ខណៈការ​តតាំង​គ្នា​នេះ​បង្ហាញ​ឲ្យឃើញ​ទម្រង់​នយោ​បាយ​ចាស់​គំរិល ដែល​អ្នក​នយោ​បាយ​ខ្មែរ​តែង​តែយក​មក​លេងដើម្បី​ទាញ​យក​ប្រៀបនយោ​បាយបែ​ប​ប្រជា​ភិ​ថុតិ​លើ​គ្នា​តែ​ប៉ុណ្ណោះហើយ​អ្វី​ដែល​សំខាន់គឺសមត្ថ​ភាព​តែមួយ​គត់។

លោក​ថ្លែង​ថា៖​ «សញ្ញាបត្រ​នៅតែ​ជា​សញ្ញាបត្រ សមត្ថភាព​នៅតែ​ជា​សមត្ថភាព​អ្វីដែល​សំខាន់​គឺការ​បង្ហាញ​ឲ្យ​ឃើញ​ថាតើ​យើង​អាច​ធ្វើការ​បាន​ប៉ុណ្ណា​នៅក្នុងការ​តៀម​ខ្លួន​ដើម្បី​ចូល​ទៅ​គ្រប់​គ្រង​ប្រទេស​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី។ បើ​កាល​ណាយើង​កាន់​តំណែង​ជាអ្នក​ដឹកនាំ​រដ្ឋ ហើយ​ពាក់​ពិន​ជាមួយ​ហ្នឹង​រឿង​កំប៉ិកកំប៉ុក​ផ្សេង​ច្រើន​ទៀត​វា​នាំ​តែ​ចំណាយ​ពេល​អត់​ប្រយោជន៍ ហើយ​ទុក​ពេល​ដើម្បី​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​វាល្អជាង។​ប៉ុន្តែ​បើ​សិន​ជា​យើង​ព្យាយាម​យក​រឿង​កំប៉ិក​កំប៉ុក​មក​តតាំង​គ្នា​បាន​ន័យ​ថាវប្ប​ធម៌នយោ​បាយ​ចាស់ អត់​មាន​អីប្តូរ​ផ្លាស់​គឺ​នៅ​ដ​ដែល​»។

គួរ​បញ្ជាក់​ថា​កូន​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត​ មានតំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធ​ពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក។ ក្រៅ​ពី​មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​យោធា​លោក ​ហ៊ុន ម៉ាណែត​ ក៏ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០​២០ និង​ទើប​តែត្រូវ​បាន​សមា​ជិក​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ឯកច្ឆន្ទ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនា​គត៕

XS
SM
MD
LG