អ្នកបោះឆ្នោតនៅប្រទេសរុស្ស៊ីបានយល់ព្រមចំពោះកំណែទម្រង់រដ្ឋធម្មនុញ្ញជាកញ្ចប់ដែលរួមមានចំណុចកែប្រែមួយដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី Vladimir Putin អាចនៅជាប្រធានាធិបតីរហូតដល់ឆ្នាំ២០៣៦។
មន្ត្រីបោះឆ្នោតរុស្ស៊ីថ្លែងនៅថ្ងៃព្រហស្បតិ៍ថា សំឡេងឆ្នោតគាំទ្រកំណែទម្រង់រដ្ឋធម្មនុញ្ញជាកញ្ចប់នេះមាន៧៧,៩%ទល់នឹង២១,៣%។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលនេះជាជោគជ័យមួយ។
ក្រុមគណបក្សប្រឆាំងនិងអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យបានសម្តែងនូវមន្ទិលអំពីភាពស្របច្បាប់នៃការបោះឆ្នោតដែលបានបញ្ចប់ទៅកាលពីថ្ងៃពុធនេះ ដោយពួកគេកត់សម្គាល់ថានៅតំបន់ខ្លះមានចំនួនអ្នកបោះឆ្នោតកើនឡើងខុសប្រក្រតី។
លោក Putin ដែលមានអាយុ៦៧ឆ្នាំ បានដឹកនាំប្រទេសរុស្ស៊ីអស់ជាងពីរទសវត្សរ៍ហើយកំណែទម្រង់នេះនឹងអនុញ្ញាតឲ្យលោកអាចឈរឈ្មោះបាន២អាណត្តិឬស្មើនឹង១២ឆ្នាំទៀត៕