ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បោះឆ្នោត​ដើម្បី​ឲ្យ​លោក Putin បន្ដ​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​ ២០៣៦


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្ហាញលិខិតឆ្លងដែនទៅកាន់មន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយ ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្ហាញលិខិតឆ្លងដែនទៅកាន់មន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយ ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ការ​បោះឆ្នោត​មួយ​ទៅលើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​រុស្ស៊ី ដែល​អាច​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Vladimir Putin កាន់​អំណាច​រហូត​ដល់​ឆ្នាំ ២០៣៦ បាន​ឈាន​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ស្រប​ពេល​ដែល​មាន​សេចក្ដីរាយការណ៍​កាន់​តែ​ច្រើន​អំពី​ការ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​បោះឆ្នោត​និង​ភាព​មិន​ប្រក្រតី​នានា។

ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយ​សប្ដាហ៍ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ ក្រុម​អ្នក​រិះគន់​វិមាន​ក្រឹមឡាំង​បាន​ថ្កោលទោស​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា យក​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​នេះ​ជាលេសបន្ថែម​ទៀត​ដើម្បី​កេងចំណេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

លោក Putin រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​ដូច​ដែល​លោក​ចង់​បាន ក្រោយ​ពី​មាន​យុទ្ធនាការ​ឃោសនា​របស់​រដ្ឋ​ដ៏​ធំ​មួយ និង​ការ​បរាជ័យ​របស់​ក្រុម​ប្រឆាំង​ក្នុង​ការ​ស្រុះស្រួល​គ្នា​ប្រឆាំង​នឹង​រឿង​នេះ។ ក៏​ប៉ុន្តែ វិធីសាស្ត្រ​ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក Putin អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំហរ​របស់​លោក​ទៅ​វិញ​ ដោយសារ​តែ​វិធីសាស្ត្រ​បែប​ចាស់​គំរិល​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើន​ចំនួន​អ្នក​ទៅ​បោះឆ្នោត និង​មូលដ្ឋាន​ច្បាប់​ស្រពេចស្រពិល​សម្រាប់​ការ​បោះឆ្នោត​នេះ។ ​

ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ចំនួន​អ្នក​ទៅ​បោះឆ្នោត​បាន​កើន​លើស​ ៥៥% ទៅ​ហើយ។ នេះ​បើ​យោង​តាម​ក្រុមមន្ត្រី​រៀបចំ​ការបោះឆ្នោត។ តួលេខ​អ្នក​ទៅ​បោះឆ្នោត​នេះ​នឹង​បន្ដ​កើ​នឡើង​រហូត​ដល់​ជិត​ ៩០% នៅ​ក្នុង​តំបន់​មួយ​ចំនួន។ បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បិទបញ្ចប់​នៅ​តំបន់ Far East ដែល​មាន​ល្វែង​ម៉ោង​ដើរ​មុន​ទីក្រុង​មូស្គូ ក្រុម​មន្ត្រី​បាន​រាយការណ៍​យ៉ាង​រហ័ស​ថា លទ្ធផល​បឋម​បង្ហាញ​ថា អ្នក​បោះឆ្នោត​ ៧០% គាំទ្រ​ការ​កែប្រែ​នេះ។ ក៏​ប៉ុន្តែ ក្រុម​អ្នក​រិះគន់​វិមាន​ក្រឹមឡាំង និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​ចោទសួរ​ចំពោះ​តួលេខ​ផ្លូវការ​នេះ៕

XS
SM
MD
LG