មន្ត្រីស៊ើបការណ៍បស្ចិមប្រទេស និយាយថា ទីភ្នាក់ងារចារកម្មរុស្ស៊ីកំពុងបង្កើនកិច្ចប្រឹងប្រែងទ្វេដងដើម្បីជ្រៀតចូលអង្គការអូតង់ និងកំពុងផ្តោតលើការជ្រើសរើសចារបុរសនៅក្រសួងការពារជាតិក្នុងប្រទេសជាសមាជិកនៃអង្គការនេះ។
ប្រទេសអ៊ីតាលីបានបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់កាលពីសប្តាហ៍មុនចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានវត្តមាននៅកន្លែងចតរថយន្តក្នុងទីក្រុងរ៉ូម ដោយបានប្រគល់ប្រាក់ទៅឲ្យវរនាវីឯកនៃកងទ័ពជើងទឹកអ៊ីតាលី ដើម្បីជាថ្នូរទទួលបាននូវឯកសារសម្ងាត់យោធា ដែលរួមមានឯកសាររបស់អង្គការអូតង់ផងដែរ។
លោក Walter Biot កងទ័ពជើងទឹកអ៊ីតាលី វ័យ ៥៤ ឆ្នាំ បានបម្រើការនៅក្រសួងការពារជាតិអ៊ីតាលីនៅក្នុងទីក្រុងរ៉ូម អស់រយៈពេលមួយទសវត្សរ៍ ហើយត្រូវបានចាត់តាំងឲ្យបម្រើការនៅក្នុងអង្គភាពគោលនយោបាយនៃអគ្គសេនាធិការការពារជាតិ។ បើយោងតាមកាសែត Corriere della Sera អង្គភាពរបស់លោក Biot គ្រប់គ្រង «ឯកសារសម្ងាត់និងឯកសារលាក់ការណ៍ទាំងអស់» រួមទាំងឯកសាររបស់អង្គការអូតង់ផងដែរ។
ទីភ្នាក់ងារ Carabinieri ដែលជាទីភ្នាក់ងារអនុវត្តច្បាប់ដ៏សំខាន់មួយរបស់អ៊ីតាលី បាននិយាយថា លោក Biot ដែលមានកូនបួននាក់ ត្រូវបានរកឃើញ «កំពុងប្រព្រឹត្តបទល្មើស» ក្នុងការដោះដូរឯកសារដែលស្ថិតនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យ (flash drive) ហើយលោកកំពុងត្រូវបានឃាត់ខ្លួនពី «បទឧក្រិដ្ឋពាក់ព័ន្ធនឹងចារកម្មនិងសន្តិសុខជាតិ»។
អ្នកស៊ើបការណ៍អ៊ីតាលីឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេដែលលោក Biot បានជួបជាមួយនឹងអ្នកទទួលព័ត៌មានរុស្ស៊ីនោះ ហើយលោកទទួលបានទឹកប្រាក់ជាង ៥.០០០ ដុល្លារ សម្រាប់ការជួបជាមួយពួកគេម្តងរួចហើយ។
ការចាប់ខ្លួនលោក Biot ត្រូវបានឡើង បន្ទាប់ពីមានការតាមដានអស់ជាច្រើនខែ ដោយទីភ្នាក់ងារស៊ើបការណ៍ផ្ទៃក្នុង AISI របស់អ៊ីតាលី។ នេះបើយោងតាមមន្ត្រីអ៊ីតាលីម្នាក់ ដែលបានប្រាប់ VOA ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។ លោកបានប្រៀបធៀបការតាមដាននេះទៅនឹងប្រតិបត្តិការប្រឆាំងចារកម្ម ដែលមានភាពល្អិតល្អន់ក្នុងឆ្នាំ ២០០១ នៅសហរដ្ឋអាមេរិក ដែលបានរកឃើញថា លោក Robert Hanssen ទីភ្នាក់ងារប្រឆាំងចារកម្មជាន់ខ្ពស់របស់ FBI គឺជាចារបុរសរបស់រុស្ស៊ីនោះ។
មន្ត្រីអ៊ីតាលីរូបនេះបានបន្ថែមក្នុងន័យដើមថា៖ «មន្ត្រីការពារជាតិជាន់ខ្ពស់ត្រូវបានជូនដំណឹងពីការសង្ស័យទៅលើលោក Biot ប៉ុន្តែវាមានសារៈសំខាន់ ដែលថានឹងមិនមានការចាប់ខ្លួនលោកភ្លាមៗនោះទេហើយ។ លោកត្រូវបានរកឃើញថា ពិតជាបានប្រគល់ឯកសារសម្ងាត់មែន។ ចារបុរសរុស្ស៊ីហាក់ដូចជាចាប់អារម្មណ៍ខ្លាំងទៅលើឯកសារសម្ងាត់របស់អង្គការអូតង់»។
ការចាប់ខ្លួនលោក Biot ធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសប៊ុលហ្គារី បានបំបែកសម្ព័ន្ធចារកម្មយោធា និងបានបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់ចេញពីប្រទេសរបស់ខ្លួននោះ។ មន្ត្រីប៊ុលហ្គារី ៦ នាក់ត្រូវបានចាប់ខ្លួន ដែលពួកគេមួយចំនួនជាមន្ត្រីនៃក្រសួងការពារជាតិប៊ុលហ្គារី។ ពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់របស់អង្គការអូតង់ និងសហភាពអឺរ៉ុប។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ចារបុរសប៊ុលហ្គារីម្នាក់ ក្នុងចំណោម ៦ នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែមីនានោះ បានសារភាពទាំងអស់ និងបានរាយការណ៍ថា លោកទទួលបានប្រាក់ចំនួន ៣.០០០ ដុល្លារ សម្រាប់ការប្រគល់ព័ត៌មានសម្ងាត់ម្តងៗ។ មន្ត្រីប៊ុលហ្គារីជាន់ខ្ពស់បំផុតម្នាក់ ដែលត្រូវបានចាប់ខ្លួនគឺលោក Ivan Iliev ដែលជាអតីតនាយកស៊ើបការណ៍សម្ងាត់យោធាប៊ុលហ្គារី។ ភរិយារបស់លោក ដែលមានសញ្ជាតិប៊ុលហ្គារី និងរុស្ស៊ីផងនោះ ក៏ស្ថិតនៅក្នុងសម្ព័ន្ធចារកម្មនោះផងដែរ។
រដ្ឋាភិបាលអ៊ីតាលីបានប្រកាសថ្កោលទោសលើចារកម្មរបស់រុស្ស៊ី។ លោក Luigi di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានពណ៌នាហេតុការណ៍នេះថាជា «សកម្មភាពបង្កហេតុដ៏ខ្លាំងក្លាមួយ»។ លោកបានកោះហៅលោក Sergey Razov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ៊ីតាលី និងបានបញ្ជាឱ្យបណ្តេញអ្នកការទូតដែលបានប្រគល់ប្រាក់ទៅឱ្យលោក Biot ចេញពីប្រទេសអ៊ីតាលី។
កាលពីពាក់កណ្តាលសប្តាហ៍មុន លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានបង្ហាញ «សាមគ្គីភាព» របស់លោកជាមួយរដ្ឋាភិបាលទីក្រុងរ៉ូម និងបានរិះគន់ដល់ «សកម្មភាពបង្កចលាចល និងបង្កគ្រោះថ្នាក់របស់រុស្ស៊ី ដែលត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តអូតង់របស់យើង»។
រដ្ឋាភិបាលក្រុងមូស្គូបដិសេធលើលទ្ធភាពដែលថា ការចោទប្រកាន់ពីចារកម្មនេះអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងអ៊ីតាលីនោះ។ លោក Dmitry Peskov អ្នកនាំពាក្យនៃរដ្ឋាភិបាលក្រុងមូស្គូ បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា «ទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងអ៊ីតាលីដែលមានភាពស្ថាបនានិងវិជ្ជមានខ្លាំងនោះ នឹងបន្តកើតមាននិងត្រូវបានថែរក្សាដោយភាពគង់វង្ស»។
រដ្ឋាភិបាលក្រុងមូស្គូកំពុងចរចាជាមួយនឹងរដ្ឋាភិបាលអ៊ីតាលីរបស់លោកនាយករដ្ឋមន្ត្រី Mario Draghi ដើម្បីលក់វ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់រុស្ស៊ីនោះ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងរ៉ូមនិយាយថា ខ្លួន «សោកស្តាយ» ចំពោះការបណ្តេញអ្នកការទូតពីរនាក់ចេញពីប្រទេសអ៊ីតាលី ប៉ុន្តែបានដកចេញវិញនូវការគំរាមក្នុងការសងសឹក តាមរយៈការបណ្តេញអ្នកការទូតអ៊ីតាលីចេញពីប្រទេសរុស្សីវិញនោះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា រដ្ឋាភិបាលក្រុងមូស្គូនឹងអាចធ្វើការសងសឹកក៏ដោយ៕