អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និយាយថា ពិភពលោកនឹងមិនអាចលុបបំបាត់ទាំងស្រុងនូវវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩បានទេ ខណៈដែលជំងឺរាតត្បាតជាសាកលនេះបានឆ្លងដល់មនុស្សជាង១៨,៨លាននាក់ និងសម្លាប់មនុស្សជាង៧០០.០០០គិតត្រឹមថ្ងៃព្រហស្បតិ៍។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកវេជ្ជបណ្ឌិតAnthony Fauci នាយកវិទ្យាស្ថានជាតិជំងឺឆ្លងនិងអាលែក្ស៊ី ថ្លែងថា មូលហេតុដែលកូវីដ១៩នឹងមិនរលត់បាត់បាន គឺដោយសារវីរុសដែលបង្កជំងឺនេះមានលក្ខណៈ«អាចឆ្លងយ៉ាងខ្លាំង»។
ប៉ុន្តែអ្នកជំនាញរបស់សហរដ្ឋអាមេរិករូបនេះបន្ថែមថា ដោយប្រើប្រាស់កត្តាមានវ៉ាក់សាំងល្អ និងវិធានការល្អខាងសុខភាពសាធារណៈ លោកគិតថាពិភពលោកអាចរួចផុតពីស្ថានភាពបច្ចុប្បន្ន។
លោកវេជ្ជបណ្ឌិត Fauci បានទស្សន៍ទាយថា ពិភពលោកនឹងអាចគ្រប់គ្រងស្ថានភាពរាតត្បាតនៃវីរុសនេះបាននៅត្រឹមឆ្នាំក្រោយហើយថា លោកមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា នៅពេលនោះនឹងមានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពត្រូវគេអនុញ្ញាតឲ្យប្រើហើយ។ លោកថានៅដើមឆ្នាំ២០២១ ទំនងជានឹងមានវ៉ាក់សាំងរាប់ម៉ឺនដូស ហើយត្រឹមចុងឆ្នាំក្រោយទំនងនឹងមានវ៉ាក់សាំង១ពាន់លានដូស។
ការថ្លែងរបស់លោក Fauci បានជួនពេលជាមួយនឹងការប្រកាសរបស់ក្រុមហ៊ុនអាមេរិក Johnson and Johnson ដែលថាខ្លួនបានសម្រេចកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង១០០លានដូសតម្លៃ១.០០០លានដុល្លារ។ ក្រុមហ៊ុននេះនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយដូចនឹងក្រុមហ៊ុនអាមេរិក៣ទៀតដែលបានឈានដល់ដំណាក់កាលនេះហើយ។
នៅទូទាំងសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃព្រហស្បតិ៍ កូវីដ១៩បានឆ្លងដល់មនុស្សជាង៤,៨លាននាក់ និងសម្លាប់ពលរដ្ឋអាមេរិកាំងជាង១៥៨.០០០នាក់៕