ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សយ៉ាងតិច ៣ នាក់ស្លាប់នៅទីក្រុងកៀវនិងទីក្រុង Mykolaiv ដោយសារការវាយប្រហាររបស់រុស្ស៊ី


ក្រុម​អ្នក​ជួយសង្គ្រោះ​អ៊ុយក្រែនកំពុងប្រតិបត្តិការ​នៅ​ទីក្រុង Mykolaiv បន្ទាប់ពីក្រុងនេះ​រងការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​រុស្ស៊ី​ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុម​អ្នក​ជួយសង្គ្រោះ​អ៊ុយក្រែនកំពុងប្រតិបត្តិការ​នៅ​ទីក្រុង Mykolaiv បន្ទាប់ពីក្រុងនេះ​រងការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​រុស្ស៊ី​ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣ នាក់​នៅ​ក្នុង​ទីក្រុង​កៀវ​និង​ទីក្រុង Mykolaiv។

យោធា​អ៊ុយក្រែន​បាន​រៀបរាប់​លម្អិត​ថា នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏ធំ​របស់​រុស្ស៊ី​នេះ រុស្ស៊ី​បាន​ប្រើ​ដ្រូន ២០ គ្រឿង មីស៊ីល​ស្វ័យ​នាំផ្លូវ ៣៦ គ្រាប់ មីស៊ីល​បញ្ជា S-300 ៥ គ្រាប់ និងមីស៊ីល​បាលីស្ទិក​ ៣ គ្រាប់។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​កម្ទេច​ដ្រូន ១៥ គ្រឿង​ក្នុង​ចំណោម ២០ គ្រឿង និង​មីស៊ីល ២៩ គ្រាប់​ក្នុង​ចំណោម ៤៤ គ្រាប់។

លោក Zelenskyy បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​ទីក្រុង Mykolaiv និង​បាន​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​នៅ​ក្នុង​ទីក្រុង​នោះ។

លោក Zelenskyy បាន​បន្ថែម​ថា មនុស្ស ២ នាក់​ត្រូវ​បាន​សម្លាប់​និង​យ៉ាងតិច ១០ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​រដ្ឋធានី​កៀវ។

អភិបាល​ក្រុង​កៀវ​លោក Vitali Klitschko បាន​បញ្ជាក់​តាម Telegram ថា អគារ​ខ្ពស់​មួយ​ខ្នង​ត្រូវ​បាន​បាញ់​ចំ និង​ថា​ការ​វាយ​ប្រហារ​នោះ​ក៏​បាន​កាត់ផ្ដាច់​អគ្គិសនី​នៅ​ក្នុង​តំបន់​ខ្លះ​ផងដែរ។

ប្រធាន​គោល​នយោបាយ​សហភាព​អឺរ៉ុប​លោក Josep Borrell ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​កៀវ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ថា នៅ​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ លោក​បាន​ស្នាក់នៅ​ក្នុង​ជម្រក​ស្នាក់នៅ​គ្រា​អាសន្ន​នៅ​ចំ​ពេល​ដែល​មាន​ការ​ជូន​ដំណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស។

លោក Zelenskyy បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អង្គារ​អំពី​ការ​បង្កើត​សាខា​យោធា​ថ្មី​ដែល​ផ្ដោត​លើ​ដ្រូន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG