ប្រទេសរុស្សីបានសម្តែងការគាំទ្ររបស់ខ្លួនដល់ការបោះឆ្នោតក្នុងប្រទេសស៊ីរីហើយនិយាយថាខ្លួនប្រុងប្រៀបជួយពួកឧទ្ទាមនៃកងទ័ពស៊ីរីសេរីដែលគាំទ្រដោយក្រុមបស្ចឹមប្រទេស។
លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូចង់ឱ្យប្រទេសស៊ីរីប្រុងប្រៀបសម្រាប់ការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតីហើយលោកបានបញ្ជាក់ថា រដ្ឋាភិបាលលោកនឹងចាត់វិធានការម៉ឺងម៉ាត់ ប្រសិនបើជាការចាំបាច់ដើម្បីជំរុញដំណើរការនេះឱ្យទៅមុខ។
ថ្លែងតាមទូរទស្សន៍រដ្ឋរុស្សី Rossiya 1 កាលពីថ្ងៃសៅរ៍ លោក Lavrov បាននិយាយថា អាជ្ញាធរវិមានក្រឹមឡាំងកំពុងបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួន «ដើម្បីផ្លាស់ប្តូរឥទ្ធិពលខ្លួនដែលកើនខ្លាំងឡើងៗជាមួយរដ្ឋាភិបាលក្រុងដាម៉ាស (Damascus) ឱ្យទៅជាដំណោះស្រាយនយោបាយមួយវិញ»។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកមិនបានផ្តល់សេចក្តីលម្អិតជាក់លាក់អំពីការធ្វើបែបណាដែលអាចនាំឱ្យមានអន្តរកាលមួយពីរយៈពេលច្រើនឆ្នាំនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីដែលបានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់ និងមានជនស៊ីវិលច្រើននាក់បានឃ្លាតឆ្ងាយពីផ្ទះរបស់ពួកគេ ឱ្យទៅជាដំណោះស្រាយនយោបាយមួយ។ ដោយផ្ទុយពីសេចក្តីថ្លែងការណ៍កាលពីពេលមុនៗដោយរដ្ឋាភិបាលក្រុងមូស្គូអំពីបញ្ហានយោបាយក្នុងប្រទេសស៊ីរី អត្ថាធិប្បាយរបស់លោក Lavrov ហាក់ដូចជាបង្ហាញសញ្ញាអំពីការអំពាវនាវមួយដោយអាជ្ញាធរវិមានក្រឹមឡាំងឱ្យមានដំណោះស្រាយខាងនយោបាយជាថ្មីនៅក្នុងប្រទេសនេះដែលបែកបាក់ដោយសារសង្គ្រាម៕