ក្រុមមន្រ្តីរុស្ស៊ីបានអនុញ្ញតឲ្យអង្គការសារព័ត៌មានអន្តរជាតិចូលក្នុងទីតាំងរបស់ខ្លួនជាលើកទីមួយដើម្បីមើលកិច្ចប្រតិបត្តិការតាមអាកាសរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារប្រទេសរុស្ស៊ីបានដឹកក្រុមអ្នកយកព័ត៌មានដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូតាមយន្តហោះទៅកាន់មូលដ្ឋានអាកាស Hemeimeem នៅជិតទីក្រុងឆ្នេរសមុទ្រ Latakia។
អ្នកកាសែតបានឃើញផ្ទាល់នឹងភ្នែកនូវយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររុស្ស៊ីហោះចេញពីមូលដ្ឋានអាកាសនោះ។
ក្នុងខណៈនោះដែរ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិចពីការលេងល្បែងមុខ២ជាមួយក្រុមភេរវកម្មក្នុងប្រទេសស៊ីរី និងផ្នែកផ្សេងៗទៀតក្នុងតំបន់មជ្ឈឹមបូព៌ាដោយការប្រយុទ្ធជាមួយក្រុមខ្លះ ហើយបានប្រើប្រាស់ក្រុមផ្សេងទៀតដើម្បីផ្តួលរំលំរបបដែលខ្លួនមិនចង់បាន។
ប្រធានាធិបតី Putin បាននិយាយថា «ការណ៍នេះជានិច្ចកាលមានការពិបាកដើម្បីលេងល្បែងមុខ២នេះដោយការប្រកាសប្រយុទ្ធប្រឆាំងភេរវជន ហើយនៅពេលជាមួយគ្នាដែរនោះព្យាយាមប្រើប្រាស់ក្រុមខ្លះទៀតក្នុងតំបន់មជ្ឈឹមបូព៌ាដើម្បីផលប្រយោជន៍ខ្លួនឯង»។
ប្រធានាធិបតី Putin បានធ្វើអត្ថាធិប្បាយទៅកាន់ក្រុមអ្នកវិទ្យាសាស្រ្តនយោបាយនៅក្នុងទីក្រុង Sochi ដែលជាទីក្រុងនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ។
រុស្ស៊ីធ្វើការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីអស់រយៈពេល៣សប្តាហ៍។ រុស្ស៊ីបានទទួលរងការរិះគន់ពីគោលបំណងនៃការទម្លាក់គ្រាប់បែកភាគច្រើនលើពួកឧទ្ទាមជាជាងក្រុមរដ្ឋឥស្លាម ថ្វីបើរុស្ស៊ីបាននិយាយកាលពីមុនថា ក្រុមជ្រុលនិយមនឹងក្លាយជាទិសដៅដ៏សំខាន់នៃការទម្លាក់គ្រាប់បែករបស់ខ្លួនក៏ដោយ៕