ប្រទេសរុស្ស៊ីបានបរិហាររិះគន់សហភាពអឺរ៉ុបដែលនៅតែរក្សាទុកការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន ដោយសារមុខនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានហៅសេចក្តីសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ថា«ធ្វើឲ្យមានការបំផ្លិចបំផ្លាញ»។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្នុងក្រុងម៉ូស្គូកាលពីថ្ងៃសុក្រ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមទ្បាំងបានប្រកែកមិនព្រមនិយាយប្រាប់ចំៗ ថាតើរដ្ឋាភិបាលក្រុងម៉ូស្គូនឹងឆ្លើយតបបែបណានោះទេ ក៏ប៉ុន្តែលោកបាននិយាយថា
ប្រទេសរុស្សីនឹង«ធ្វើអ្វីដែលឋិតនៅក្នុងអត្ថប្រយោជន៍ជាតិរបស់ខ្លួនអំពីការដាក់ទណ្ឌកម្មសងសឹកវិញ»។
លោកបានថ្លែងថា ប្រទេសរុស្សី«ចង់ធ្វើការទាក់ទងប្រកបដោយប្រឌិតញាណ មិនមែនដោយរបៀបបំផ្លិចបំផ្លាញដូចជាការប្រើវោហារសាស្ត្រខាងដាក់ទណ្ឌកម្មនោះទេ»។
លោក Peskov ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងកៀវ (អ៊ុយក្រែន) ដែរថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្រាប់តំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដែលត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីមីនស្តិ៍ (Minsk) នៃប្រទេសបេឡារុស (Belarus) កាលពីខែមុន។
ក្រុមមេដឹកនាំសហភាពអឺរ៉ុបដែលបានប្រជុំគ្នានៅក្នុងក្រុងព្រុចសែល(បែលហ្សិក) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកអស់លោកនឹងមិនលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីទេ រហូតដល់ពេលណាកិច្ចឈប់បាញ់គ្នានៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដែលប្រទេសរុស្ស៊ីខ្លួនឯងបានគាំទ្រនោះ ត្រូវបានអនុវត្តពេញលេញ៕