ពួកអ្នកចរចាមកពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានកំណត់ពេលធ្វើការពិភាក្សាកាន់តែច្រើនទៀតនៅថ្ងៃអង្គារនេះនៅពេលដែលរុស្ស៊ីធ្វើការឈ្លានពានរបស់ខ្លួនអស់រយៈពេលជិត៣ សប្តាហ៍ដោយការបាញ់ផ្តក់ដាក់រដ្ឋធានីកៀវនិងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន។
ការចរចាកាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើឡើងតាមវីដេអូជាជាងការចរចាដោយផ្ទាល់នៅក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតខាង ហើយដូចជាការចរចាលើកមុនៗដែរ ការចរចានេះ នៅមិនទាន់មានសញ្ញានៃការបំបែកភាពទាល់ច្រកសំខាន់ណាមួយនៅឡើយនោះទេ។
អ្នកចរចាអ៊ុយក្រែនលោកMykhailo Podolyakបានបញ្ជូនសារតាមTwitter បន្ទាប់ពីការចរចាកាលពីថ្ងៃចន្ទម្សិលមិញថា «ការទាក់ទងជាការធ្វើឡើងដ៏ពិបាក»។ លោកបានបង្កើនក្តីសង្ឃឹមពីការជឿនលឿនកាលពីថ្ងៃអាទិត្យដោយនិយាយថា រុស្ស៊ី «បានស្តាប់ប្រកបដោយយកចិត្តទុកដាក់នូវសំណើរបស់យើង» ហើយបានចាប់ផ្តើមពិភាក្សា«ក្នុងន័យស្ថាបនា»។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកគាំទ្រការចរចា ក៏ប៉ុន្តែ គឺថាការចរចានោះ ស្វែងរកសញ្ញាដែលរុស្ស៊ី មានឆន្ទៈធ្វើការចរចាដោយការកាត់បន្ថយអំពើហិង្សា។
លោកស្រី Psaki មានប្រសាសន៍កាលពីថ្ងៃចន្ទថា៖ «ទស្សនៈរបស់យើងគឺថា ថ្វីបើមានពាក្យសម្តីដែលត្រូវបានគេនិយាយនៅក្នុងការចរចាទាំងនោះឬចេញមកពីការចរចាទាំងនោះក៏ ដោយ ក៏សកម្មភាពការទូតតម្រូវឲ្យមានភាពស្មោះត្រង់ដើម្បីកាត់បន្ថយការតានតឹង។ ហើយអ្វីដែលយើង កំពុងស្វែងរកគឺភស្តុតាងនៃភាពស្មោះត្រង់ទាំងនេះ។ យើងមិនឃើញភស្តុតាងនៅពេលនេះថា ប្រធានាធិបតី Putin កំពុងធ្វើអ្វីៗដើម្បីបញ្ឈប់ការកាប់សម្លាប់ឬបន្ថយភាពតានតឹងនោះទេ»។
លោកស្រី Psaki ក៏បានបដិសេធមិនបញ្ជាក់ពីសេចក្តីរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊្រុចសែលនៅសប្តាហ៍ក្រោយដើម្បីជួបជាមួយមេដឹកនាំអង្គការអូតង់ដើម្បីពិភាក្សាអំពីជម្លោះនោះទេ។ លោកស្រី បាននិយាយថា រដ្ឋបាលរបស់លោក Biden បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអង្គការអូតង់និងសម្ព័ន្ធមិត្តអឺរ៉ុបអំពីការបង្កើនវិធានការការទូត រួមទាំងជំនួយមនុស្សធម៌និងសន្តិសុខផងដែរ ក៏ប៉ុន្តែ មិនមែនការសម្រេចចុងក្រោយអំពីការធ្វើដំណើរទៅកាន់ទីក្រុងប៊្រុចសែលនោះទេ»។
លោកប្រធានាធិបតី Biden មានគម្រោងចុះហត្ថលេខាលើកញ្ចប់ថវិកាមួយនៅថ្ងៃអង្គារនេះដែលរួមទាំងជំនួយយោធានិងមនុស្សធម៌គ្រាអាសន្នដែលមានទឹកប្រាក់១៣,៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ហើយនៅថ្ងៃពុធស្អែកនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក។ លោក Zelenskyy បានអំពាវនាវសុំជំនួយអន្តរជាតិ ដែលរួមមានទាំងតំបន់ហាមឃាត់ការហោះហើរលើប្រទេសអ៊ុយក្រែនដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានច្រានចោល។
ការឆ្លើយតបភាគច្រើនរបស់អន្តរជាតិបានផ្តោតលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ហើយនៅថ្ងៃអង្គារនេះ ជប៉ុនបានប្រកាសការបង្កកទ្រព្យសម្បត្តិថ្មីលើជនជាតិរុស្ស៊ី១៧នាក់ រួមទាំងសមាជិកសភារុស្ស៊ី១១នាក់ មហាសេដ្ឋី Viktor Vekselberg និងសមាជិកក្រុមគ្រួសាររបស់ធនាគារិក Yuri Kovalchuk ផងដែរ។
សហភាពអឺរ៉ុប បានប្រកាសកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានអនុម័តការដាក់ទណ្ឌកម្មជុំទី៤ប្រឆាំងនឹងផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី និង«បុគ្គលនិងអង្គភាពដែលបានទាក់ទិននៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន»៕
ប្រធានផ្នែកអឺរ៉ុបខាងកើតនៃវីអូអេអ្នកស្រី Myroslava Gongadez អ្នកយកព័ត៌មានវីអូអេប្រចាំសេតវិ មានអ្នកស្រី Anita Powell អ្នកយកព័ត៌មានជាន់ខ្ពស់វីអូអេខាងការទូតអ្នកស្រី Cindy Saine អ្នកយកព័ត៌មានខាងសន្តិសុខជាតិរបស់វីអូអេអ្នកស្រី Margaret Basheer អ្នកយកព័ត៌មានរបស់វីអេអូនៅក្រសួងការបរទេសអ្នកស្រី Nike Chingនិងអ្នកយកព័ត៌មានវីអូអេផ្សាយភាសាចិនកុកងឺអ្នកស្រី Lin Yang និង Si Yang បានផ្តល់ព័ត៌មានដល់សេចក្តីរាយការណ៍នេះ។ ហើយព័ត៌មានខ្លះទៀតនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។