ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែន និងសម្រាប់បុគ្គលិកមនុស្សធម៌ដែលផ្តល់ជំនួយបន្ទាន់ទៅដល់ប្រទេសនេះ។
លោក Martin Griffiths បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ភាគីទាំងសងខាងត្រូវតែយកចិត្តទុកដាក់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ជនស៊ីវិលនិងផ្ទះសម្បែងរបស់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រតិបត្តិការយោធារបស់ពួកគេ។ ការណ៍នេះរួមទាំងការអនុញ្ញាតឱ្យមានការ ធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលចាកចេញពីកន្លែងមានអរិភាពខ្លាំងដោយផ្អែកលើការស្ម័គ្រចិត្តរបស់ពួកគេនៅក្នុងទិសដៅដែលពួកគេជ្រើសរើស។ ជនស៊ីវិលទាំងអស់មិនថាពួកគេស្នាក់នៅឬចាកចេញនោះទេត្រូវតែទទួលបានការការពារនិងការគោរព»។
កិច្ចប្រឹងប្រែងដោយភាគីទាំងសងខាងក្នុងការជម្លៀសមនុស្សប្រមាណ ២០០.០០០ នាក់ពីទីក្រុង Mariupol ភាគខាងត្បូងបានបរាជ័យ។ ភាគីទាំងសងខាង បានបន្ទោសគ្នាទៅវិញទៅមក។
លោក Griffiths ក៏បានអំពាវនាវឱ្យមានច្រកសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលក្នុងតំបន់មានជម្លោះផងដែរ។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «ជនស៊ីវិលនៅក្នុងទីកន្លែងដូចជាទីក្រុង Mariupol ទីក្រុងKharkiv ទីក្រុង Melitopolនិងកន្លែងផ្សេងទៀតត្រូវការជំនួយយ៉ាងខ្លាំង ជាពិសេសគ្រឿងបរិក្ខាពេទ្យដើម្បីជួយសង្គ្រោះជីវិត»។ លោកបានជំរុញឱ្យភាគីទាំងសងខាងគោរពកាតព្វកិច្ចរបស់ខ្លួនដែលមាននៅក្នុងច្បាប់ស្តីពីសង្គ្រាម។
លោក Griffiths បានថ្លែងក្នុងសម្តីដើមថា៖ «ទី៣ យើងត្រូវការជាបន្ទាន់នូវប្រព័ន្ធទំនាក់ទំនងជាប្រចាំមួយជាមួយនឹងភាគីទាំងសងខាងដែលមានជម្លោះ និងការធានាថា នឹងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌។ ប្រព័ន្ធជូនដំណឹងពីជំនួយមនុស្សធម៌អាចគាំទ្រដល់ការផ្តល់ជំនួយក្នុងកម្រិតដែលត្រូវការ»។
មន្ត្រីអង្គការសហប្រជាជាតិមួយក្រុមតូចមកពីផ្នែកកិច្ចការមនុស្សធម៌បានទៅដល់ទីក្រុងមូស្គូដើម្បីចរចាជាមួយមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ីសម្រាប់កិច្ចសហការយោធា-ស៊ីវិល និងការចែករំលែកព័ត៌មានសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព។
ទោះជាមានការប្រឈមនិងគ្រោះថ្នាក់ខ្លាំងក៏ដោយ ក៏ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងដៃគូកំពុងបង្កើនការឆ្លើយតបរបស់ខ្លួននិងផ្តល់អាហារ ទឹក គ្រឿងបរិក្ខាពេទ្យ ភួយនិងសម្ភារៈផ្សេងៗទៀតនៅផ្នែកជាច្រើនក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន