កងទ័ពដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីបានប្រុងប្រៀបចាប់ផ្តើមវាយប្រហារនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតដើម្បីដណ្តើមយករដ្ឋធានី Raqqa របស់ក្រុមរដ្ឋឥស្លាមមកវិញ នេះយោងតាមអ្នកនាំពាក្យក្រុមកងជីវពលស៊ីរី Kurds ឬ YPG។
លោក Nouri Mahmoudអ្នកនាំពាក្យក្រុម YPG បាននិយាយកាលពីថ្ងៃសៅរ៍ថា «កងទ័ពបានទៅដល់ជាយក្រុងនោះ ហើយកិច្ចប្រតិបត្តិការដ៏សំខាន់មួយនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ»។
លោក Mahmoud បានបញ្ជាក់កំណត់សម្គាល់កាលពីថ្ងៃសៅរ៍ដោយពួកមន្រ្តីយោធាសហរដ្ឋអាមេរិកដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពប្រជាធិបតេយ្យស៊ីរី បានរុញចូលចម្ងាយបីបួនគីឡូម៉ែត្រក្នុងទីក្រុង Raqqa ហើយចំណាត់ការដើម្បីបង្កើនការត្រួតត្រា អាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។
ថ្លែងនៅក្នុងទីក្រុងបាដាក លោក Ryan Dillon អ្នកនាំពាក្យក្រុមចម្រុះប្រឆាំងក្រុមរដ្ឋឥស្លាមដែលដឹកនាំដោយសហរដ្ឋអាមេរិកបានប្រាប់ពួកអ្នកយកព័ត៌មានថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានប្រុងប្រៀបឡោមព័ទ្ធទីក្រុង Raqqa បន្ទាប់ពីដណ្តើមការត្រួតត្រាទឹកដីពីក្រុមរដ្ឋឥស្លាមនៅស៊ីរីកាលពីសប្តាហ៍មុន។
លោក Dillon និយាយទៀតថា កងកម្លាំងបានស្ថិតនៅចម្ងាយបីបួនគីឡូម៉ែត្រក្នុងក្រុង Raqqa ដែលស្ថិតនៅភាគខាងជើងនិងខាងកើតប្រហែល១០គីឡូម៉ត្រពីទីក្រុងនោះ។
មន្រ្តីយោធាសហរដ្ឋអាមេរិកបានប្រាប់ VOA ដាច់ដោយឡែកក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការប្រយុទ្ធដើម្បីដណ្តើមយកទីក្រុងនេះអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ៕