យន្តហោះយោធាប្រភេទដឹកជញ្ជូនរបស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅថ្ងៃពុធនេះ នៅក្នុងតំបន់ Belgorod នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
បណ្តាញផ្សាយព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះនោះបានដឹកពួកឈ្លើយសឹកអ៊ុយក្រែនចំនួន ៦៥នាក់ ដែលត្រូវដឹកទៅកាន់ព្រំដែនដើម្បីដោះដូរឈ្លើយសឹកគ្នា។
មិនមានអត្ថាធិប្បាយភ្លាមៗមកពីយោធារបស់អ៊ុយក្រែនទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះនោះក៏មានក្រុមអ្នកបើកបរនិងអ្នកធ្វើការលើយន្តហោះ ចំនួន ៦នាក់និងឆ្មាំការពារ ៣នាក់ផងដែរ។
រុស្ស៊ីក៏បានរាយការណ៍ពីការកម្ទេចដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង ដែលបានហោះពីលើតំបន់ Belgorod នៅព្រឹកថ្ងៃពុធនេះ បន្ថែមលើការបាញ់ស្ទាក់ដ្រូន ៤គ្រឿង ដែលហោះពីលើតំបន់ Oryol នៅភាគខាងលិចប្រទេសរុស្ស៊ី។
កងទ័ពរុស្ស៊ីបានវាយប្រហារយ៉ាងធំមួយកាលពីថ្ងៃអង្គារលើប្រទេសអ៊ុយក្រែន ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ១៨នាក់ដែរ។
តំបន់ពីរដែលរងការវាយប្រហារខ្លាំងបំផុតគឺរដ្ឋធានីកៀវ និងទីក្រុង Kharkiv ដែលនៅភាគឦសាន្តប្រទេស។ លោកប្រធានាធិបតី Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារថា មនុស្សជាង ១៣០នាក់ បានរងរបួស ហើយថា ការវាយប្រហារនោះបានធ្វើឱ្យខូចខាតផ្ទះ ១៣៩ខ្នង។
លោកបានថ្លែងទៀតថា ការវាយប្រហាររបស់រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីល ៤០ គ្រាប់។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលប្រហែលពាក់កណ្តាល៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ