ប្រទេសរុស្ស៊ីបានប៉ាន់ស្មានថា មានពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រហែល១ម៉ឺន នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយចំនួននេះនឹងកើនឡើងពីព្រោះតែពួកអ្នកប្រយុទ្ធដែលកំពុងរត់គេចខ្លួនពីប្រទេសស៊ីរី និងអ៊ីរ៉ាក់កំពុងធ្វើដំណើរមកកាន់ប្រទេសដែលហែកហួរដោយសារសង្គ្រាមនេះ។
បណ្តាញព័ត៌មានរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍បានដកស្រង់សម្តីលោក Zamir Kabulov បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ប្រទេសអាហ្វហ្គានីស្ថានមកចុះផ្សាយថា រដ្ឋាភិបាលក្រុងមូស្គូមានការព្រួយកង្វល់ពិសេសអំពីការកើនឡើងនូវជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ។ ក្រុមរដ្ឋឥស្លាមបានកើនឡើងនូវអំណាចរបស់ខ្លួនយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះនៅបណ្តាខេត្តខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានមានព្រំដែនជាមួយប្រទេស តាហ្ស៊ីគីស្ថាន និង តួកម៉េនីស្ថាន ។
លោក Kabulov បានប្រាប់ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ីថា៖ «រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេសមុនគេដែលមានការភ្ញាក់ផ្អើលពីការងើបឡើងនូវពួកក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ។ ក្រុមរដ្ឋឥស្លាមបានកើនឡើងនូវអំណាចរបស់ខ្លួននៅក្នុងប្រទេសនោះកាលពីពេលថ្មីៗនេះ។ យោងតាមការប៉ាន់ស្មានរបស់យើង ចំនួនរបស់ពួកជនសកម្មប្រយុទ្ធមានលើសពី១ម៉ឺននាក់ទៀត ហើយចំនួននេះនឹងកើនឡើង ជាពិសេសបណ្តាលមកពីការមកដល់របស់ពួកអ្នកប្រយុទ្ធថ្មីមកពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់»។
បេកសកជនរុស្ស៊ីរូបនោះ បានចោទប្រកាន់ថា ឧទ្ធម្ភាគចក្រដែលមិនស្គាល់អត្តសញ្ញាណកំពុងដឹកពួកអ្នកប្រយុទ្ធនិងកំពុងផ្គត់ផ្គង់ឧបករណ៍ខាងយោធារបស់ប្រទេសលោកខាងលិចទៅឲ្យសាខារបស់ក្រុមភេរវជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕