កាលពីថ្ងៃចន្ទ នៅក្រោយរយៈពេលច្រើនឆ្នាំដែលគាត់បានចំអកមើលងាយសង្គ្រាមស.រ.អា.ក្នុងប្រទេសអាហ្វហ្គានីស្ថានថាជា «ការខ្ជះខ្ជាយទាំងស្រុង» ប្រធានាធិបតី Donald Trump បានពន្យល់ថានៅពេលនេះហេតុដូចម្តេចបានជាគាត់មានជំនឿថាគឺជាក្នុងអត្ថប្រយោជន៍របស់ស.រ.អា.ដែលនៅតែប្តេជ្ញាដល់ប្រទេសនេះក្នុងទ្វីបអាស៊ីខាងត្បូង។
នៅក្នុងសុន្ទរកថាមួយនៅពេលយប់ដែលគាត់បានថ្លែងពីមូលដ្ឋានយោធាមួយនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន លោក Trump បានលាតត្រដាង ដោយមិនបាននិយាយឱ្យបានល្អិតល្អន់អំពី «របៀបដោះស្រាយមួយផ្អែកលើស្ថានភាព «ដើម្បីយកជ័យម្នះលើពួកភេរវជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយគាត់បាននិយាយថា ស.រ.អា.នឹងលែងប្រើក្រុមយោធារបស់ខ្លួនដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ ឬស្ថាបនាប្រទេសឯទៀតៗជាថ្មីតាមមុខមាត់របស់ខ្លួនផ្ទាល់ទៀតហើយ។
ប្រធានាធិបតីអាមេរិកាំងរូបនេះបាននិយាយថាគោលដៅរបស់គាត់គឺបញ្ឈប់ការមានជាថ្មីឡើងវិញនូវកន្លែងជ្រកកោនដោយសុខសាន្តសម្រាប់ពួកភេរវជនដើម្បីគំរាមកំហែងប្រទេសអាមេរិក និងធ្វើឱ្យប្រាកដប្រជាថាពួកវាមិនអាចមានអាវុធបរមាណូ។
ប្រធានាធិបតី Trump បាននិយាយប្រាប់ក្រុមទាហានប្រមាណពីរពាន់នាក់នៅក្នុងមហាសាលប្រជុំក្នុងមូលដ្ឋានរួម Myer-Henderson ថា «យើងនឹងមិននិយាយអំពីចំនួនទាហានឬផែនការរបស់យើងសម្រាប់សកម្មភាពយោធាថែមទៀតទេ។ ស្ថានភាពនៅនឹងកន្លែង ហើយមិនមែនកាលវិភាគតាមតែអំពើចិត្តទេដែលនឹងណែនាំយុទ្ធសាស្ត្ររបស់យើងចាប់តាំងពីពេលនេះទៅ។ពួកសត្រូវរបស់ប្រទេសអាមេរិកមិនត្រូវដឹងជាដាច់ខាតអំពីផែនការរបស់យើងឬមានជំនឿថាពួកវាអាចរង់ចាំយើងចេញទៅក្រៅនោះទេ។ខ្ញុំនឹងមិននិយាយថានៅពេលណាយើងនឹងវាយប្រហារទេ ក៏ប៉ន្តែយើងនឹងវាយប្រហារពួកវា។"
បើតាមប្រភពក្នុងសេតវិមានដែលនិយាយដោយមានលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះពួកគេថាប្រធានាធិបតី Trump មានយល់ព្រមបញ្ជូនទាហាន៤ពាន់នាក់ថែមទៀតទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។
នៅពេលនេះ មានទាហាសស.រ.អ.៨ពាន់៤រយនាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ភាគច្រើននៃក្រុមទាហានអាមេរិកាំងទាំងនេះផ្តល់ការណែនាំដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ទោះណាជាទាហានខ្លះក្នុងបណ្តាពួកទាហានទាំងនេះមានកាតព្វកិច្ចធ្វើកិច្ចប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម ប្រឆាំងនឹងក្រុមនានាដូចជាពួកតាលីបង់ ឬពួកអាហ្វហ្គនីស្ថានដែលមានចំណងទាក់ទងជាមួយរដ្ឋ Islam ជាដើម។
តួលេខនេះមានតិចជាងចំនួនទាហានអាមេរិកាំងជិត១សែននាក់ក្នុងប្រទេសAfghanistan ដែលលោកអតីតប្រធានាធិបតីស.រ.អ. Barack Obama បានបង្កើនកាលពីខែសីហាឆ្នាំ២០១០៕