ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើបអង្កេត​ថ្មី​លើករណី​យន្តហោះ​ MH-17


រូបឯកសារ៖ លោក Oleg Storchevoy អនុប្រធាន​ទី​ភ្នាក់​ងារ​អាកាសចរណ៍​ហព័ន្ធ​រុស្ស៊ី ថ្លែងក្នុង​ពេល​ធ្វើ​សន្និសីទ​អំពី​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH-17 កាលពី​ខែ​កក្កដា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក Oleg Storchevoy អនុប្រធាន​ទី​ភ្នាក់​ងារ​អាកាសចរណ៍​ហព័ន្ធ​រុស្ស៊ី ថ្លែងក្នុង​ពេល​ធ្វើ​សន្និសីទ​អំពី​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH-17 កាលពី​ខែ​កក្កដា ឆ្នាំ២០១៥។

រុស្ស៊ី​បាន​សុំ​ឲ្យ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​បើកការ​ស៊ើប​អង្កេត​ថ្មី​នៅ​ក្នុង​ការ​ធ្លាក់​ជើង​ហោះហើរ​ MH-17 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​ទៅ​ នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅទីក្រុង​មូស្គូ ​លោក Oleg Storchevoy អនុប្រធាន​ទី​ភ្នាក់​ងារ​អាកាសចរណ៍​ហព័ន្ធ​រុស្ស៊ី ​បាន​ប្រឆាំង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ប្រទេស​ហូឡង់ ​ហើយ​បាន​និយាយ​ថា ​រុស្ស៊ី​មាន​សិទ្ធិ​ផ្តួច​ផ្តើម​បន្ត​ការ​ស៊ើប​អង្កេត​ពី​មហន្តរាយ​នេះ។

លោក​និយាយ​ថា៖ «របាយការណ៍​នេះ ​មិនមាន​ការ​ពិត​ដែល​បញ្ជាក់​ពី​ការ​វាយ​តម្លៃ​ពេញ​លេញ​និង​ភាព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នៃ​ការស៊ើបអង្កេត​នេះ​ទេ។ គុណភាព​នៃ​ការ​ស៊ើប​អង្កេត ​មិន​បាន​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទេ​ ហើយ​តាមមតិ​របស់​យើង ​ការស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ឡើង​ដោយ​រំលោភ​បទដ្ឋាន ICAO‍»។

គណៈ​កម្មការស៊ើប​អង្កេត​ការ​ធ្លាក់​យន្តហោះធុន ​MH-17 ដែល​ដឹកនាំ​ដោយ​ហូឡង់បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា យន្តហោះ​នោះ​បាន​ត្រូវ​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​មីស៊ីល​ពី​ដី​ទៅ​អាកាស។ ក៏ប៉ុន្តែ​ លោក Storchevoy បាន​និយាយ​ថា មិនមាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ការអះអាង​នោះ​ទេ។

លោក ​និយាយ​ថា៖ «តាម​ការពិត ​នៅ​លើ​សំបក​ដែល​គ្រប​លើ​តួយន្តហោះ ​Boeing 777 ​មិន​មាន​ប្រហោង​ដែល​ចង្អុល​បង្ហាញ​ថា ​យន្តហោះ​នោះ​បាន​ត្រូវ​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​ BUK M1​ ទេ។ ​មិន​មាន​ការ​ខូច​ខាត​ដែល​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​អំបែង​រាង​ដូចជា​មេអំបៅ​នោះ​ទេ។

យន្តហោះ​ម៉ាក្ស Boeing 777 ​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៤ ​នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​ដែល​ជា​ទី​កន្លែង​ប្រយុទ្ធ​រវាង​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​និង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន ​ដោយ​បាន​សម្លាប់​មនុស្ស​១៩៨​នាក់​នៅ​លើ​យន្តហោះ​នោះ៕

XS
SM
MD
LG