កងយោធានៃប្រទេសរុស្ស៊ីបានបដិសេធអំពីយន្តហោះមួយគ្រឿងនៃកងយន្តហោះប្រតិកម្មរបស់ខ្លួន ថាមិនបានហោះយ៉ាងគឃ្លើននៅក្នុងឧប្បត្តិហេតុមួយជាមួយយន្តហោះឈ្លបយកការណ៍មួយនៃកងទ័ពអាកាសស.រ.អា. ដែលបានហោះពីលើសមុទ្របាល់ទិច (Baltic) ទេ។
កងយោធាស.រ.អា.បាននិយាយថា យន្តហោះប្រតិកម្មរុស្ស៊ីធុន SU-27 បានហោះតាម«របៀបមួយគ្មានសុវត្ថិភាពនិងគ្មានវិជ្ជាជីវៈ»នៅចម្ងាយ១៥ម៉ែត្រពីយន្តហោះស.រ.អា.មួយគ្រឿងធុន RC-135 កាលពីថ្ងៃព្រហស្បតិ៍។
លោក Igor Konashenkov អ្នកនាំពាក្យនៃក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែប្រញាប់ប្រញាល់បញ្ជូនយន្តហោះមួយគ្រឿង នៅក្រោយពេលដឹងថា ទីដៅក្នុងអាកាសគ្មានអត្តសញ្ញាណមួយបានហោះយ៉ាងលឿនទៅកាន់ព្រំដែនខ្លួន។
អ្នកនាំពាក្យរុស្ស៊ីរូបនេះបាននិយាយថា នៅពេលដែលយន្តហោះអាមេរិកាំងនោះបានឃើញយន្តហោះប្រតិកម្មរុស្ស៊ី យន្តហោះឈ្លបយកការណ៍នោះបានប្តូរផ្លូវហោះដោយហោះចេញឆ្ងាយពីព្រំដែន។
សេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការធំរបស់ស.រ.អា.ក្នុងទ្វីបអឺរ៉ុបបាននិយាយកាលពីថ្ងៃសៅរ៍ថា ឧប្បត្តិហេតុនេះបានកើតមានឡើងនៅក្នុងដែនអាកាសអន្តរជាតិ ហើយថាយន្តហោះអាមេរិកាំងនោះមិនបានហោះចូលក្នុងដែនអាកាសរុស្ស៊ីទេ។
កាលពីប៉ុន្មានថ្ងៃមុននេះ កងយន្តហោះប្រតិកម្មប្រយុទ្ធរបស់រុស្ស៊ីបានហោះជិតនាវាចម្បាំងអាមេរិកាំងឈ្មោះ USS Donald Cook នៅក្នុងដែនសមុទ្រអន្តរជាតិក្នុងសមុទ្របាល់ទិច។
ពួកនាវិកនៃនាវាចម្បាំងអាមេរិកាំងនោះបានស្រឡាំងកាំងដោយបានឃើញកងយន្តហោះរុស្ស៊ីធុន SU-24 គ្មានអាវុធហោះនៅចម្ងាយតែ៩ម៉ែត្រពីនាវាពិឃាតនោះ ដែលបាននាំឱ្យមានស្នាមទឹករលកនៅក្នុងផ្ទៃសមុទ្រតាមគន្លងដែលយន្តហោះទាំងនោះហោះពីលើ។
ក្រសួងការពារប្រទេសរុស្ស៊ីបានបដិសេធថា សកម្មភាពនេះមិនមែនជាការបង្ករឿងទេ ដោយបាននិយាយថាយន្តហោះទាំងនោះបានធ្វើការពិសោធន៍ខាងហោះហើរ ហើយគ្រាន់តែបានពិនិត្យមើលនាវាចម្បាំង Donald Cook នៅមុនវាហោះចេញពីទីនោះ«ដោយប្រព្រឹត្តតាមវិធានការសុវត្ថិភាពទាំងអស់»៕