រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានផែនការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងខ្លួននៅក្នុងការទាក់ទិនទៅនឹងការដាក់ថ្នាំបំពុលអតីតចារបុរសម្នាក់ហើយនឹងកូនស្រីរបស់លោកនៅក្នុងចក្រភពអង់គ្លេស។
រដ្ឋាភិបាលក្រុងម៉ូស្គូបានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជាការខុសច្បាប់។ រុស្ស៊ីបាននិយាយទៀតថា ខ្លួនមិនបានធ្វើអ្វីពាក់ព័ន្ធនឹងឧបទ្ទវហេតុកាលពីខែមិនាជាមួយលោក Sergei Skripal ហើយនឹងកូនស្រីរបស់លោកឈ្មោះ Yulia ដែលត្រូវបានគេរកឃើញមិនដឹងខ្លួននៅលើកៅអីអង្គុយលេងនៅទីក្រុង Salisbury។
ពួកគេ មានជំងឺឈឺដោយសារត្រូវថ្នាំពុល Novichok ដែលជាប្រភេទថ្នាំពុលធ្វើឲ្យខូចសរសៃប្រសាទផលិតនៅសម័យសហភាពសូវៀត។ អ្នកទាំង២នៅរស់រានមានជីវិត ក៏ប៉ុន្តែ បានចំណាយពេលរាប់សប្តាហ៍នៅក្នុងមន្ទីរពេទ្យ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «សហរដ្ឋអាមេរិកកំពុងដាក់ការទាមទារដោយចេតនាដែលជាការមិនអាចឲ្យយើង ទទួលយកបាន។ យើងត្រូវបានគេគំរាមកំហែងដោយពង្រីកសម្ពាធនៃការដាក់ទណ្ឌកម្ម»។
លោកស្រីបាននិយាយថា «ឧបទ្ទវហេតុនៅក្នុងចក្រភពអង់គ្លេសជាការដោះសារមួយសម្រាប់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មហើយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្យា យាមប្រើប្រធានបទប្រឆាំងនឹងរុស្ស៊ីជាមធ្យោបាយមួយដើម្បីបន្តធ្វើឲ្យរុស្ស៊ីកាន់តែអាក្រក់ឡើង ហើយនឹងបង្ហាញថា រដ្ឋាភិបាលក្រុងម៉ូស្គូមិនបានបំពេញកាតព្វកិច្ចអន្តរ ជាតិរបស់ខ្លួន។
ក្រសួងការបរទេសអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មកាលពីថ្ងៃពុធដោយនិយាយថា រុស្ស៊ីបានរំលោភច្បាប់អន្តរជាតិដោយប្រើថ្នាំពុលសម្លាប់ពលរដ្ឋផ្ទាល់របស់ខ្លួន៕