ស្ថានទូតរុស្ស៊ីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ីគឺផ្អែកលើ «ការចោទប្រកាន់ដែលមិនទំនង» ថារុស្ស៊ីជាអ្នកទទួលខុសត្រូវលើការបំពុលអតីតចារបុរសរុស្ស៊ីម្នាក់ និងកូនស្រីរបស់ចារបុរសនោះនៅក្នុងចក្រភពអង់គ្លេសកាលពីខែមិនាកន្លងទៅនេះ។
ស្ថានទូតរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយរបស់ខ្លួនថា៖ «រដ្ឋាភិបាលរុស្ស៊ីស៊ាំទៅហើយចំពោះរឿងដែលមិនមានការពិត ឬក៏ភស្តុតាងណាមួយនោះ»។
ស្ថានទូតរុស្ស៊ីបានបន្ថែមទៀតថា សហរដ្ឋអាមេរិកមិនបានឆ្លើយតបចំពោះសំណួររបស់រុស្ស៊ីអំពីភស្តុតាងចំពោះករណីនេះ ហើយរុស្ស៊ីគឺគាំទ្រឲ្យមាននូវការស៊ើបអង្កេតដ៏មានតម្លាភាពមួយទៅលើអ្វីដែលបានកើតឡើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗនេះកាលពីថ្ងៃពុធម្សិលមិញ ដោយបានបញ្ជាក់ថា រុស្ស៊ីបានរំលោភលើច្បាប់អន្តរជាតិដោយបានប្រើសារធាតុពុលដ៏សាហាវបំផុតប្រឆាំងនឹងជនជាតិខ្លួនឯង។ វិធានការទណ្ឌកម្មនេះនឹងចូលជាធរមាននៅថ្ងៃទី ២២ ខែសីហានេះ ហើយជាទូទៅទណ្ឌកម្មនេះគឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិកសម្រាប់ការនាំចេញទំនិញទាក់ទិននឹងសន្តិសុខជាតិទៅកាន់ប្រទេសរុស្ស៊ី ដូចជាគ្រឿងអេឡិចត្រូនិកជាដើម។
ចារបុរសរុស្ស៊ីដែលត្រូវបានបំពុលនោះឈ្មោះ Sergei Skripal និងកូនស្រីរបស់បុរសនោះឈ្មោះ Yulia ត្រូវបានប៉ូលិសរកឃើញដួលសន្លប់នៅក្នុងទីក្រុង Salisbury ចក្រភពអង់គ្លេស។ អ្នកទាំងពីរត្រូវបានបំពុលដោយសារធាតុ Novichok ដែលជាសារធាតុពុលម្យ៉ាងកាលពីសម័យសហភាពសូវៀត។ អ្នកទាំងពីររួចពីការស្លាប់ ប៉ុន្តែបានចំណាយពេលអស់ជាច្រើនសប្ដាហ៍ដើម្បីព្យាបាលនៅក្នុងមន្ទីរពេទ្យ៕