ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បញ្ជា​ឲ្យ​អាមេរិក​កាត់​បន្ថយ​ចំនួន​បុគ្គលិក​កាទូត​អាមេរិក​នៅ​រុស្ស៊ី


រូបឯកសារ៖ ប៉ូលិស​រុស្ស៊ី​ម្នាក់​ឈរ​នៅ​មុខ​ទ្វារ​ចូល​ទៅ​កាន់​ស្ថាន​ទូត​អាមេរិក​ក្នុង​ទីក្រុងមូស្គូ។
រូបឯកសារ៖ ប៉ូលិស​រុស្ស៊ី​ម្នាក់​ឈរ​នៅ​មុខ​ទ្វារ​ចូល​ទៅ​កាន់​ស្ថាន​ទូត​អាមេរិក​ក្នុង​ទីក្រុងមូស្គូ។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​តែ​ចាត់​វិធានការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ដើម្បី​ជា​ការឆ្លើយ​តប​ទៅ​នឹង​ការ​អនុម័ត​របស់​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​រុស្ស៊ី។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​បាន​ថ្លែង​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​បញ្ជាក់​ពី​ការ​ឈ្លាន​ពាន​ដ៏​ខ្លាំងក្លា​របស់​អាមេរិក​នៅ​ក្នុង​កិច្ច​ការ​អន្តរជាតិ។

លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា៖ «យើង​ស្នើ​ទៅ​កាន់​ភាគី​អាមេរិក​បញ្ជូន​មន្ត្រី​កាទូត​និង​បច្ចេកទេស​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ូស្គូ និង​ស្ថានកុងស៊ុល ឲ្យ​មាន​ចំនួន​ស្មើ​នឹង​ចំនួន​មន្ត្រី​កាទូត​និង​បុគ្គលិក​បច្ចេកទេស​របស់​រុស្ស៊ី​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋអាមេរិក»។

រុស្ស៊ី​ថ្លែង​ទៀត​ថា​ ការ​កាត់​បន្ថយ​កង​កម្លាំង​នេះ​នឹង​ធ្វើ​ឲ្យ​ចំនួន​មន្ត្រី​និង​បុគ្គលិក​កាទូត​របស់​អាមេរិក​នៅ​សល់​ត្រឹម ​៤៥៥នាក់​ ហើយ​កិច្ច​ការ​នេះ​ត្រូវ​តែ​បញ្ចប់​ត្រឹម​ចុង​ខែ​សីហា។

បន្ថែម​ពី​លើ​ការ​កាត់​បន្ថយ​បុគ្គលិក​កាទូត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រុស្ស៊ី​ក៏​បាន​ថ្លែង​ដែរ​ថា ខ្លួន​នឹង​រារាំង​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​មិន​ឲ្យ​ចូល​ទៅ​ក្នុង​អាគារ​ធំៗ​របស់​ខ្លួន​ក្នុង​ទីក្រុង​ម៉ូស្គូ​ និង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ Serebryany Bor នោះ​ទេ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា៖ «យើង​មានសិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​ផ្សេង​ទៀត ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អាមេរិក»។​

​មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រថា៖ «យើង​បាន​ដឹង​ពីការ​លើក​ឡើង​របស់​រដ្ឋាភិបាល​រុស្ស៊ី​ហើយ គឺ​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី John Tefft បាន​បង្ហាញ​ការ​ខក​ចិត្ត​និង​ការ​តវ៉ា​ជំទាស់​របស់​លោក»៕

XS
SM
MD
LG