ការបញ្ជូននាវាចម្បាំងធំជាងគេបង្អស់របស់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលជាច្រើនឆ្នាំ នាំឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលនាវាទាំងនោះ បើកកាត់ប្រទេសន័រវែស កាត់តាមច្រកសមុទ្រអង់គ្លេស ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីជួយគាំទ្រយុទ្ធនាការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងប្រទេសស៊ីរី។
នាវាចម្បាំងរបស់ចក្រភពអង់គ្លេស ស្ថិតនៅក្នុងស្រមោលនៃនាវារបស់រុស្ស៊ី នៅពេលដែលនាវារុស្ស៊ីបើកកាត់តាមច្រកសមុទ្រ។ អ្នកវិភាគគិតថា នេះគឺជាប្រតិកម្មឆ្លើយតបទៅនឹងសមាជិកនៃអង្គការអូតង់។
លោក Victor Mizin អ្នកវិភាគនយោបាយនៅវិទ្យាស្ថានអន្តរជាតិនៅទីក្រុងមូស្គូ និយាយថា៖ «វាគឺជាអារម្មណ៍ទូទៅមួយហើយនៅទីនេះ ដែលរុស្ស៊ីកំពុងក្លាយខ្លួនជាមហាអំណាចម្តងទៀត ហើយពួកយើងមានវត្តមាននៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក»។
អ្នកការទូតរបស់អង្គការអូតង់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថានេះជាការបញ្ជូននាវារុស្ស៊ីធំជាងគេបង្អស់ ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stolenberg បានសម្តែងការព្រួយបារម្ភខ្លាចក្រែងនាវាចម្បាំងរបស់រុស្ស៊ី ចូលរួមក្នុងការវាយប្រហារទៅលើទីក្រុង Aleppo ហើយនាំឲ្យការរងគ្រោះរបស់ពលរដ្ឋនៅទីនោះ កាន់តែកើនឡើង៕