អាជ្ញាធរប្រទេសអ៊ីរ៉ង់បានប្រហារជីវិតអ្នកវិទ្យាសាស្ត្របរមាណូម្នាក់ ដែលត្រូវបានកាត់ក្តីឲ្យមានទោសពីបទផ្តល់ព័ត៌មានសម្ងាត់អំពីកម្មវិធីបរមាណូចម្រូងចម្រាសរបស់រដ្ឋាភិបាលក្រុងតេរ៉ង់ទៅឲ្យស.រ.អា។
ការប្រហារជីវិតលោក Shahram Amiri បានត្រូវបញ្ជាក់ថា ជាការពិតកាលពីថ្ងៃអាទិត្យ ដោយទីភ្នាក់ងារព័ត៌មាន IRNA។ លោក Gholamhosein Mohseni Ejehi អ្នកនាំពាក្យតុលាការអ៊ីរ៉ង់បាននិយាយថា «តាមរយៈការទាក់ទងរបស់គាត់ជាមួយស.រ.អា លោក Amari បានផ្តល់ព័ត៌មានសំខាន់ណាស់ដល់សត្រូវ»។
លោក Ejehi បាននិយាយថា តុលាការមួយបានកាត់ទោសប្រហារជីវិត Amari ដែលជាសាលក្រមមួយត្រូវបានតម្កល់ដោយតុលាការកំពូលនៃប្រទេសអ៊ីរ៉ង់។
លោក Amari បានចាកចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីឆ្នាំ២០០៩ ហើយបានទៅរស់នៅជាថ្មីក្នុងស.រ.អាមួយឆ្នាំបន្ទាប់មក។ក្រុមមន្ត្រីស.រ.អាបាននិយាយថា ពួកគេបានផ្តល់ប្រាក់ប្រមាណ៥លានដុល្លារឲ្យលោកចាកចេញពីប្រទេសអ៊ីរ៉ង និងឱ្យផ្តល់ព័ត៌មានអំពីកម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់។
មន្ត្រីស.រ.អាម្នាក់បាននិយាយកាលពីឆ្នាំ២០១០ថា ស.រ.អាបានទទួល«ព័ត៌មានមានប្រយោជន៍» ពីលោក Amari។
លោក Amari ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងសាកលវិទ្យាល័យ ហើយបាន ធ្វើការឲ្យអង្គការថាមពលបរមាណូនៃប្រទេសអ៊ីរ៉ង់បានរត់គេចខ្លួនចេញពីស.រ.អាកាលពីឆ្នាំ២០១០ ដោយមិនបានទទួលប្រាក់នោះទេ និងបានទទួលស្វាគមន៍ដោយក្រុមមន្ត្រីអ៊ីរ៉ង់ដូចជាវីរបុរសនៅមុនពេលលោកបានត្រូវចាប់ខ្លួន។លោកបាននិយាយប្រាប់ក្រុមមន្ត្រីអ៊ីរ៉ង់ថា លោកបានជាប់ឃុំឃាំងនៅក្នុងស.រ.អា បន្ទាប់ពីត្រូវបានចាប់ពង្រត់ក្នុងប្រទេសអារ៉ាប៊ី សាអូឌីតដោយភ្នាក់ងារពីរនាក់នៃទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា CIA៕