កាលពីថ្ងៃអាទិត្យ កងកម្លាំងស៊ីរីដឹកនាំដោយពួកជនអំបូរឃើដ និងគាំទ្រដោយស.រ.អា. បានបើកការវាយលុកមួយដើម្បីវាយយកក្រុង Raqqa មកវិញ។ ក្រុងរបស់ប្រទេសស៊ិរីនេះតាមពិត បានក្លាយទៅជារដ្ឋធានីរបស់ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមរួចហើយ។
មេបញ្ជាការម្នាក់របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF បានប្រកាសអំពីការចាប់ផ្តើមយុទ្ធនាការនេះកាលពីថ្ងៃអាទិត្យ។
ប្រេសិតស.រ.អា.ទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងពួករដ្ឋឥស្លាម បានបញ្ជាក់ថា កងកម្លាំង SDF ដែលជាក្រុមមួយដឹកនាំដោយពួកជនអំបូរឃើដ ដែលមានរួមបញ្ចូលទាំងពួកយុទ្ធជនអារ៉ាប់ដែរនោះ បានទទួលការគាំទ្រតាមអាកាសពីកងយន្តហោះចម្បាំងអាមេរិកាំងនៅក្នុងកិច្ចប្រតិបត្តិការនេះ។
លោក Brett McGurk បានមានប្រសាសន៍ពីស្ថានទូតស.រ.អា.ក្នុងក្រុង Amman ថា«យុទ្ធនាការវាយយកក្រុង Raqqa មកវិញនឹងមានធ្វើតាមដំណាក់កាល»។មានដំណាក់កាលដាច់ដោយឡែកមួយដែលបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយនឹងមានដំណាក់កាលបន្តបន្ទាប់ទៀតដើម្បីធ្វើឱ្យប្រាកដប្រជាថា យើងដេញពួក Daesh ចេញពីក្រុង Raqqa»។ លោកបានប្រើពាក្យ Daesh ដើម្បីសម្គាល់ពួកជនជ្រុលនិយមប្រដាប់អាវុធនេះ។
ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានវាយយកបានក្រុងនេះក្នុងផ្នែកខាងជើងកណ្តាលនៃប្រទេសស៊ីរី កាលពីដើមឆ្នាំ២០១៤ មក។នៅពេលជាមួយគ្នានេះ ក្រុមមួយដាច់ដោយឡែកគាំទ្រដោយ ស.រ.អា. និងប្រទេសឯទៀតៗកំពុងប៉ុនប៉ងវាយយកមកវិញនូវក្រុង Mosul របស់ប្រទេសអ៊ីរ៉ាក់ដែលត្រួតត្រាដោយពួករដ្ឋឥស្លាមដែរ៕