រដ្ឋាភិបាលក្រុងមូស្គូអះអាងថា ការចោទប្រកាន់ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី១៣នាក់ហើយនិងក្រុមហ៊ុនរុស្ស៊ី៣ ចំពោះការជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ២០១៦ជាការនិយាយ«ផ្តេសផ្តាស់»។
ថ្លែងនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិច ក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះពួកមេដឹកនាំពិភពលោករាប់សិបនាក់បានជួបប្រជុំគ្នានៅសប្តាហ៍នេះ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចោទសួររកភ័ស្តុតាងដែលបង្ហាញដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកហើយនិងស្មាក្តីពិសេស Robert Mueller។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយថា៖ «អស់លោក អ្នកដឹងហើយថា ខ្ញុំមិនមានប្រតិកម្មអ្វីទាំងអស់ ពីព្រោះគេអាចបោះពុម្ភផ្សាយអ្វីៗដែលគេចង់។ យើងឃើញការចោទប្រកាន់ សេចក្តីថ្លែងការណ៍ ការចោទប្រកាន់គ្មានភ័ស្តុតាងជាច្រើនលើក។ ដរាបណាយើងមិនឃើញភ័ស្តុតាងជាក់ស្តែងទេ អ្វីៗជាការនិយាយផ្តេសផ្តាស់។ ខ្ញុំសូមអភ័យទោសចំពោះការគ្មានពាក្យពេជន៍ការទូត»។
ការស៊ើបអង្កេតរបស់ស្មាក្តី Mueller បានបង្ហាញពីការខំប្រឹងប្រែងរបស់រុស្សីដើម្បីធ្វើឲ្យមានឥទ្ធិពលក្នុងនយោបាយសហរដ្ឋអាមេរិកតាមប្រព័ន្ធសន្តិសុខកុំព្យូទ័រ។ការចោទប្រកាន់បានឲ្យដឹងថា ក្រុមឃោសនារុស្ស៊ីបានត្រួតត្រាការរួមគំនិតខាងឧក្រិដ្ឋកម្មនិងចារកម្មដើម្បីឲ្យមានឥទ្ធិពលដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ ដោយគាំទ្រលោកដូណាល់ ត្រាំ ហើយបន្តុះបង្អាប់លោកស្រី Hillary Clinton ដែលជាគូប្រកួតប្រជែងលោក ដូណាល់ ត្រាំ។
ការចោទប្រកាន់បានធ្វើឲ្យមានការតានតឹងបន្ថែមទៀតនៅឯជំនួបរបស់មេដឹកនាំនយោបាយនិងយោធាសាកលលោកដែលមានរយៈពេល៣ថ្ងៃនៅក្នុងទីក្រុង Munich៕