ម្តាយរបស់សពមេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ត្រូវបានអាជ្ញាធរបដិសេធមិនឱ្យចូលទៅមើលសាកសពកូនប្រុសក្នុងថ្ងៃទី ៣ ជាប់ៗគ្នា។ នេះបើតាមក្រុមបក្សប្រឆាំងរបស់លោកនិយាយនៅថ្ងៃចន្ទនេះ ខណៈដែលភរិយាមេម៉ាយរបស់លោកបានត្រៀមជួបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការស្លាប់របស់លោក Navalny ក្នុងពន្ធនាគាមួយក្នុងតំបន់អាកទិកកាលពីសប្តាហ៍មុន បានធ្វើឱ្យក្រុមប្រឆាំងរុស្ស៊ីដែលនិទេសខ្លួននៅក្រៅប្រទេសមានការតក់ស្លត់ជាខ្លាំង ដែលរួមជាមួយក្រុមបស្ចឹមប្រទេសបានចោទថា វាជាស្នាដៃរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
សម្ព័ន្ធមិត្តលោក Navalny និយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ម្តាយមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះគឺអ្នកស្រី Lyudmila ថា ការស៊ើបអង្កេតលើការស្លាប់របស់កូនប្រុសអ្នកស្រីក្នុងពន្ធនាគារនោះ ត្រូវប្រើពេលធ្វើបន្ថែមទៀត។
មន្ទីរពន្ធនាគាររុស្ស៊ីនិយាយថា លោក Navalny ដែលមានវ័យ ៤៧ ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពីលោកដើរក្នុងបរិវេណពន្ធនាគារ ដែលស្ថិតនៅខាងលើតំបន់អាកទិកដាច់ស្រាយាលមួយកន្លែង។
ម្តាយរបស់លោកបានធ្វើដំណើរទៅមើលសាកសពកូនកាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្នុងពន្ធនាគារដែលស្ថិតក្នុងទីប្រជុំជន Kharp នៅឆ្ងាយដាច់ពីគេ និងមានចម្ងាយប្រមាណ ២ ពាន់គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ ប៉ុន្តែត្រូវបានគេប្រាប់ថា សាកសពកូនប្រុសអ្នកស្រីមិនស្ថិតនៅទីនោះទេ។
អ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់សាលដាក់សពក្នុងតំបន់ Salekhard ប៉ុន្តែមន្ត្រីរុស្ស៊ីនៅទីនោះបានបដិសេធមិនឱ្យអ្នកស្រីចូលទៅមើលសាកសពកូនប្រុសឡើយ។
អ្នកនាំពាក្យលោក Navalny លោកស្រី Kira Yarmysh បង្ហោះសារលើបណ្តាញសង្គមថា៖ «ម្តាយលោក Alexei និងក្រុមធាវីបានទៅដល់កន្លែងតម្កល់សាកសពនោះកាលពីព្រឹកព្រលឹម ប៉ុន្តែមិនត្រូវបានគេអនុញ្ញាតចូលទៅក្នុងសាលនោះឡើយ»។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ម្តាយលោក Navalny ដែលមិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈនោះ ត្រូវបានអាជ្ញាធរបា្រប់ថា ការស៊ើបអង្កេតលើការស្លាប់កូនអ្នកស្រី នឹងត្រូវប្រើពេលបន្ថែមទៀត។
ស្រី្តអ្នកនាំពាក្យរូបនេះបន្ថែមទៀតថា គេនៅមិនទាន់ដឹងនៅឡើយទេថា តើការស៊ើបអង្កេតនេះនឹងបន្តរហូតដល់ពេលណានោះទេ ហើយមូលហេតុនៃការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីនេះ នៅមិនទាន់ត្រូវបានកំណត់ឱ្យដឹងនៅឡើយ។ ពួកគេភូតកុហក់ ដោយប្រើពេលវេលាដើម្បីបិទបាំង»។
ក្រុមលោក Navalny ដែលបានធ្វើសកម្មភាពពីក្រៅប្រទេសរុស្ស៊ីអស់ពេលជាងពីរឆ្នាំកន្លងទៅនេះបានទាមទារថា សាកសពមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះ ត្រូវប្រគល់ដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់លោក។ ពួកគេបានចោទប្រកាន់លើក្រុមអាជ្ញាធររុស្ស៊ីថា បានព្យាយាមបិទបាំងនូវអំពើរបស់គេ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ជុំវិញករណីស្លាប់របស់មេដឹកនាំបក្សប្រឆាំងរូបនេះ បើទោះបីជាលោកបានបង្ហាញខ្លួនជាសាធាrណៈ ក្រោយការប្រកាសពីមរណៈភាពរបស់លោក Navalny ក៏ដោយក្តី៕
វេទិកាបញ្ចេញមតិ