ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Alexei Navalny មេដឹកនាំ​​ក្រុមប្រឆាំង​​​បានស្លាប់​​ក្នុង​ពន្ធនាគារ


កម្រងផ្កា​សម្រាប់​លោក Alexei Navalny នៅមុខ​ស្ថានទូត​រុស្ស៊ី​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យដោយ Alexey Gorbachev)
កម្រងផ្កា​សម្រាប់​លោក Alexei Navalny នៅមុខ​ស្ថានទូត​រុស្ស៊ី​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យដោយ Alexey Gorbachev)

មេដឹកនាំ​ក្រុមប្រឆាំងរុស្ស៊ីលោក Alexey Navalny ដែល​បានទទួល​អនិច្ចកម្មនៅក្នុង​ពន្ធនាគារ​មួយក្នុងតំបន់ Arctic កាល​ពីថ្ងៃសុក្រទី១៦កុម្ភៈ បាន​ប្រើ​បណ្តាញ​ព័ត៌មានសង្គមនិង​ការធុញទ្រាន់ជា​មួយ​អាជ្ញាធរ​ក្រឹមឡាំងដើម្បីឱ្យបានល្បី​ឈ្មោះ។

ក្នុង​រយៈពេល​ច្រើនឆ្នាំ​លោក Alexey Navalny ជា​អ្នករិះគន់​ខ្លាំង​ក្លា​ដល់​ប្រធានាធិបតី Vladimir Putin និង​គោលនយោបាយរបស់លោក។ លោកបានវិលត្រឡប់​មក​រុស្ស៊ីវិញក្រោយ​បានជាសះស្បើយ​ពីការវាយប្រហារ​ដោយថ្នាំពុល​ដែល​ស្ទើរ​តែ​សម្លាប់​លោក​ដែល​ក្រុមអ្នកគាំទ្រ​លោក​និយាយថា​ត្រូវ​បានសម្របសម្រួលដោយវិមានក្រឹមឡាំង។ លោក​បានជាប់ពន្ធនាគារភ្លាមៗ​ពេល​លោក​មកដល់រុស្ស៊ីវិញ។

សេវា​ពន្ធនាគារបាននិយាយកាលពីថ្ងៃសុក្រ​ថាពួកពេទ្យមិនអាច​ធ្វើ​ឱ្យលោក​ដឹង​ខ្លួនទេ​នៅពេលលោក​សន្លប់ក្រោយ​ពី​លោកបានដើរ។

នៅពេល​លោក​ជាប់ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ បុរសអាយុ៤៧ឆ្នាំ​រូបនេះបាន​បង្ហាញខ្លួនក្នុង​វីដេអូមាន​គុណភាពអន់​ថត​នៅក្នុង​សវនាការ​បណ្តោះអាសន្ន ដោយ​លោកហ៊ាន​រិះគន់ខ្លាំង​ក្លាដល់លោក Putin អំពី​ការវាយលុករបស់លោក​នៅ​ក្នុងប្រទេស​អ៊ុយក្រែន។

សារ​របស់លោក--ត្រូវផ្សាយបន្ត​ដល់ក្រុមអ្នក​គាំទ្រ​លោកតាមរយៈ​បណ្តាញ​ព័ត៌មានសង្គម--ផ្ទុយ​ស្រឡះ​ពី​សារ​របស់លោក Putin ដែល​ជា​អតីត​ភ្នាក់ងារ​ KGB បែបសូវៀត​អាយុ៧១ឆ្នាំដែលបានគ្រប់គ្រង​ប្រទេស​រុស្ស៊ីជាង​២០ឆ្នាំ​មក​ហើយ។

លោក Navalny ​បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយថា«​ប្រទេស​រុស្ស៊ីកំពុង​វិលវល់​នៅ​ក្នុងថ្លុកភក់​ឬ​ថ្លុក​ឈាម​ ជា​មួយឆ្អឹងបែកបាក់​ ជា​មួយ​ពលរដ្ឋ​ក្រីក្រ​និងត្រូវ​ប្លន់ ហើយ​នៅជុំវិញថ្លុក​នេះ​មាន​មនុស្ស​រាប់​ម៉ឺននាក់​ត្រូវ​បាន​សម្លាប់ក្នុងសង្គ្រាម​ល្ងី​ល្ងើ​និងគ្មាន​ន័យ​បំផុត​នៃ​សតវត្សរ៍ទី២១»។​

ការ​រិះគន់របស់លោកដែលត្រូវបាន​គាំទ្រ​ដោយ​ពួក​អ្នកគាំទ្រ​រាប់​ពាន់នាក់ជា​ប្រភព​មួយនៃការ​ធ្វើឱ្យ​អាជ្ញាធរក្រឹមឡាំងរកាំចិត្ត។ ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​វិមានក្រឹមឡាំងថា​បាន​កម្ចាត់ក្រុម​ប្រឆាំងតាមវិធីចាំ​បាច់ទាំងអស់។

មរណភាពរបស់លោក​នឹង​បង្កើន​កង្វល់​ទាំង​នេះ​ថែមទៀត។

«ខ្ញុំ​មិនខ្លាច​ទេ»

កាលពីឆ្នាំ២០១៨លោក​បានឃោសនា​បោះឆ្នោតនៅទូទាំង​ប្រទេស​សម្រាប់តំណែងប្រធានាធិបតី ដោយ​លោកបានបោះពុម្ពផ្សាយ​ការស៊ើបអង្កេត​អំពី​អំពើ​ពុករលួយ​ដែល​នាំឱ្យអាជ្ញាធរ​វិមានក្រឹមឡាំងអាម៉ាស់មុខ ហើយលោក​បាន​ប្រមូល​ហ្វូងមនុស្ស​តាមដងផ្លូវផង​ដែរ​។

ការវិល​ត្រឡប់​របស់លោក​មក​រុស្ស៊ីវិញ​កាលពីខែមករា ឆ្នាំ២០២១ ទោះជា​ប្រឈម​នឹងការជាប់ឃុំក្នុង​ពន្ធនាគារ​ក៏​ដោយ បាន​ដាក់លោក​ឱ្យ​ប៉ះទង្គិច​ខ្លាំងជា​មួយ​លោក Putin នៅ​ក្រោយពេលលោក Navalny បានបន្ទោសវិមាន​ក្រឹមឡាំងអំពី​ការបំពុលលោកនៅស៊ីបេរី។

លោកបានមានប្រសាសន៍​នៅក្នុង​ការអំពាវនាវ​មួយ​ដល់ក្រុមអ្នកគាំទ្រលោក​នៅ​ពេលលោក​ធ្វើដំណើរ​តាម​យន្តហោះ​មកដល់ក្រុងមូស្គូ​ថា«ខ្ញុំមិនខ្លាច​ទេហើយ​ខ្ញុំអំពាវនាវដល់អស់លោកអ្នកកុំឱ្យខ្លាច»។ មិនយូរ​ប៉ុន្មាន លោក​ក៏​ត្រូវបាន​ចាប់ខ្លួនដោយ​រងការចោទប្រកាន់ទាក់ទិននឹងការ​គៃបន្លំ។​

ការចាប់ខ្លួនលោកបានបណ្តាល​ឱ្យមានបាតុកម្មធំ​បំផុតនៅ​រុស្ស៊ីដែលគេ​មិនដែលបានឃើញជា​ច្រើនទសវត្សរ៍​មកហើយ។ ​មនុស្សច្រើនពាន់នាក់ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្នុងបាតុកម្មនៅទូទាំងប្រទេស​ដែល​អំពាវ​នាវឱ្យ​ដោះលែង​លោក។​

ក្រុម​របស់លោក​ Navalny បានតតាំងនឹងលោក Putin ជាមួយ​ការចេញផ្សាយការស៊ើបអង្កេត​មួយមានចំណង​ជើងថា«វិមាន​របស់​លោក Putin»អំពី វិមាន​ដ៏​ធំ​ប្រណិត​មួយ​នៅ​ជាប់សមុទ្រ​ខ្មៅដែល​ក្រុមនេះ​អះអាង​ថាជា​រង្វាន់ដល់លោក Putin ​តាម​រយៈអំពើពុករលួយ។

ការ​លាតត្រដាង​នេះបានបង្ខំឱ្យមាន​ការបដិសេធពីលោក Putin ​ដែល​បាននិយាយ​ថាប្រសិនបើ​សេវា​សន្តិសុខ​របស់លោ​កពិត​ជា​នៅពីក្រោយការបំពុល​នេះ​មែន ពួកគេប្រាកដ​ជា​បង្ហើយការងារ​នេះ​ហើយ។

ខណៈ​លោក Navalny ធ្វើការ​ផ្សព្វផ្សាយដោយមាន​ទំនុក​ចិត្តតាមរយៈ​សារបែប​កំប្លែងmemes លោក Putin ដែល​គេដឹងថាមិនបាន​ប្រើ internet លោកបានសួរយុវជនជំទង់​ម្នាក់ដែលចង់ឱ្យលោក​តាម​មើល YouTube របស់ខ្លួនថា«តើគួរ​ឱ្យ​ខ្ញុំចុះហត្ថលេខា​លើអ្វី?»។​

វីដេអូមួយ​ស្រដៀងគ្នានេះ​របស់​លោក​ Navalny ដែលយកលោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៅពេលនោះជា​ទីដៅបាននាំឱ្យមាន​បាតុមកម្មធំៗក្នុងឆ្នាំ២០១៧ ដោយក្រុមបាតុករកាន់​រូបទា​ធ្វើពី​កៅស៊ូ​ដែល​បានក្លាយ​ជា​និមិត្តរូប​មួយនៃ​ការតវ៉ា។​

នៅមុន​ការបោះឆ្នោតប្រធានាធិបតី​កាលពីឆ្នាំ២០១៨ លោក​ Navalny បាន​អញ្ជើញទៅ​កាន់ទីក្រុងនានា​នៅទូទាំង​ប្រទេស​ដើម្បី​ប្រមូល​ការគាំទ្រ​ តែលោក​ត្រូវបានរារាំង​មិនឱ្យ​ឈរឈ្មោះដោយសារមាន​ការចោទពីមុនអំពី​ការគៃ​បន្លំ។

លោកបាន​មានប្រសាសន៍ប្រាប់ AFP នៅពេលនោះថា«លោក Putin ខ្លាច​ខ្ញុំ​ហើយគាត់ខ្លាច​ប្រជាពលរដ្ឋដែល​ខ្ញុំតំណាង»។

នៅ​មុន​នោះ លោកបានប្រកួត​ប្រជែង​នឹងលោក Sergei Sobyanin ដើម្បី​ក្លាយ​ជាអភិបាល​ក្រុងមូស្គូ ហើយ​បានបង្ខំ​ឱ្យមាន​ការបោះឆ្នោត​ជុំថ្មី។

«ពួក​មនុស្សទុច្ចរិតនិងក្រុមចោរ»

នៅ​ក្នុងការប្រមូលផ្តុំគ្នា​និងនៅក្នុងបន្ទប់តុលាការ លោក Navalny ជា​វាគ្មិន​សាធារណៈ​ដ៏​ប៉ិនប្រសប់​ម្នាក់។ លោក​បាន​ប្រមែប្រមូល​ក្រុមបាតុករនិងប្រើពាក្យ​ស្លោកផ្សេងៗដូចជាថា«គណបក្សរបស់ពួកមនុស្ស​ទុច្ចរិត​និងក្រុមចោរ»​ដើម្បីវាយប្រហារ​ខ្លាំងៗលើ​គណបក្ស United Russia ដែល​ជា​បក្ស​គ្រប់គ្រង​ប្រទេស។

ប៉ុន្តែ​លោកមានការសៅហ្មងដោយ​ទស្សនៈជាតិ​និយមជ្រុល និង​ដោយវីដេអូ​លម្អៀង​ទៅ​ខាង​ពួក​និយមកាំភ្លើង​កាលពីឆ្នាំ២០០៧​ដែល​បាន​លេចឡើង​ជា​ថ្មី​ដែលនៅក្នុងនោះលោក​បានប្រៀបធៀប​មនុស្សមកពី​តំបន់ Caucasus ខាង​ត្បូងនៃអតីត​សហភាពសូវៀតថា​ជាកន្លាត។

លោក​ Navalny ក៏នៅតែ​ជាឥស្សរជន​បន្ទាប់បន្សំ​ម្នាក់សម្រាប់មួយភាគធំនៃសង្គមរុស្ស៊ី​ដែល​គាំទ្រការ​ពណ៌នាជា​ផ្លូវការណ៍​របស់​វិមានក្រឹមឡាំង​ដែល​ថា​លោក​ជាខ្ញុំបម្រើពួកប្រទេសលោកខាងលិចនិងជាឧក្រិដ្ឋជន។

លោកបាន​ក្លាយ​ជា​ឆ្អឹងទទឹងក​នៅ​ខាង​ភាគី​វិមានក្រឹមឡាំងដែល​លោក​ Putin បាន​ប្រកែកមិនព្រមនិយាយឈ្មោះលោក​ជា​សាធារណៈ។ ក្រុមប្រឆាំងអំពើ​ពុក​រលួយ​របស់លោកត្រូវបានបិទ ហើយក្រុម​សម្ព័ន្ធមិត្តជាន់ខ្ពស់​របស់លោកបាន​ជាប់ឃុំក្នុងពន្ធនាគារឬ​និរទេស​ខ្លួននៅប្រទេស​ក្រៅ។​

«មិនអាច​បំបិទ​មាត់ខ្ញុំ​បានទេ»

ក្រុម​លោក Navalny បាន​ថ្លែងថា​លោកត្រូវ​បានយាយី​នៅក្នុង​ពន្ធនាគារ​ហើយ​ត្រូវបាននាំខ្លួនជា​ញឹកញយទៅកាន់​បន្ទប់​តូចក្នុងគុក​ដើម្បីដាក់ទណ្ឌកម្មលោក។

លោក Navalny បានមានប្រសាសន៍​ថា​ពួកឆ្មាំ​គុកបាន​ដាក់​លោកនិង​អ្នក​ទោសឯទៀតៗឱ្យរង«ការធ្វើ​ទារុណកម្ម​ដោយលោក Putin»​ដោយបង្ខំឱ្យពួកគេស្តាប់សុន្ទរកថា​របស់ប្រធានាធិបតី​រូបនេះ។

លោក Navalny នៅតែមានសុទិដ្ឋិនិយមនិងចំអកមើលងាយពួកមេដឹកនាំ​រុស្ស៊ីតាមគណនីបណ្តាញ​សង្គមគ្រប់គ្រង​ដោយសហការី​របស់​លោក ​ទោះជា​លោក​ស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ។

លោក Navalny ដែល​ជា​មេធាវីបានប្រយុទ្ធដើម្បី​សិទ្ធិជា​មូលដ្ឋានហើយ​បាន​ប្តឹង​ពួកមន្ត្រី​គុក​ឱ្យឡើងតុលាករ។ លោក​ក៏បានធ្វើឱ្យពួកគេវិលក្បុងដែរ ដោយ​បានដាក់ពាក្យ​ជាផ្លូវការណ៍ទាមទារ​ឱ្យមាន​សម្លៀកបំពាក់ kimono ​របស់ជប៉ុន​និង balalaika ដែលជា​ឧបករណ៍ភ្លេង​ប្រពៃណីមួយ។ លោក​ក៏សុំរក្សាទុកសត្វ kangaroo មួយ​ក្បាលផងដែរ។

លោក​បានប្រកាស​ថា«អ្នកឯងមិនអាចបិទមាត់ខ្ញុំបានឡើយ»៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG