រដ្ឋាភិបាលរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ខ្លួនដកកងទ័ពចេញពីប្រទេសវេណេហ្ស៊ុយអេឡានោះទេ។ ការលើកឡើងរបស់រដ្ឋាភិបាលរុស្ស៊ីនេះគឺផ្ទុយពីការអះអាងរបស់លោក Trump កាលពីថ្ងៃចន្ទ។
ដោយយោងលើការអះអាងរបស់លោក Trump តាម Twitter កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលខ្ញុំបានអានអំពីរឿងនេះ។ រដ្ឋាភិបាលរុស្ស៊ីមិនដែលជូនដំណឹងដល់នរណាម្នាក់នោះទេ [អំពីរឿងនេះ]។ លោក Trump ប្រហែលជាអានអត្ថបទមួយដែលចុះផ្សាយក្នុងកាសែត The Wall Street Journal ហើយមើលទៅ»។
កាលពីថ្ងៃចន្ទ លោក Trump បានសរសេរនៅលើ Twitter ថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់សហរដ្ឋអាមេរិក «ថា ពួកគេបានដក [ទីប្រឹក្សាយោធារបស់ពួកគេ] ភាគច្រើនបំផុតចេញពីប្រទេសវេណេហ្ស៊ុយអេឡា»។
ការលើកឡើងរបស់លោក Trump នេះ បានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីកាសែត The Wall Street Journal បានផ្សាយដោយស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ីថា រដ្ឋាភិបាលរុស្ស៊ីបានដកទីប្រឹក្សាយោធាភាគច្រើនចេញពីប្រទេសវេណេហ្ស៊ុយអេឡា។
កាលពីខែមិនាកន្លងទៅនេះ លោក Trump បាននិយាយថា ប្រទេសរុស្ស៊ី «ត្រូវតែចេញ» ពីប្រទេសវេណេហ្ស៊ុយអេឡា បន្ទាប់ពីរុស្ស៊ីបានចុះចតយន្តហោះរបស់ខ្លួន ដែលដឹកគ្រឿងផ្គត់ផ្គង់ និងទីប្រឹក្សាបច្ចេកទេសនានាដើម្បីជួយលោកប្រធានាធិបតី Nicolas Maduro ស្របពេលដែលមានការបះបោរកើតឡើងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា៕