ទីភ្នាក់ងារព័ត៌មាន Interfax របស់រដ្ឋរុស្ស៊ីបានរាយការណ៍ថា ជនសង្ស័យម្នាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង St. Petersburg បានត្រូវចាប់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា អ្នករៀបចំចាត់ចែងម្នាក់និងជនដៃដល់ម្នាក់ដែលធ្វើឲ្យផ្ទុះនៅផ្សារ Supermarket នៅក្នុងទីក្រុង St. Petersburg បានត្រូវចាប់ខ្លួនក្នុងអំឡុងនៃកិច្ចប្រតិបត្តិការពិសេសដោយទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថា ជនសង្ស័យនោះបានត្រូវប្រគល់ឲ្យគណៈ កម្មាធិការស៊ើបអង្កេតរុស្ស៊ីដើម្បីចាត់វិធានការបន្ថែម។
យោងតាមក្រុមស៊ើបការណ៍សម្ងាត់ SITE ដែលឃ្លាំមើលសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋឥស្លាមបានប្រាប់ឲ្យដឹងថា ការផ្ទុះកាលពីថ្ងៃពុធដោយគ្រាប់បែកធ្វើនៅក្នុងស្រុកបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏១៣នាក់ដែរបានរងរបួស។ក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះ។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារនោះជាសកម្មភាពភេរវកម្ម។
ប្រធានាធិបតី Putin បានធ្វើការពោលអះអាងនោះក្នុងអំឡុងនៃពិធីប្រគល់រង្វាន់សម្រាប់កងទ័ពរុស្ស៊ីដែលបានបម្រើការងារនៅក្នុងប្រទេសស៊ីរី។ លោក Putinមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទេ។
កាលពីដំបូង ពួកអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានចាត់ករណីនេះថាជាសកម្មភាពប៉ុនប៉ងធ្វើឃាត។
ពួកមន្រ្តីសុខាភិបាលនិយាយថា មិនមានជនរងគ្រោះណាម្នាក់បានរងរបួសគំរាមកំហែងអាយុជីវិតទេ៕