ការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធ FBI បានចាប់បុរសជនជាតិអាមេរិកាំងម្នាក់ ដែលសង្ស័យថា ធ្វើផែនការវាយប្រហារដោយភេរវកម្មលើកកន្លែងទេសចរណ៍ពេញនិយមមួយនៅទីក្រុង San Francisco នៅថ្ងៃបុណ្យណូអែល។ អាជ្ញាធរសហព័ន្ធប្រកាសកាលពីថ្ងៃសុក្រថា អាជ្ញាធរបានចាប់ខ្លួនលោក Everitt Aaron Jameson អាយុ២៦ឆ្នាំនៅតំបន់ Modesto នៅរដ្ឋ California កាលពីដើមសប្តាហ៍នេះ។ Jameson ជាប់សង្ស័យថា បានប្រាប់ភ្នាក់ងារ FBI ដែលបន្លំខ្លួនជាជនសាមញ្ញ ដោយនិយាយថា គាត់ធ្វើផែនការធ្វើការវាយប្រហារនៅផែលេខ៣៩ ដែលជាមានអ្នកទេសចរច្រើននៅក្រុង San Francisco ដោយប្រើជាតិផ្ទុះបញ្ជាពីចម្ងាយ ហើយនឹងបាញ់សម្លាប់អ្នកដែលភៀសខ្លួនចេញពីការវាយប្រហារនេះ។
ឯកសារ FBI ឲ្យដឹងថា Jameson គ្រោងធ្វើការវាយប្រហារនៅទីនេះ ព្រោះគាត់ធ្លាប់ទៅទីនោះ ហើយឃើញថា មានមនុស្សច្រើន។ គាត់ក៏បានប្រាប់ភ្នាក់ងារ FBI នោះដែរថា ថ្ងៃបុណ្យណូអែល នៅថ្ងៃចន្ទជាល្អបំផុតសម្រាប់ការវាយប្រហារ។ គាត់និយាយថា គាត់គ្មានផែនការរត់គេចទេ ព្រោះគាត់ត្រៀមខ្លួនស្លាប់ហើយ៕