ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយនឹងដៃគូរុស្ស៊ីរបស់ខ្លួន គឺលោក Vladimir Putin កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងមូស្គូ។
មេដឹកនាំទាំងពីរបានធានាអំពីការប្តេជ្ញារបស់ខ្លួនទៅលើសន្តិភាពនៅក្នុងប្រទេសស៊ីរី ដែលពួកគេទាំងពីរសុទ្ធតែគាំទ្រប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក៏ដូចជាណែនាំសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីដែលភាគច្រើនគឺផ្តោតទៅលើវិស័យថាមពលនិងឧស្សាហកម្ម។
នៅក្នុងអត្ថាធិប្បាយលើកញ្ចក់ទូរទស្សន៍ក្រោយពីកិច្ចប្រជុំនេះបានបញ្ចប់ លោក Putin បានមានប្រសាសន៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនឡើងដល់៧០ភាគរយ។
សេចក្តីថ្លែងការណ៍រួមគ្នាមួយក្រោយពីកិច្ចប្រជុំនោះបានបញ្ចប់រួមមានទាំងការប្តេជ្ញាថ្មីមួយទៅដល់សន្តិភាពនៅក្នុងប្រទេសស៊ីរី ដោយស្នើឲ្យមានសហប្រតិបត្តិការរវាងប្រទេសទាំង២ជាមួយនឹងតួកគី នៅក្នុងការសម្របសម្រួបកិច្ចចរចារវាងភាគីជម្លោះនៅក្នុងប្រទេសស៊ីរី «ដែលជាជំហានសំខាន់មួយឈានទៅដល់ជោគជ័យនៅក្នុងកិច្ចចរចាទីក្រុងហ្សឺណែវ ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ»៕