ប្រទេសស៊ីរីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះប្រតិកម្មយោធាអ៊ីស្រាអែលមួយគ្រឿង និងបានបាញ់ត្រូវយន្តហោះមួយគ្រឿងទៀត។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អ៊ីស្រាអែលនិយាយថា យន្តហោះទាំងអស់របស់ខ្លួនបានវិលត្រឡប់មកវិញដោយសុវត្ថិភាពនៅក្រោយពេលបានធ្វើការវាយប្រហារតាមអាកាសលើទីដៅមួយចំនួនក្នុងប្រទេសស៊ីរីកាលពីព្រឹកថ្ងៃសុក្រនេះ។
អ៊ីស្រាអែលមិនបាននិយាយទេអំពីអ្វីដែលបានត្រូវយកធ្វើជាទីដៅនៃការវាយប្រហារនោះ ក៏ប៉ុន្តែប្រទេសស៊ីរីបាននិយាយថា កងយន្តហោះប្រតិកម្មយោធាអ៊ីស្រាអែលបានវាយប្រហារលើទីដៅយោធាមួយនៅជិត Palmyra នៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងដាម៉ាស់បានព៌ណនាថា ជាសកម្មភាពឈ្លានពានមួយដែលបានជួយដល់ពួករដ្ឋឥស្លាម។
នៅក្នុងវិធានការមួយមិនសូវមានធ្វើ កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថា IDF បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយទទួលស្គាល់កិច្ចប្រតិបត្តិការនេះ។
សេចក្តីថ្លែងការណ៍នេះនិយាយថា «កាលពីយប់ថ្ងៃទី១៧ ខែមីនា កងយន្តហោះចម្បាំងនៃកងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើទីដៅមួយចំនួនក្នុងប្រទេសស៊ីរី។ កាំជ្រួចមីស៊ីលប្រឆាំងនឹងយន្តហោះមួយចំនួនបានត្រូវបាញ់ពីប្រទេសស៊ីរី ហើយប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំង IDF បានបាញ់ស្ទាក់កាំជ្រួចមួយគ្រឿងក្នុងបណ្តាកាំជ្រួចមីស៊ីល ទាំងនេះ។ គ្មានជនស៊ីវិលអ៊ីស្រាអែល និងយន្តហោះណាមួយនៃកងទ័ព IAF បានរងគ្រោះឡើយ៕