ចាប់តាំងពីគម្រោងយុទ្ធសាស្ត្រសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើត និងអនុវត្តជាងមួយទសវត្សរ៍កន្លងទៅនេះ សេវាសុខភាពសាធារណៈនៅតាមតំបន់ជនបទនៅតែបន្តខ្វះបុគ្គលិកពេទ្យ និងសម្ភារៈ ខណៈដែលប្រជាពលរដ្ឋខ្លះនៅតំបន់នេះមិនសូវយល់ដឹងពីការថែរក្សាអនាម័យរស់នៅប្រចាំថ្ងៃ។
គម្រោងយុទ្ធសាស្ត្រសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដើម្បីសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍសហសវត្សរ៍ឆ្នាំ២០១៥ និងដើម្បីធ្វើឲ្យសេវាព្យាបាលសុខភាពសាធារណៈមានភាពប្រសើរឡើង ជាពិសេសនៅតាមតំបន់ដាច់ស្រយាលដែលខ្វះបុគ្គលពេទ្យ និងសម្ភារៈពេទ្យ។
ក៏ប៉ុន្តែ នៅតាមតំបន់ជនបទខ្លះ ដូចជានៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ការវិវត្តឲ្យប្រសើរឡើងនៃសេវាសុខាភិបាលសាធារណៈនៅមានភាពយឺតយ៉ាវនៅឡើយ ហើយការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការរក្សាអនាម័យ និងការពារជំងឺឆ្លងផ្សេងៗនៅមានកម្រិតទាបនៅឡើយ។
គ្រូពេទ្យម្នាក់នៅមណ្ឌលសុខភាពព្រះដាក់ ដែលស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់គាត់ខិតខំបំពេញការងារតាមតែអាចធ្វើបាន បើទោះបីជាកង្វះសមាសភាពបុគ្គលិកពេទ្យនៅតែបន្តកើតមានឡើងក្តី។
គូ្រពេទ្យនៅទីនេះបានបន្តថា ដោយសារតែមានបុគ្គលិកពេទ្យមិនគ្រប់គ្រាន់ ពួកគាត់មិនសូវមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យជំងឺទាំងអស់បានទេ ជាពិសេសគឺនៅពេលដែលមានអ្នកជំងឺច្រើនក្នុងពេលតែមួយ។ ដោយឡែក ប្រជាពលរដ្ឋខ្លះយល់ថា ការទិញថ្នាំពីឱសថស្ថានឯកជនដើម្បីយកមកព្យាបាលជំងឺមានប្រសិទ្ធភាពជាងការទទួលសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាពក្នុងភូមិ។
បញ្ហាកង្វះសេវាសុខាភិបាលសាធារណៈនៅភូមិព្រះដាក់នេះមិនមែនជារឿងចម្លែកអ្វីទេ។ ជាទូទៅ មណ្ឌលសុខភាពតាមតំបន់ជនបទជាច្រើនតែងតែខ្វះខាតធនធាន ជាពិសេសគឺបុគ្គលពេទ្យប្រចាំការ។
អ្នកគ្រូពេទ្យឆ្មបភឹង សុផារី នៅមណ្ឌលសុខភាពព្រះដាក់ បានប្រាប់វីអូអេខេមរភាសាថា ជំងឺទូទៅដែលប្រជាពលរដ្ឋក្នុងសហគមន៍ព្រះដាក់នេះមកទទួលសេវាព្យាបាល រួមមានជំងឺរលាកផ្លូវដង្ហើម ជំងឺរាគរុស និងគ្រុនក្តៅជាដើម។ សម្រាប់ជំងឺធ្ងន់ធ្ងរ អ្នកជំងឺភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ ទាក់ទងនឹងធនធានពេទ្យនៅក្នុងមណ្ឌលនេះ អ្នកគ្រូសុផារីថ្លែងថា មានគ្រប់គ្រាន់ តែពេលខ្លះក៏មានការខ្វះខាតតិចតួចដែរ។
«សម្រាប់វ៉ាក់សាំង គ្រប់គ្រាន់។ តែថ្នាំគ្រាប់អាចខ្វះតិចតួចនៅចុងខែ»។
ប៉ុន្តែការផ្តល់សេវាព្យាបាលជំងឺប្រកបដោយគុណភាពនៅតែជួបកត្តាប្រឈមច្រើនសម្រាប់មណ្ឌលសុខភាពព្រះដាក់។ មូលហេតុគឺមិនមានបុគ្គលិកពេទ្យគ្រប់គ្រាន់ ដែលនេះជាហេតុជំរុញឲ្យមានការពិនិត្យជំងឺមិនបានដិតដល់។ នេះបើយោងតាមការលើកឡើងរបស់អ្នកគ្រូភឹង សុផារី។
«តាមជំងឺតិច ជំងឺច្រើន។ ជួនកាល១៥នាទី ២០នាទី។ ជួនកាលមានអ្នកជំងឺច្រើនទៅ តែគ្នាយើងមានម្នាក់ ពីរនាក់។ ធម្មតាមណ្ឌលសុខភាពមានគ្នា៤នាក់ ៥នាក់ ហើយម្នាក់ ពីរនាក់ចេញទៅប្រជុំ ហើយនៅពីរនាក់។ ដូច្នេះ ឯណាយើងធ្វើកុងសុលនៅខាងមុខផង រត់មកពិនិត្យផ្ទៃពោះផង លក់កូនសៀវភៅផង។ អត់មានពេលវេលាមើលឲ្យបានដិតដល់»។
អ្នកគ្រូសុផារីបានបន្តទៀតថា សេវាសុខាភិបាលសាធារណៈនៅតាមភូមិអាចមានប្រសិទ្ធភាពជាងនេះបាន លុះត្រាតែនៅតាមមណ្ឌលសុខភាពនីមួយៗមានសមាសភាពបុគ្គលិកពេទ្យគ្រប់ចំនួន។
«ខ្ញុំចង់បានបុគ្គលិកបន្ថែម ព្រោះថា កាលណាបានបុគ្គលិកបន្ថែម យើងមានបុគ្គលិកមានគ្រប់ផ្នែក ផ្តល់សេវាក៏បានល្អដែរ។ ចុះរឿងនេះ គ្នាខ្ញុំតិច ហើយសេវាច្រើន។ ណារត់ទៅចាក់វ៉ាក់សាំង ណារត់ទៅពិនិត្យផ្ទៃពោះ ណាទៅលក់នៅខាងមុខ វាវ៉ល់។ ដូច្នេះ ផ្តល់សេវាក៏មិនបានល្អដែរ»។
អ្នកស្រីធី ស្រីនាង អាយុ២៣ឆ្នាំ មានកូនពីរនាក់ និងជាអ្នករស់នៅក្នុងភូមិព្រះដាក់នេះ។ ស្រីនាងបានប្រាប់វីអូអេថា ការទិញថ្នាំពីឱសថស្ថានឯកជនក្នុងភូមិមកព្យាបាលជំងឺប្រសិទ្ធភាពជាងការទទួលសេវាព្យាបាលរបស់មណ្ឌលសុខភាពព្រះដាក់។
«បើទៅពេទ្យមណ្ឌល អត់ជា។ ទាល់តែទៅពេទ្យឈ្នួល»។
ការទទួលបានសេវាថែទាំសុខភាពនៅតាមមណ្ឌលសុខភាពតាមភូមិមានតម្លៃទាប បើប្រៀបធៀបនឹងសេវាព្យាបាលជំងឺរបស់ពេទ្យឯកជន។ ក៏ប៉ុន្តែ តម្លៃព្យាបាលជំងឺនៅមណ្ឌលសុខភាពនឹងកើនឡើងច្រើន បើសិនជាថ្នាំពីមណ្ឌលសុខភាពមិនអាចព្យាបាលជំងឺបាន ដោយសារហេតុថា ករណីនេះតម្រូវឲ្យមានការចំណាយលើការទិញថ្នាំនៅឱសថស្ថានឯកជនបន្ថែមទៀត។ នេះបើយោងតាមអ្នកស្រីធី ស្រីនាង ដែលតែងតែទៅទិញថ្នាំពីឱសថស្ថានក្នុងភូមិ ដើម្បីមកព្យាបាលជំងឺកូនរបស់គាត់។
ទាក់ទងនឹងសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាពព្រះដាក់វិញ ស្រីនាង និយាយថា គ្រូពេទ្យមិនបានពិនិត្យដិតដល់ទេ។
«សួរថាកើតអី។ ហើយយកប្រដាប់មកពិនិត្យក្បាល។ ហើយក៏ឲ្យថ្នាំមក ក៏មកផ្ទះមក»។
ក៏ប៉ុន្តែ អ្នកស្រីព្រឿន ណៃ អាយុ៤៦ឆ្នាំ ដែលជាអ្នករស់នៅក្នុងភូមិព្រះដាក់នេះដែរ យល់ថា ថ្នាំដែលគាត់ទទួលបានពីមណ្ឌលសុខភាពមានប្រសិទ្ធភាពខ្លះដែរ។
«បើរោគយើងត្រូវ ក៏ត្រូវទៅណា៎។ លេបទៅ បាត់ទៅណា៎។ បើមិនត្រូវទេ ក៏យើងទៅពេទ្យផ្សេងទៅណា៎»។
យ៉ាងណាមិញ ការថែរក្សាអនាម័យប្រចាំថ្ងៃអាចទប់ស្កាត់ជំងឺបាន ដូចជាជំងឺផ្តាសាយ និងរាគរុស និងជំងឺងាយឆ្លងផ្សេងៗទៀត។ នេះបើតាមការយល់ឃើញរបស់អ្នកគ្រូពេទ្យសុផារី។
ដូច្នេះ ការផ្តល់ដំបូន្មានក្នុងការថែរក្សាអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃគឺជាតួនាទីដ៏សំខាន់មួយសម្រាប់អ្នកគ្រូផ្ទាល់។ ក៏ប៉ុន្តែ អ្នកគ្រូសុផារីថ្លែងថា ប្រជាពលរដ្ឋក្នុងភូមិខ្លះមិនបានអនុវត្តដំបូន្មានទាំងនេះឲ្យបានត្រឹមត្រូវនោះទេ។
ទាក់ទងនឹងការណែនាំឲ្យប្រជាពលរដ្ឋទទួលទានទឹកស្អាត មានអនាម័យ តែប្រជាជនមិនធ្វើតាមនោះ អ្នកគ្រូថ្លែងដូច្នេះថា៖
«អាមិនដាំហើយ ឲ្យគាត់ចម្រោះ គាត់មិនចម្រោះទៀត។ កាលពីម្សិលមិញ ខ្ញុំចុះទៅ ឃើញដួសទឹកពីអណ្តូងមក យកមកញុំាតែម្តង។ ធម្មតាយើងធ្វើការជាមួយសហគមន៍តិចតួច អប់រំតែពេលមក។អញ្ចឹងហើយអប់រំគាត់ពីអនាម័យ ក៏គាត់មិនងាយស្តាប់ដែរ»។
អ្នកស្រីព្រឿន ណៃ និងក្រុមគ្រួសាររបស់គាត់បរិភោគទឹកពីអណ្តូងដោយមិនបានដាំ បើទោះបីជាគាត់ដឹងថា បរិភោគទឹកមិនបានដាំពុះអាចឆ្លងមេរោគក្តី។
«អូខ្ជិលដាំណាស់! ហូបអត់ឆ្ងាញ់អាទឹកដាំ! កំពុងឃ្លានផង! ហូបអាត្រជាក់នោះហើយ!»
បើទោះបីជាគម្រោងយុទ្ធសាស្ត្រសុខាភិបាលកម្ពុជាត្រូវបានអនុវត្តអស់រយៈពេលជាងមួយទសវត្សដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀតក្តី ក៏ការវិវត្តទៅមុខនៃវិស័យសុខាភិបាលកម្ពុជាបន្តកើតឡើងក្នុងសភាពយឺតយ៉ាវ៕