គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំបានសម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ អ្នកនយោបាយជើងចាស់មួយរូប ក្រោយរូបលោកបានប្រកាសសុំទោសជាសាធារណៈ និងចាកចេញពីគណបក្សភ្លើងទៀន។ នេះបើយោងតាមឯកសារសុំដកពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដាក់ទៅតុលាការខេត្តត្បូងឃ្មុំ ដែលវីអូអេទទួលបាន។
គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងលោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម»។ ពាក្យបណ្តឹងនោះទាក់ទងនឹងការថ្លែងរបស់លោកក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀន ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដែលនិយាយអំពីការដឹងគុណថ្ងៃ៧ មករា។
គណបក្សកាន់អំណាចបានបញ្ជាក់ក្នុងលិខិតដកពាក្យបណ្តឹងថា៖ «កាលពីពេលថ្មីៗនេះ ឈ្មោះគង់ គាំ ភេទប្រុស បានសារភាពទទួលនូវកំហុស និងបានធ្វើការសុំទោសជាសាធារណៈ។ ហេតុដូចនេះ គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំសម្រេចចិត្តដកពាក្យបណ្តឹង ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ចេញពីសំណុំរឿងព្រហ្មទណ្ឌខាងលើ»។
លោក ហេង ចាន់វាសនា ដែលជាមេធាវីម្នាក់រៀបចំពាក្យបណ្តឹងតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនអត្ថាធិប្បាយ នៅពេលអ្នកសារព័ត៌មានវីអូអេទាក់ទង ដោយឱ្យសួរគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំវិញ។
លោក គង់ គាំ បានលាលែងពីតំណែងឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោយមានរឿងចម្រូងចម្រាសលើដីរបស់លោកក្នុងខណ្ឌចំការមន រហូតដល់មានការប្រគល់ដីទៅក្រសួងការបរទេសវិញ។
វីអូអេមិនអាចសុំការឆ្លើយតបពីលោក គង់ គាំ បាននៅឡើយទេ នៅថ្ងៃចន្ទនេះ។ លោក គង់ មុនីកា កូនប្រុសរបស់លោកប្រាប់វីអូអេថា ការសុំទោសរបស់ឪពុករបស់លោក ហើយមានការដកពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជាជាការល្អ ដោយហេតុថាវាបង្ហាញពីការយោគយល់ក្នុងនាមជាខ្មែរដូចគ្នា។
លោកថ្លែងថា៖ «ដូច្នេះហើយខ្ញុំគិតថា នេះជារឿងល្អ ហើយជាគំរូមួយល្អ ហើយខ្ញុំជឿជាក់ថា ស្ថានភាពទាំងឡាយនឹងត្រឡប់ទៅរកភាពល្អប្រសើរដូចដើមវិញ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា អ្នកពាក់ព័ន្ធជាមួយគណបក្សប្រឆាំងនឹងប្រឈមបញ្ហាច្រើន ដូចជារងសម្ពាធតាមរយៈការប្តឹងផ្តល់តាមផ្លូវតុលាការ និងតាមមធ្យោបាយផ្សេងៗផងដែរ នៅមុនការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ការគ្មាននរណា ឬក៏អ្នកនយោបាយហ៊ានប្រឆាំងឬក៏ធ្វើនយោបាយប្រឈមជាមួយនឹងគណបក្សកាន់អំណាចគឺប្រឈមនឹងការប្តឹង ដាក់បន្ទុកអីជាដើម ជាបញ្ហាមួយ ហើយបើសិនជាគាត់គេចមករស់នៅជាធម្មតាមិនមានបញ្ហាទេ។ អាហ្នឹងវាបង្ហាញនូវការរឹតត្បិតទៅខាងលម្ហសេរីភាពនយោបាយមួយដែរ»។
បើតាមលោក ឯម សុវណ្ណារ៉ា កាលណាលម្ហសេរីភាពនយោបាយមិនត្រូវបានបើកទូលាយ នោះបរិយាកាសនយោបាយនឹងមិនមានការរីកចម្រើនទៅមុខឡើយ។ លោកបន្ថែមថា លម្ហសេរីភាពនយោបាយកាន់តែរួមតូច និងរឹតត្បិតមុនការបោះឆ្នោត ហើយលោកមិនរំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទៅតាមគោលការណ៍បោះឆ្នោតទេ។ ការណ៍នេះវានឹងមិនសូវទទួលបានការឱ្យតម្លៃពីសហគមន៍អន្តរជាតិឡើយ។
មេធាវីលោក សុក សំអឿន ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា សុំណុំរឿងព្រហ្មទណ្ឌនៅកម្ពុជាមានពីរប្រភេទ ដែលប្រភេទទីមួយពាក់ព័ន្ធជាមួយការលួច ឆក់ និងសម្លាប់ជីវិតអ្នកដទៃ ត្រូវតែដោះស្រាយតាមនីតិវិធីតុលាការ។ ចំណែកប្រភេទទីពីរពាក់ព័ន្ធជាមួយការប្រើប្រាស់ពាក្យសម្តីប៉ះពាល់ដល់កិត្តិយសរបស់ភាគីម្ខាងទៀត។ ត្រង់ចំណុចនេះបើសិនជាដើមបណ្តឹងដកពាក្យបណ្តឹង វាមានន័យថា ករណីនេះបានបញ្ចប់ហើយ។
លោកថ្លែងថា៖ «ពាក្យបណ្តឹងគឺជាធាតុផ្សំមានន័យថា បើសិនជាគេដកពាក្យបណ្តឹង វាចប់ហើយ។ ឧទាហរណ៍ដូចជាបរិហារកេរ្តិ៍អ៊ីចឹង បើសិនជាសាមីខ្លួនគេថា ខ្ញុំឈប់គិតថា ជាវាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំទៀតហើយ វាចប់ហើយ»។
នៅក្នុងសំណុំរឿងលោក គង់ គាំ នេះក៏មានការព្រមានប្តឹងពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនផងដែរ រហូតដល់លោកគង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសបានព្រមប្រគល់ដីទំហំ៥.២៩០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៅក្រសួងការបរទេសវិញ។
លោក គង់ គាំ បានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាដែលដកហូតយកដីធ្លី និងផ្ទះសម្បែងរបស់លោក តែលោកបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីដែលអនុគ្រោះមិនបន្តបណ្តឹងទៅតុលាការ៕