លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចប់ការប្តឹងផ្តល់លោក គង់ គាំ អ្នកនយោបាយជើងចាស់ និងជាទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយលោកបានប្រគល់ផ្ទះ និងដី មានទំហំជាងកន្លះហិកតា ក្នុងខណ្ឌចំការមន មកឱ្យក្រសួងការបរទេសវិញ។
ការសម្រេចរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយលោក គង់ គាំ បានសរសេរលិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្រាប់ថា លោក និងភរិយា«ស្ម័គ្រចិត្ត»ប្រគល់ដីដែលមានទំហំ ៥២៩០ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិ ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងលិខិតនោះ លោក គង់ គាំ ដែលជាអតីតមន្ត្រីក្រសួងការបរទេសមួយរូប កាលលោក ហ៊ុន សែន នៅធ្វើរដ្ឋមន្ត្រីក្រសួងនេះ បានបញ្ជាក់ថា រូបលោកមាន «ភាពឆ្គាំឆ្គង និងយល់មិនបានអស់» អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។ លោកក៏ស្នើសុំលោកនាយករដ្ឋមន្ត្រីអនុគ្រោះដល់រូបលោកផងដែរ។
មុនពេលលោក គង់ គាំ សម្រេចប្រគល់ដី និងផ្ទះមកឱ្យក្រសួងការបរទេសវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានឱ្យលោក គង់ គាំ ប្រគល់ដី និងផ្ទះដោយទុករយៈពេលមួយខែ ហើយលោកក៏ប្រាប់ឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីនេះផងដែរ។
លោក ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា៖ «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេស ដែលអាចធ្វើនាសប្តាហ៍ក្រោយ»។
លោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកមិនទាន់អាចនិយាយអ្វីបាននៅឡើយទេពាក់ព័ន្ធជាមួយករណីនេះ និងថា ការសរសេរលិខិតរបស់ឪពុក និងរូបលោកផ្ទាល់ស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើម្បីជជែកគ្នាទៅលើបញ្ហាដែលបានកើតឡើងកន្លងទៅនេះ។
លោក គង់ មុនីកា ថ្លែងថា៖ «កាលៈទេសៈនេះ ពិតហើយយើងត្រូវតែមានការរក្សាភាពស្ងៀមស្ងាត់ ដើម្បីយើងស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន»។
បើតាមលោក គង់ មុនីកា បញ្ហាដែលបានកើតនេះនឹងជះឥទ្ធិពលដល់ការធ្វើសកម្មភាពនយោបាយរបស់លោក និងឪពុក គ្រាលោករង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញជាមុនសិន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដីឬក៏ផ្ទះដែលជាសម្បត្តិរបស់រដ្ឋមានច្រើនដែលប្រគល់ឱ្យមន្ត្រីស្នាក់នៅ ខណៈលោកចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលចាត់វិធានការតែទៅលើលោក គង់ គាំ ម្នាក់ឯង។
បើតាមលោក ឯម សុវណ្ណារ៉ា ការរឹបអូសយកផ្ទះពីមន្ត្រីគណបក្សប្រឆាំងនៅពេលនេះជាការដាក់បន្ទុក និងរឹតត្បិតសេរីភាពនយោបាយក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ការដាក់បន្ទុកនេះធ្វើឱ្យគេមើលឃើញថា ជាករណីគំរាមកំហែង ឬការដាក់បន្ទុកនៅក្នុងនយោបាយហើយពាក់ព័ន្ធនឹងការរួមតូច ឬការរឹតត្បិតនៃសេរីភាពនយោបាយហើយ»។
សាស្ត្រាចារ្យរូបនេះអះអាងថា គណបក្សភ្លើងទៀនបានកំពុងទទួលរងសម្ពាធពីគណបក្សកាន់អំណាច ដូចកាលអតីតគណបក្សសង្គ្រោះជាតិដែរ។ លោក ឯម សុវណ្ណារ៉ា បានបន្ថែមថា ការដាក់សម្ពាធមកលើថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងនេះនឹងកើនឡើង នៅពេលដែលសំឡេងនៃអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនកើនឡើងខ្ពស់។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ហ៊ុន សែន លើលោក គង់ គាំ ធ្វើឡើងក្រោយអ្នកនយោបាយជើងចាស់រូបនោះ បានចូលរួមជាមួយគណបក្សភ្លើងទៀន ហើយលោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ដែលលោក ហ៊ុន សែន ថា ជាការវាយប្រហារគណបក្សប្រជាជនកម្ពុជា។ ការថ្លែងរបស់លោក គង់ គាំ នេះក៏រងការប្តឹងផ្តល់ទៅតុលាការខេត្តត្បូងឃ្មុំផងដែរ។
គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំបានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក គង់ គាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ចលាចល អសន្តិសុខក្នុងសង្គម» ទាក់ទងនឹងការថ្លែងរបស់លោកក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀន ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ទាក់ទងនឹងការដឹងគុណថ្ងៃ ៧ មករា។
លោក គង់ គាំ ត្រូវបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៥០ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣៕