ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ព្រមាន​ទុក​ពេល​មួយ​ខែ​ឱ្យ​លោក​ គង់ គាំ ​ប្រគល់​ដី​មក​ក្រសួង​ការ​បរទេស​វិញ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ព្រមានឱ្យ​លោក ​គង់ គាំ ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន ​ប្រគល់​ដី​និង​ផ្ទះឱ្យ​ក្រសួង​ការ​បរទេស​វិញ​ ដោយ​ទុក​រយៈពេល​មួយ​ខែ ​ហើយ​លោក​ក៏​ប្រាប់ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក ​ហ៊ុន សែន​ បាន​ប្រតិកម្ម​ទៅ​នឹង​លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​ និង​ជា​អតីត​មន្ត្រី​ក្រសួង​ការ​បរទេស​មួយ​រូប ​កាល​លោក​ ហ៊ុន សែន ​នៅ​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ ​ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន ​លើ​លោក ​គង់ គាំ ​ក្រោយ​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​ បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ ហើយ​លោក ​គង់ គាំ ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​មករា ​ឆ្នាំ​ ២០២៣ ​ដែល​លោក ហ៊ុន សែន​ ថា​ ជា​ការ​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ការ​ថ្លែង​នេះ​រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​លោក ​គង់ គាំ ​ទៅ​តុលាការខេត្ត​ត្បូងឃ្មុំ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ពុធ ​លោក ​ហ៊ុន សែន ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ដែល​លោក​ថា ​ជា​ «ការ​ដាស់​តឿន»​ ដល់ ​គង់ គាំ ​ថា​ «ពុំ​មាន​ឡើយ​នូវ​ការ​សម្រេច​ណា​មួយ​ពី​ខ្ញុំ​ដែល​ជា​រដ្ឋ​មន្ត្រី​នា​ពេល​នោះ ​ក្នុង​ការ​ប្រគល់​ផ្ទះ​ និង​ដី​របស់​ក្រសួង​ការ​បរទេស​ទៅ​ឱ្យ ​គង់ គាំ ​ឡើយ។ ​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖​ «និយាយ​ម្យ៉ាង​ទៀត ​តាម​ផ្លូវ​ច្បាប់ ​ផ្ទះ​និង​ដី​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ក្រសួង​ការ​បរទេស​ដដែល​ ដោយ​ពុំ​មាន​ការ​កែ​ប្រែ​ឡើយ ​ហើយ​រាជរដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ ដើម្បី​ទាមទារ​យក​ត្រឡប់​មក​វិញ​នូវ​ផ្ទះ​ និង​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ»។​

លោក ​ហ៊ុន សែន​ បន្ថែម​ថា៖ ​«...ខ្ញុំ​សូម​ដាស់​តឿន​ឱ្យ​ គង់ គាំ ​ប្រគល់​ឱ្យ​ក្រសួង​ការ​បរទេស​វិញ​នូវ​ផ្ទះ​និង​ដី ​ដែល​ គង់ គាំ ​បាន​ស្នាក់​នៅ ​និង​បន្លំ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ ដោយ​ទុក​ពេល​វេលា​មួយ​ខែ​ជា​កំហិត ​គិត​ពី​ថ្ងៃ​នេះ​ “ថ្ងៃ​ទី ​១១ ​ខែ​មករា​ ឆ្នាំ​ ២០២៣”​ តទៅ»។​

ចំណែក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​ហ៊ុន សែន​ បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​បន្ត​ទៀត​ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការពិត​ជុំវិញ​ការ​រៀបចំ​ឯកសារ​ ដែល​លោក​ថា​ លោក​ គង់ គាំ​ «បន្លំ»​ យកដី​និង​ផ្ទះ​របស់​ក្រសួង​ការ​បរទេស​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ លោក​ ហ៊ុន សែន​ បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ស្រាវ​ជ្រាវ​ជា​បន្ទាន់​អំពី​ភាព​មិន​ប្រក្រតី​នានា​នៃ​ «ការ​លួច​បន្លំ​ធ្វើ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​លើដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការ​បរទេស ​និង​ចាត់​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់​តាម​ការ​ចាំបាច់ ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​លទ្ធផល​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ»។​

លោក​ គង់ គាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទោះ​បី​លោក​រស់​នៅ​ដោយ​មិន​មាន​ការ​ជំទាស់ ​ហើយ​រស់​នៅ​យូរ​មក​ហើយ​ នេះ​ជា​ដី ​និង​ផ្ទះ​របស់​ក្រសួង​ការ​បរទេស​ពិត​មែន។ ​នៅ​ពេល​សួរ​ថា​ តើ​លោក​នឹង​ប្រគល់​ដី​នោះ​ទៅ​ក្រសួង​ការ​បរទេស​វិញ​ឬ​យ៉ាង​ណា​ លោក ​គង់ គាំ ​បញ្ជាក់​ថា៖ ​«ខ្ញុំ​ចាំមើល​នីតិវិធី​សិន​ បាទ»។​

លោក​ក៏​ចាត់​ទុក​ចំណាត់​ការ​លើ​រូប​លោក​ជា​ការ​រឹត​ត្បិត​សេរីភាព​នយោបាយ​របស់​លោក ​ក្រោយ​លោក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន។​

ក្រោយ​ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ចន្ទ ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​ប្តឹង​លោក ​គង់ គាំ ​ពី​បទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ចលាចល​ អសន្តិសុខ​ក្នុង​សង្គម»​ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ក្នុង​វេទិកា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្នាក់ការ​គណបក្ស​ភ្លើងទៀន​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ថ្ងៃទី​ ៧​ ខែ​មករា ​ឆ្នាំ​ ២០២៣ ​ទាក់ទង​នឹង​ការ​ដឹង​គុណ​ថ្ងៃ​ ៧​ មករា។​

លោក ​គង់ គាំ ​ត្រូវ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះ​ថ្ងៃ​ទី​ ១០​ ខែ​មករា ​ឆ្នាំ​ ២០២៣៕

XS
SM
MD
LG