អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា គណបក្សកាន់អំណាចចែកថវិកាទៅដល់ប្រជាពលរដ្ឋដែលជាសមាជិករបស់គណបក្សតែប៉ុណ្ណោះ ហើយបដិសេធថានេះមិនមែនជាការទិញទឹកចិត្តឡើយ។
ការអះអាងថារបស់អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ធ្វើឡើងក្រោយមានការរិះគន់លើការផ្តល់ប្រាក់ដល់ពលរដ្ឋនៅមុនការបោះឆ្នោត ថាជាការទិញទឹកចិត្តប្រជាពលរដ្ឋ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន ប្រាប់វីអូអេថា៖ «ដូច្នេះការចោទប្រកាន់ណាមួយដែលផ្ទុយពីការពិតជាក់ស្តែង អាហ្នឹងមិនអាចទទួលយកបាន ហើយក៏មិនមានច្បាប់ណាមិនឱ្យគណបក្សនីមួយៗផ្តល់ថវិកាជូនសមាជិក សមាជិការបស់ខ្លួនទេ»។
គណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សកាន់អំណាចមានសមាជិកប្រមាណ៦លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីសៀវភៅបក្សដែលរៀបចំដោយគណបក្សដោយផ្ទាល់។ គណបក្សប្រជាជនកម្ពុជាបានបង្កើតសៀវភៅគ្រួសារគណបក្ស ដែលមានរូបរាងដូចសៀវភៅគ្រួសារ ហើយប្រជាពលរដ្ឋនៅតាមឃុំសង្កាត់បានចុះឈ្មោះទៅតាមការស្នើសុំរបស់អាជ្ញាធរឃុំសង្កាត់ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ នៅតាមគ្រួសារនីមួយៗ គណបក្សប្រជាជនកម្ពុជាចុះបញ្ជីឈ្មោះមេគ្រួសារ និងកូនៗរបស់ពួកគេដែលមានអាយុចាប់ពី១៨ឆ្នាំ។
នៅក្នុងការចែកប្រាក់នោះ សមាជិកម្នាក់អាចទទួលបានប្រាក់យ៉ាងតិច២ម៉ឺនរៀល។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា វាមិនមានចំនួនកំណត់ថាត្រូវឱ្យថវិកាទៅសកម្មជន ក៏ដូចជាសមាជិករបស់គណបក្សចំនួនប៉ុន្មានឡើយ។ លោកបន្ថែមថាការផ្តល់ប្រាក់នេះ អាស្រ័យទៅតាមលទ្ធភាពរបស់គណបក្ស ព្រោះថវិកាទាំងនេះបានមកពីការចូលរួមរបស់សមាជិកគណបក្ស។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា វាមិនមែនជារឿងថ្មីឡើយដែលគណបក្សប្រជាជនកម្ពុជាឱ្យលុយទៅប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោកយល់ថាការផ្តល់ប្រាក់បែបនេះជារូបភាពមួយមិនល្អនៅមុនការបោះឆ្នោត។ អនុប្រធានគណបក្សជំទាស់រូបនេះចង់ឃើញការបើកលម្ហសេរីភាពនយោបាយ ដែលគណបក្សជំទាស់អាចចូលរួមប្រកួតប្រជែងគ្នាដោយស្មើភាពគ្នា។
លោកថ្លែងថា៖ «បើសិនជាគណបក្សមួយដែលគិតថាខ្លាំង មានប្រជាពលរដ្ឋគាំទ្រច្រើន ហើយបិទផ្លូវគណបក្សមួយទៀតដែលមានសក្តានុពល មានប្រជាពលរដ្ឋគាំទ្រ ប្រហាក់ប្រហែលគ្នា ហើយមិនឱ្យមកចូលរួមការប្រកួតប្រជែង យើងមើលឃើញថាការបោះឆ្នោតទៅខាងមុខហាក់បីដូចជាឈ្នះ ប៉ុន្តែវាមិនមានន័យខ្លឹមសារអ្វីទាំងអស់»។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថាប្រសិនការឱ្យថវិកានោះ ធ្វើឡើងត្រឹមតែក្នុងរង្វង់នៃសមាជិកគណបក្ស វាមិនមានអ្វីខុសឆ្គងនឹងច្បាប់បោះឆ្នោតឡើយ ប៉ុន្តែបើសិនជាឱ្យចំពោះប្រជាពលរដ្ឋទូទៅ វាអាចចាត់ចូលក្នុង«ករណីទិញទឹកចិត្តប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា៖ «យើងមិនដឹងពីសកម្មភាពជាក់ស្តែងយ៉ាងម៉េចទេ ប៉ុន្តែបើសិនជាសកម្មភាពការឱ្យហើយរួមជាមួយការសន្យា ការបង្ខំ ឬក៏ឱ្យមានការស្បថស្បែអី អាហ្នឹងជាចំណុចមួយដែលខុសទៅនឹងគោលការណ៍ទូទៅហើយ»។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូអេថា បើសិនជាការចែកថវិកានោះ ត្រឹមតែក្នុងចំណោមសមាជិកគណបក្សរបស់ខ្លួន វាមិនខុសនឹងច្បាប់ឡើយ។
លោកថ្លែងថា៖ «វាពាក់ព័ន្ធទៅនឹងគោលបំណង។ ឧទាហរណ៍ថាបើលុយនោះជាលុយដែលប្រើប្រាស់សម្រាប់ការទិញទឹកចិត្ត។ អាហ្នឹងគឺជាអំពើខុសច្បាប់បោះឆ្នោតហើយ។ ប៉ុន្តែបើសិនជាការប្រើប្រាស់ថវិកា ឬក៏សម្ភារសម្រាប់បណ្តាញរបស់ខ្លួនត្រៀមខ្លួនក្នុងការចេញទៅឃោសនា ឬក៏ត្រៀមខ្លួនក្នុងការផ្តល់ចំណេះដឹងផ្ទាល់មាត់ ពីមាត់មួយអី។ អាហ្នឹងជាវាយុទ្ធសាស្ត្រដោយឡែករបស់គណបក្ស»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០២២ ពោលគឺនៅមុនការបោះឆ្នោតឃុំសង្កាត់ខិតជិតមកដល់ មន្រ្តីគណបក្សប្រជាជនកម្ពុជាក៏បានផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋដូចគ្នា ដោយក្នុងមួយស្រោមសំបុត្រសម្រាប់មនុស្សម្នាក់ ទទួលបានយ៉ាងតិច២ម៉ឺនរៀល៕
អ្នកនាំពាក្យបក្សកាន់អំណាច៖ ការចែកថវិកាឱ្យសមាជិកមិនមែនជា«ការទិញទឹកចិត្ត»ឡើយ
ភ្នំពេញ —