គណបក្សភ្លើងទៀន បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត ធ្វើការសម្រេចចិត្តដោយខ្លួនឯងសម្រាប់ការចូលរួមការបោះឆ្នោតខែកក្កដានេះ ព្រោះការចេញទៅបោះឆ្នោតគឺជាការប្រើសិទ្ធិ និងគ្មាននរណាម្នាក់មកចាប់បង្ខំបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ។
គណបក្សភ្លើងទៀននឹងខកខានមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ក្រោយមានសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សជំទាស់នេះ ចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលគ្រោងនឹងរៀបចំឡើងនៅខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានបញ្ជាក់ថា៖«បងប្អូនប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញក្នុងការធ្វើសេចក្តីសម្រេចចិត្តតាមឆន្ទៈ និងសតិសម្បជញ្ញៈពិតប្រាកដរបស់ខ្លួន ក្នុងការចូលរួមឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះ ដោយមិនត្រូវស្ថិតនៅក្រោមការគាបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការញុះញង់ពីសំណាក់បុគ្គលឬគណបក្សនយោបាយណាមួយនោះឡើយ»។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ គណបក្សភ្លើងទៀន បានសម្តែងការកោតសរសើរនិងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរដែលនៅតែបន្តគាំទ្រគណបក្សភ្លើងទៀន បើទោះបីជាគណបក្សមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះក៏ដោយ។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានប្រជាពលរដ្ឋខ្មែរមួយចំនួន ទាំងក្នុង និងក្រៅប្រទេស បានសម្តែងនូវការមិនពេញចិត្តចំពោះអវត្តមានរបស់គណបក្សភ្លើងទៀន ដោយសារតែការសម្រេចរបស់គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
គណបក្សជំទាស់នេះបន្ថែមទៀតថា ខ្លួននៅតែរក្សាគោលជំហរក្នុងការធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ និងរក្សាឆន្ទៈក្នុងការចូលរួមបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់នាពេលខាងមុខ។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនស្តីពីសិទ្ធិពលរដ្ឋ និងការបោះឆ្នោតខាងលើ ធ្វើឡើង បន្ទាប់ពីគ.ជ.ប ប្រកាសចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនណាដែលប៉ុនប៉ងបង្កការរំខានដល់ដំណើរការបោះឆ្នោត តាមរយៈការចេញផ្សាយខិត្តបណ្ណ ឬស៉្បតឃោសនាផ្សេងៗតាមបណ្តាញព័ត៌មានសង្គម អំពាវនាវឱ្យប្រជាពលរដ្ឋធ្វើឱ្យខូចសន្លឹកឆ្នោត និងកុំទៅបោះឆ្នោតនៅខែកក្កដាខាងមុខ ខណៈមិនមានវត្តមានគណបក្សប្រឆាំង។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានចេញកាលពីម្សិលមិញគឺ គ្រប់គ្រាន់ហើយសម្រាប់ឆ្លើយតបទៅនឹងការលើកឡើងស្តីអំពីការរារាំងមិនឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការបោះឆ្នោត។
លោកបន្ថែមថា៖«ហើយរឿងធ្វើសកម្មភាពនៅមូលដ្ឋានធម្មតាយើងជា គណបក្សស្របច្បាប់ទេ គ្រាន់តែថាយើងទៅធ្វើសកម្មភាពលើកទឹកចិត្តសកម្មជន ថ្នាក់ដឹកនាំយើង នៅទីកន្លែងនៅហ្នឹង ទីស្នាក់ការរបស់យើងជាធម្មតាទេ អត់មានទៅធ្វើអីដូចយើងកន្លងមកមានយុទ្ធនាការជួបជុំមហាជនអីទេ។អាហ្នឹងធ្វើម៉េចយើងមិនបានចូលរួមប្រកួតប្រជែង យើងបានត្រឹមតែលើកទឹកចិត្តថ្នាក់ដឹកនាំសំខាន់ៗ ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ យើងនៅទីស្នាក់ការទេ»។
លោកយ៉ិត យុតយូ អាយុ ២៣ឆ្នាំ អតីតនិស្សិតទស្សនវិជ្ជា បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេថា លោកមានការសោកស្ដាយចំពោះអវត្តមាននៃគណបក្សភ្លើងទៀនក្នុងដំណើរការបោះឆ្នោត ក៏ប៉ុន្តែលោកនៅតែទៅបោះឆ្នោតក្នុងការជ្រើសរើសតំណាងរាស្ត្រនៅនាពេលខាងមុខនេះ ក្នុងនាមជាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។
លោកថ្លែងថា៖ «ខ្ញុំបានឃើញសារនយោបាយទាំងឡាយដែលមិនពេញចិត្តជាមួយនឹងការរៀបចំការបោះឆ្នោតឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំនៅតែទៅបោះឆ្នោត។ ដូច្នេះខ្ញុំគិតថាសារនយោបាយនោះគឺ ជាការប្រើប្រាស់សិទ្ធិនៅក្នុងការបង្ហាញអំពីការមិនពេញចិត្តចំពោះការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។ដូច្នេះការមិនពេញចិត្តនេះគឺ បង្ហាញតាមរយៈការបង្ហោះសារដើម្បីនាំប្រជាពលរដ្ឋផ្សេងទៀតមិនឱ្យទៅចូលរួមការបោះឆ្នោត។ប៉ុន្តែចង់មិនចង់ចូលមិនចូលគឺ វាជាការប្រើប្រាស់សិទ្ធរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី៣ មាត្រា៣៤ បាទ»។
លោកបន្ថែមទៀតថា អ្នកនយោបាយជើងចាស់ក៏ដូចជាអ្នកនយោបាយផ្សេងទៀតគួរតែមានការពិភាក្សាគ្នាដោយសន្តិវិធីដើម្បីគិតគូរពីផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋជា ពិសេសគឺ ប្រជាពលរដ្ឋជំនាន់ក្រោយទើបជាការ ប្រសើរជាងការបង្កជម្លោះឈ្លោះទាស់ទែងគ្នាដែលនាំឱ្យខាតប្រយោជន៍សង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរ យុវតីឈៀង ឆេងហៀង អាយុ ២១ឆ្នាំ និស្សិតឆ្នាំ ៣ ជំនាញភាសាអង់គ្លេស ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា កញ្ញានឹងទៅចូលរួមការបោះឆ្នោតជាតិខាងមុខនេះ បើទោះបីមិនមានវត្តមានគណបក្សភ្លើងទៀនចូលរួមក៏ដោយ។
កញ្ញាយល់ថា ក្នុងដំណើរការបោះឆ្នោតខាងមុខគប្បីមានវត្តមាននៃគណបក្សភ្លើងទៀនចូលរួម ដោយថា មានតែគណបក្សភ្លើងទៀនទេ ដែលជាគូប្រកួតប្រជែងដ៏សាកសមនឹងការប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា។
យុវតីរូបនេះលើកឡើងថា៖«ខ្ញុំនឹងទៅចូលរួមបោះឆ្នោតសម្រាប់អាណត្តិហ្នឹង ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋម្នាក់ ព្រោះសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗគឺ ជាជោគវាសនារបស់ប្រទេសជាតិ»។
កញ្ញាបន្ថែមទៀតថាគណបក្សដែលជាប់ឆ្នោតហើយគួរតែមានការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺគោរពសិទ្ធិសេរីភាពការបញ្ចេញមតិនិងប្រើប្រាស់ប្រព័ន្ធយុត្តិធម៌វាបានត្រឹមត្រូវ។
ដោយឡែក លោក ម៉ឹង សំអាត អាយុ៣៥ឆ្នាំដែលមានសិទិ្ធបោះឆ្នោត ថ្លែងថា លោកនឹងមិនទៅចូលរួមការបោះឆ្នោត នៅពេលខាងមុខនេះឡើយ ដោយលើកហេតុផលនៃការគ្មានវត្តមានគណបក្សជំទាស់ ដែលលោកចាត់ទុកថា ជាគូប្រជែងសំខាន់មួយជាមួយគណបក្សកាន់អំណាចក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោត។
លោកបញ្ជាក់ថា៖«បើគណបក្សមួយគាត់មានកម្លាំងប្រហាក់ប្រហែលដែរ ប៉ុន្តែអត់មានការចូលរួមការបោះឆ្នោត វាដូចមិនមានការប្រកួតប្រជែងដោយសេរី តម្លាភាព យុត្តិធម៌។ អ៊ីចឹងដល់ពេលអ៊ីចឹងខ្ញុំមិនអាចទៅចូលរួមការបោះឆ្នោតបានទេ ។បើនិយាយរួមវាស្មើនឹងការទទួលស្គាល់នៃលទ្ធផលនៃការបោះឆ្នោត ដោយមិនមានតម្លាភាព យុត្តិធម៌ និងដោយសុក្រឹត»។
លោកបន្ថែមថា ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ គួរមានវត្តមានបេក្ខជនមកពីគណបក្សប្រឆាំងក្នុងការឈរឈ្មោះជាតំណាងរាស្រ្ត ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានជម្រើសច្រើនក្នុងការសម្រេចចិត្ត៕
គណបក្សភ្លើងទៀនប្រាប់ពលរដ្ឋឱ្យប្រើប្រាស់សិទ្ធិ និងសតិសម្បជញ្ញៈ ពាក់ព័ន្ធការបោះឆ្នោតនៅខែកក្កដា
ភ្នំពេញ —