ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គណ​បក្ស​កាន់​អំណាច​បន្ថែម​រដ្ឋមន្ត្រី​២​រូប​ជា​អនុ​ប្រធាន​គណបក្ស​ ​នាំឱ្យ​មាន​ការ​រិះគន់​មួយ​ចំនួន


លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់ ​និង​អ្នក​ស្រី ​ម៉ែន សំអន ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​តាម​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៤​ ​ខែ​ធ្នូ ​ក្នុង​អង្គ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៤៣ ​ អណត្តិ​ទី៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​
លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់ ​និង​អ្នក​ស្រី ​ម៉ែន សំអន ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​តាម​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៤​ ​ខែ​ធ្នូ ​ក្នុង​អង្គ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៤៣ ​ អណត្តិ​ទី៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​

គណ​បក្ស​ប្រជាជន​កម្ពុជា​កាល​ពីសប្តាហ៍​មុន​បាន​តែង​តាំង​រដ្ឋ​មន្ត្រី​ដែល​មាន​តួនាទី​រដ្ឋ​កំពូល​២​រូប​ទៀត​ធ្វើ​ជា​អនុ​ប្រធាន​គណ​បក្សធ្វើ​ឲ្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ​មាន​អនុ​ប្រធាន​គណបក្ស​ចំនួន​៤​នាក់។​

រដ្ឋ​មន្ត្រី​ទាំង​២​រូប​នោះ​គឺ​លោក​នាយ​ឧត្តម​សេនីយ៍ ​ទៀ បាញ់​ និង​អ្នក​ស្រី ​ម៉ែន សំអន។​ ឥស្សរជន​សំខាន់​២​រូប​ដែល​មាន​តំណែង​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ផង​នោះ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​តាម​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៤ខែ​ធ្នូ​ក្នុង​អង្គ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៤៣​ អណត្តិ​ទី៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​នេះ​បើ​យោង​តាម​គេហ​ទំព័រ​ផ្លូវ​ការ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​

ការណ៍​នេះ​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មាន​ក្តី​មន្ទិល​អំពី​អព្យាក្រឹត​ភាព​របស់​កងទ័ព​និង​ជំហរ​នយោបាយ​របស់​រដ្ឋមន្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​ទាំង​ក្នុង​គណបក្ស​ផង​និង​នៅ​ក្នុង​រដ្ឋាភិបាល​ផង​នោះ។​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ លោក​កន សាវាង្ស​យល់​ឃើញ​ថារដ្ឋមន្ត្រី​មិន​គួរ​មាន​តួនាទី​សំខាន់​ក្នុង​គណបក្ស​ទេ​ហើយ​គួរ​តែ​លា​លែង​តំណែង​គណបក្ស​ដើម្បី​ធានា​ថា​ រាល់​ការ​សម្រេច​ចិត្ត​ក្នុង​រដ្ឋាភិបាល​មិន​មាន​ភាព​លម្អៀង​ខាង​នយោបាយ។​

លោក​ប្រាប់​វីអូអេ​បន្ត​ថា​ រដ្ឋាភិបាល​គួរតែ​បង្កើត​ច្បាប់​ឲ្យ​ច្បាស់​លាស់​ក្នុង​ការ​កំណត់​តួនាទី​គណបក្ស​ជា​មួយ​តួនាទី​រដ្ឋ​ឲ្យ​ត្រឹមត្រូវ​ដើម្បី​រក្សា​បាន​អព្យាក្រឹត​ភាព​ក្នុង​ពេល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​រដ្ឋ។​

លោក​ថ្លែង​ថា៖«យើង​សព្វ​ថ្ងៃ​មាន​ការ​បែង​ចែង​រវាង​បក្ស​និង​រដ្ឋ​មិន​ទាន់​ដាច់​ ​មាន​ន័យ​ថា​មន្ត្រី​ធំៗ​មួយ​ចំនួន​ដែល​ជា​រដ្ឋមន្ត្រី​ហ្នឹង​មាន​តួនាទី​ធំ​ក្នុង​បក្ស​ហើយ​មាន​តួនាទី​ធំ​ក្នុង​រដ្ឋ​ទៀត​ដែល​កាន់​ការ​ងារ​បច្ចុប្បន្ន​របស់​រដ្ឋ​ទៀត​ដែល​មិន​បាន​លា​លែង​តំណែង​ឬ​ក៏​យើង​មើល​ឃើញ​ពី​អព្យាក្រឹត​ភាព​របស់​មន្ត្រី​អស់​ហ្នឹង​វា​ហាក់​ដូច​ជា​មិន​ទាន់​រក្សា​បាន​នូវ​អព្យាក្រឹត​ហ្នឹង​បាន​ទេ»។​

លោក​បន្ថែម​ថា៖​«ជា​សំណូមពរ​និង​ជា​ការ​គិត​របស់​ខ្ញុំ​ទេ​ ដើម្បី​ឲ្យ​មន្រ្តី​ហ្នឹង​មាន​តួនាទី​មួយ​ដែល​រក្សា​ភាព​អព្យាក្រឹត​បាន​ គាត់​គួរ​តែ​លា​លែង​អំពី​បក្ស​ឬ​ក៏​លាលែង​អំពី​តួនាទី​សំខាន់​របស់​បក្ស។​...​កាលណា​បើ​គាត់​អាច​ធ្វើ​អ៊ីចឹង​បាន​ហើយ​ច្បាប់​មាន​ការ​ចែង​ច្បាស់​លាស់​ពី​ហ្នឹង​បាន​វា​អាច​កាត់​បន្ថយ​ពី​ភាព​លម្អៀង​ដែរ»។​

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ​បាន​កត់​សម្គាល់​ថា​ការ​ដាក់​អនុ​ប្រធាន​គណ​បក្ស​ថ្មី​២​នាក់​បន្ថែម​ទៀត​ក្នុង​ចំណោម​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សរុប​៤​នាក់​នោះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​គណបក្ស​ដែល​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ក្នុង​ការ​រៀបចំ​រចនា​សម្ព័ន្ធ។​ ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ ​ការណ៍​នេះ​មិន​មែន​ជា​រូប​មន្ត​សម្រាប់​ដាក់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បន្ត​វេន​នោះ​ទេ។​

លោក​ថ្លែង​ថា៖​«វា​អាច​ជា​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មាន​balance​[តុល្យភាព]​គ្នា​ដែល​ជា​អាច​check​[ត្រួត​ពិនិត្យ]​គ្នា​នៅ​ក្នុង​បក្ស​ហ្នឹង​ក៏​ថា​បាន​ដែរ​បាទ»។​

ការ​បន្ថែម​រដ្ឋមន្ត្រី​កំពូលៗ​២​រូប​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​បាន​ធ្វើ​ឲ្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​អនុ​ប្រធាន​គណបក្ស​ចំនួន​៤​រូប​ដែល​ជា​រដ្ឋ​មន្រ្តី​និង​ថ្នាក់​ដឹក​នាំ​រដ្ឋ​ធំៗរួម​មាន​លោក​សាយ ឈុំ​ប្រធាន​ព្រឹទ្ធ​សភា​លោក​ស ខេង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី។​

គួរ​បញ្ជាក់​ថា​ ​អំឡុង​ពេល​សន្និបាត​របស់​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​លោក​ហ៊ុន ម៉ាណែត​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក៏​ត្រូវ​បាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើស​រើស​ជា​ឯកច្ឆន្ទ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត។​

ទោះ​បី​ជា​មាន​ការ​រិះគន់​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​បន្ថែម​មេ​ដឹកនាំ​គណបក្ស​ក៏ដោយអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បាន​មាន​ប្រសាសន៍​ថា​ ការ​តែង​តាំង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ថ្ងៃ​អនាគត​និង​អនុ​ប្រធាន​គណបក្ស​ថ្មីៗ​នេះ​ជា​សំណូមពរ​ចាំ​បាច់​នៃ​ភារ​កិច្ច​នយោបាយ​និង​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​សុទ្ធសាធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ថ្លែង​ការពារ​ថា​ ​ការ​បញ្ចូល​រដ្ឋមន្ត្រី​ធំៗ​ទៅ​ក្នុង​តួនាទី​សំខាន់​ក្នុង​គណបក្ស​នោះ​នឹង​មិន​ប៉ះ​ពាល់​ដល់​អព្យាក្រឹត​ភាព​និង​តុល្យភាព​ការងារ​ក្នុង​ការ​ដឹកនាំ​កិច្ចការ​ប្រទេស​ជាតិ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​យ៉ាង​ដូច្នេះ៖

«ការងារ​របស់​មន្រ្តី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ទៅ​ក្នុង​ការ​ងារ​គណបក្ស​គឺ​មាន​ចែង​នៅ​ក្នុង​ច្បាប់។​ អ៊ីចឹង​ទេ​បាន​ជា​យើង​ទាម​ទារ​ត្រូវ​មាន​អនុ​ប្រធាន​ច្រើន​នាក់​ដើម្បី​ផ្លាស់​ប្តូរ​គ្នា​ដើម្បី​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះ​ពាល់​ម៉ោង​ការងារ​ស្នូល​របស់​រដ្ឋ»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ​បាញ់​និង​អ្នកស្រី​ម៉ែន សំអន​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

យ៉ាងណា​ក៏​ដោយ​លោក​ទៀ បាញ់​បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៤​ខែធ្នូ​ថា៖​«ក្នុង​នាម​ជា​អនុ​ប្រធាន​គណបក្ស​ ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ធ្វើ​ពលិកម្ម​គ្រប់បែប​យ៉ាង​បន្ត​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃ​ក្នុង​គណបក្ស​ឲ្យ​បាន​រឹងមាំ​ឋិតថេរ​ចីរកាល​ដើម្បី​ឆ្ពោះ​ទៅ​ទទួល​បាន​ជោគជ័យ​ដាច់​ខាត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ​២០២២​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី​៧​ឆ្នាំ​២០២៣​និង​ការ​បោះឆ្នោត​អាណត្តិ​ជា​បន្តបន្ទាប់»។​


អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​ថ្លែង​ថា​ការ​បន្ថែម​អនុ​ប្រធាន​២​នាក់​ក្នុង​គណបក្ស​កាន់​អំណាច​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ក្នុង​គណបក្ស​ ខណៈ​លោក​ទៀ បាញ់​មាន​កម្លាំង​ទ័ព​ក្នុង​ដៃ​និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ថៃ​និង​អ្នកស្រី​ម៉ែន សំអន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​វៀតណាម។​

លោក​ប្រាប់​វីអូអេ​ថា៖​«អ៊ីចឹង​ហើយ​ការ​ដាក់​លោក​ទៀ បាញ់​និង​លោក​ជំទាវ​ម៉ែន សំអន​ចូល​ទៅ​ក្នុង​នេះ ​ជា​ការ​ធ្វើ​តុល្យភាព​នៃ​អំណាច​នៅ​ក្នុង​គណបក្ស។​ជាពិសេស​ការ​ធ្វើ​តុល្យភាព​នៃ​អំណាច​លោក​ស ខេង​ដែល​គាត់​កាន់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែរ​ ប៉ុន្តែ​គាត់​កាន់​ប៉ូលិស ។​អ៊ីចឹង​អា​នេះ​រូប​ភាព​ទី១។​រូប​ភាព​ទី២​គឺ​ជា​ការ​ស្អំ​ចិត្ត​នៅ​ក្នុង​គណបក្ស​ធ្វើ​ម៉េច​រុញ​ឲ្យ​មាន​ថ្នាក់​ដឹកនាំ​កំពូល​ថែម​ទៀត​ដើម្បី​ជា​ឆ្អឹង​ខ្នង​នៃ​អ្នក​ជំនាន់​ក្រោយ​នោះ​ក្នុង​គណបក្ស​ប្រជាជន​ក្នុង​ការ​បន្តវេន។​ហើយ​ខ្ញុំ​គិត​ថា​ការ​បន្ត​វេន​នេះ​នឹង​អាច​ចាប់​ផ្តើម​ពី​អាណត្តិ​ឆ្នាំ​២០២៣​នេះ​ទៅ​បាទ»។​

លោក​បន្ថែម​ថា៖​«ក៏​ប៉ុន្តែ​ចំណុច​ពិសេស​មួយ​ដែល​ខ្ញុំ​មើល​ឃើញ​ថា​គណបក្ស​ប្រជាជន​អាច​ចេះ​ធ្វើ​ការ​ជាមួយ​គ្នា​ហើយ​អាច​ចេះ​ដោះស្រាយ​បញ្ហា​ហើយ​អាច​យក​បញ្ហា​មក​អង្គុយ​ជជែក​គ្នា​បាន។​ បើ​ធៀប​ជាមួយ​គណបក្ស​ប្រឆាំង​យើង​ថា​សញ្ញា​នៃ​ការ​ប្រេះ​ស្រាំ​កើត​មាន​ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​យក​បញ្ហា​មក​ដាក់​លើតុ​ ហើយ​អង្គុយ​ជជែក​គ្នា​នៅ​ឡើយ​ទេ»។​

បើ​តាម​គេហ​ទំព័រ​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​កាន់​អំណាច​នេះ​មាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ចំនួន​៨២៧​នាក់​ក្នុង​នោះ​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​មាន​ចំនួន​៣៧​នាក់។​ ក្នុង​នោះ​ដែរ​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ភាគ​ច្រើន​ជា​រដ្ឋមន្ត្រី​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ក្នុង​ជួរ​កងទ័ព​ផង​ដែរ។​

មាត្រា​១៥​ជំពូក​ទី៣​ស្តីពី​សមាជិក​ភាព​ចែង​ថា​ បព្វជិត​ មន្ត្រី​តុលាការ​កង​យោធពល​ខេមរ​ភូមិន្ទ​និង​កង​កម្លាំង​នគរបាល​ជាតិ​អាច​ចូល​រួម​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន​តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។​ គណ​បក្ស​នយោបាយ​មិន​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា​ តុលាការ​កង​យោធពល​ខេមរ​ភូមិន្ទ​និង​កង​កម្លាំង​នគរបាល​ជាតិ​ទេ៕

XS
SM
MD
LG