នៅក្នុងការបកស្រាយដើម្បីកុំឲ្យមានការលើកឡើងថាកូនប្រុសរបស់លោកនឹងប្រកួតប្រជែងជាមួយអ្នកដឹកនាំជើងចាស់របស់គណបក្សប្រជាជនកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថាការប្រកួតប្រជែងសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីគឺធ្វើឡើងក្នុងចំណោមអ្នកដឹកនាំជំនាន់ក្រោយតែប៉ុណ្ណោះ។
ក្នុងន័យនេះលោក ហ៊ុន សែន អះអាងថាលោកនឹងបន្តកាន់អំណាចយ៉ាងហោចណាស់គឺ៨ទៅ១០ឆ្នាំទៅមុខទៀតហើយពេលនោះថ្នាក់ដឹកនាំរបស់បក្សចាស់ៗក៏នឹងលែងមានការប្រកួតប្រជែងគ្នាសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅពេលមានការអះអាងថាលោកស ខេងដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានឹងអាចធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហើយវាអាស្រ័យលើពេលវេលាដែលលោក ហ៊ុន សែន ឈប់ធ្វើជានាយករដ្ឋមន្ត្រី។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ក្នុងខេត្តព្រៃវែង លោក ហ៊ុន សែន ដែលកាន់អំណាចជិត៣៧ឆ្នាំមកហើយថ្លែងថា៖«មេដឹកនាំសព្វថ្ងៃដែលកំពុងនៅ[គឺ]ពេលដែលគេចូលធ្វើការគេបានពរហ៊ុន ម៉ាណែតលេងផង។ អ៊ីចឹងមិនអាចយក ហ៊ុន ម៉ាណែត ទៅធ្វើប្រធានអ្នកទាំងហ្នឹងទេ។ អ្នកមេដឹកនាំសំខាន់ៗដល់ចេញគឺចេញទាំងអស់គ្នាតែម្តងហើយដាក់equip[ក្រុម]ថ្មីចូល»។
លោកថ្លែងបន្តថា៖«អ៊ីចឹងលទ្ធភាពមិនអាចមុនព្រឹត្តិការណ៍ឆ្នាំ២០២៨ទេ អាចក្នុងចន្លោះឆ្នាំ២០២៨ ឆ្នាំ២០២៩ឬឆ្នាំ២០៣០។ អ៊ីចឹងត្រូវរង់ចាំ។វិធីតែមួយដែលអាចដូរទិសបានត្រូវធ្វើឃាតហ៊ុន សែនឲ្យបាន។សម្លាប់ ហ៊ុន សែន ឲ្យបានឬសុខភាព ហ៊ុន សែន ស្លាប់ឬត្រូវធ្វើឃាត ហ៊ុន សែន ដើម្បីប្តូរទិសនយោបាយ»។
កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រឲ្យកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅពេលអនាគត។ ហើយបន្ទាប់មកក្រសួងស្ថាប័នរដ្ឋមួយចំនួនដែលរួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងបរិស្ថានក្រសួងប្រៃសណីយ៍ជាដើមបានចេញសេចក្តីប្រកាសគាំទ្រពេញទំហឹងចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែមិនទាន់ឃើញមានការប្រកាសគាំទ្រពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង នៅឡើយទេ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១កាលពីព្រឹកថ្ងៃចន្ទលោក ហ៊ុន សែន ថ្លែងបន្តថាមន្ត្រីធំៗរបស់គណបក្សអាចត្រៀមដាក់កូនរបស់ពួកគេសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីដើម្បីប្រកួតប្រជែង។ លោកបន្ថែមថាក្រៅពីកូនរបស់លោកលោកមើលឃើញបេក្ខជនពីគណបក្សយ៉ាងតិច៣នាក់ទៀតសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី។ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះឡើយ។ លោកឲ្យដឹងថាលោកលម្អៀងទៅកូនប្រុសរបស់លោកដោយលោកថាឪពុកគ្រប់គ្នាតែងតែចង់ឲ្យកូនធ្វើធំ។
បើតាមលោក ហ៊ុន សែន លោកបានឲ្យមនុស្សរបស់លោកចុះទៅតាមផ្សារឬហាងកាហ្វេដើម្បីធ្វើការស្ទង់មតិឬការយល់ឃើញរបស់ប្រជាពលរដ្ឋនូវការប្រកាសរបស់លោក។
លោកបញ្ជាក់ថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឲ្យមនុស្សដើរតាមផ្សារដែរ។ គេនិយាយតាមមួយបែបរបស់គេ តាមអ្នកតុកាហ្វេ។ គេថាក្រៅពីត្រកូលហ៊ុនមិនដឹងទុកចិត្តអាណាទេ...។ អាហ្នឹងជាភាសាគាត់...អាក្រក់បន្តិច»។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point មានតំណែងជាអគ្គមេបញ្ជាការរងកងទ័ពនិងជាមេបញ្ជាការកងទ័ពជើងគោក។ លោកត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីខែមិថុនាឆ្នាំ២០២០។
លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយប្រាប់វីអូអេនៅថ្ងៃចន្ទថាលោកមានការងឿងឆ្ងល់អំពីការប្រកាសបេក្ខភាពជានាយករដ្ឋមន្ត្រីថ្មីនៅពេលនេះ ដោយលោកថាការប្រកាសពេលនេះគឺវាខុសពេលវេលាបន្តិចហើយការណ៍នេះក៏ជារឿងកិច្ចការផ្ទៃក្នុងរបស់គណបក្សក្នុងការសម្រេចចិត្តផងដែរ។
ប៉ុន្តែម្យ៉ាងទៀតលោកថានេះក៏អាចជាការស្ទង់មតិមួយផងដែរប៉ុន្តែវាមិនប្រាកដថាផ្លូវការឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងសម្រាប់ការប្រកាសជាសាធារណៈនៅពេលនេះ ខ្ញុំគិតថាអាចមានមូលហេតុអ្វីមួយដែលយើងអ្នកខាងក្រៅមិនបានដឹង។ គ្រាន់ខ្ញុំមានអារម្មណ៍ថាវាមានភាពមិនធម្មតាមួយដែលករណីនេះបានត្រូវយកមកប្រកាសមុនពេលការបោះឆ្នោតកើតឡើង។ វាគួរតែកិច្ចការនេះជាកិច្ចការផ្ទៃក្នុងរបស់គណបក្សដែលត្រូវតែធ្វើការជាមួយគ្នាអ្នកដឹកនាំរបស់គណបក្ស»។
លោកបន្ថែមថា៖ «ថ្ងៃនេះក៏យើងឃើញមានខាងស្ថាប័នផងខាងបុគ្គលផងផ្ញើសារទៅគាំទ្រផ្សេងៗ។ប៉ុន្តែរឿងទាំងអស់ហ្នឹងយើងមិនប្រាកដថាការគាំទ្រវាជាការគាំទ្រផ្លូវការឬក៏ធ្វើដើម្បីបំពេញបំណងអ្នកដឹកនាំអីបែបហ្នឹងវាជារឿងមួយទៀតដែលយើងមិនអាចនិយាយបាន»។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជានិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីម៉ែលកាលពីសប្តាហ៍មុន ដោយប្រៀបធៀបករណីដឹកនាំប្រទេសក្រោយពីលោក ហ៊ុន សែន ទៅនឹងប្រទេសសិង្ហបុរីដែលលោក Lee Hsieng Loon ធ្វើជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននិងជាកូនរបស់ថ្នាក់ដឹកនាំមុន។លោកបន្ថែមថាលោកហ៊ុន ម៉ាណែតប្រាកដជាមានអ្នកគាំទ្របេក្ខភាពរបស់លោកសម្រាប់នាយករដ្ឋមន្ត្រីព្រោះលោកជាកូនរបស់លោកហ៊ុន សែន។
លោកបញ្ជាក់ថា៖ «ពួកគេជឿជាក់អំពីការពង្រឹងអំណាចរបស់ពួកគេតាមរយៈការបន្តដឹកនាំដោយត្រកូលហ៊ុន»។
កាលពីខែធ្នូឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានព្រលយផងដែរថា លោក អូន ព័ន្ធមុន្នីរ័ត្ន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយជាអតីតលេខាធិការផ្ទាល់របស់លោកក៏ជាបេក្ខជននាយករដ្ឋមន្ត្រីផងដែរ។
ប៉ុន្តែលោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានសារព័ត៌មាន Reuters ចុះផ្សាយកាលពីកន្លងទៅថាមានសញ្ជាតិពីរគឺខ្មែរនិងស៊ីប(Cyprus) ដែលជាប្រទេសមួយនៅអឺរ៉ុប។ ដូច្នេះបើអនុវត្តតាមច្បាប់ដែលកំណត់ថា អ្នកកាន់តំណែងរដ្ឋកំពូលដូចជានាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភាត្រូវមានសញ្ជាតិតែមួយនោះនោះលោក អូន ព័ន្ធមុន្នីរ័ត្ន មិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីដើមខែវិច្ឆិកា៕