ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធម្មយាត្រា​របស់​លោក រ៉ុង ឈុន​ ចាប់​ផ្តើម​នៅថ្ងៃ​ពុធ​នេះ​ជា​មួយ​សម្រែក​​ទាមទារ​យុត្តិធម៌​សង្គម​​​​​​​


លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ដៃ​កាន់​ទង់ជាតិ​កំពុង​ដឹកនាំ​ធម្មយាត្រា​ថ្មើរជើង​ស្តីពី​«​សីល​ធម៌​សង្គម»​ចេញ​ពី​​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ដៃ​កាន់​ទង់ជាតិ​កំពុង​ដឹកនាំ​ធម្មយាត្រា​ថ្មើរជើង​ស្តីពី​«​សីល​ធម៌​សង្គម»​ចេញ​ពី​​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

«យុត្តិធម៌​ត្រូវ​តែ​មាន ​យុត្តិ​ធម៌​ត្រូវ​តែ​មាន ​យុត្តិ​ធម៌​ត្រូវ​តែ​មាន​... »​ នេះ​ជា​សម្រែក​ដែល​លាន់​ឮ​ចេញ​ពី​ធម្ម​យាត្រា​ថ្មើរ​ជើងស្តី​ពី​«សីល​ធម៌​សង្គម» ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​ដែល​បាន​ចាប់​ផ្តើមចេញ​ដំណើរនៅ​ថ្ងៃ​ពុធ​នេះ​ពី​រូប​សំណាក​លោក​យាយ​ពេញ ​ក្បែរ​វត្ត​ភ្នំ ​ឆ្ពោះ​ទៅ​កាន់បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា ឃ្លាំង មឿង​ នៅ​ខេត្ត​ពោធិ៍សាត់។​ ​

ធម្មយាត្រា​នេះ​មាន​អ្នក​ចូល​រួម​ដំណើរប្រមាណ​៥០​នាក់ ​ដែល​នាំមុខ​ដោយ​ទីប្រឹក្សា​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យលោក ​រ៉ុង ឈុន​ ហើយ​អ្នក​ហែ​ខ្លះ​បាន​កាន់​បដា​រំលេច​ពាក្យ​«ធម្មយាត្រា​ស្តីពី​ការ​លើក​កម្ពស់សីលធម៌​សង្កម»។​ អ្នក​ដង្ហែ​ធម្មយាត្រា​ខ្លះ​ទៀត​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​នូវ​យុត្តិ​ធម៌​សង្គម​ និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​សង្គម​ និង​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ​ជា​ដើម។ ​ព្រឹត្តិ​ការណ៍​ដែល​កម្រ​កើត​មាន​នេះ​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ផង​ដែរ។​

​មុន​ពេល​រៀប​ចេញ​ដំណើរ​ធម្មយាត្រានេះ ​ អ្នកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ថ្លែង​ថា ​ធម្ម​យាត្រា​នេះ​មាន​បំណង​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​ថ្នាក់​ដឹក​នាំរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើសីលធម៌​សង្គមឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី។ ​អ្នកស្រី​បន្ថែម​ថា​ ​បើថ្នាក់​ដឹក​នាំ​ និង​ពលរដ្ឋ​សាមញ្ញនៅ​បន្ត​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​អសុរោះ​ក្នុង​សង្គម​ទៀត​នោះ វា​អាច​ធ្វើ​ឲ្យ​សង្គម​ជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។​

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

​អ្នក​ស្រី​ថ្លែង​ថា៖ ​«ក្នុង​នាម​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​យើង​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ចេះ​រួបរួម​សាមគ្គី​ ហើយ​ប្រើ​ភាសា​ពិរោះ ​គាប់​ប្រសើរ​ជា​មួយ​គ្នាដើម្បី​ជា​ការ​មួយដែល​ធ្វើ​ឲ្យ​យុវជន​បន្ត​វេន​ គាត់​ធ្វើតាម​យើង។ ​បើ​យើង​ជា​ចាស់​ទុំ​ប្រើ​ភាសា​មិន​ពិរោះ ​ធ្វើ​ឲ្យ​សង្គម​ជាតិ​យើង​ធ្លាក់​នៅ​គ្រោះ​មហន្ត​រាយ»។​

​បើ​តាមសេច​ក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​២០ ​ខែ​មករា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ​សីល​ធម៌​សង្គម​កម្ពុជា​បានធ្លាក់​ចុះ​ដុន​ដាប ​ដែល​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ថ្លែង​សុន្ទរក​ថា​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​ និង​មួយ​ផ្នែក​ទៀត​តាម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ការ​ចាប់​សកម្មជន​សង្គម​ និង​នយោបាយ​ដាក់​ពន្ធនាគារ​តាម​តែ​អំពើ​ចិត្ត។​

អ្នកស្រី ង៉ែត ឃុន អាយុ​៨៣ឆ្នាំ ​ចូល​រួម​ធម្ម​យាត្រា​ថ្មើរជើងស្តីពី​«សីលធម៌សង្គម»​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ង៉ែត ឃុន អាយុ​៨៣ឆ្នាំ ​ចូល​រួម​ធម្ម​យាត្រា​ថ្មើរជើងស្តីពី​«សីលធម៌សង្គម»​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​ស្រី ​ង៉ែត ឃុន ​អាយុ​៨៣ឆ្នាំ​អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ ដែល​បាន​ចូល​រួមដង្ហែ​ធម្មយាត្រា​ថ្មើរ​ជើង​នោះ​ដែរ​ ប្រាប់​អ្នក​សារ​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ​ថា​ បើ​ទោះ​បី​ជា​អ្នក​ស្រី​មាន​វ័យ​ចំណាស់​ក៏​ដោយ ក៏​ប៉ុន្តែ​មិន​អាច​ហាម​ចិត្ត​របស់​អ្នកស្រី​មិន​ឲ្យ​ចូលរួម​ធម្មយាត្រា​នេះ​បាន​ទេ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ចិត្ត​ខ្ញុំសព្វថ្ងៃ​ ខ្ញុំ​ចង់​ដើរ​ដើម្បី ខ្ញុំ​ខំ​តស៊ូ​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យក​គំរូ​តាម​ខ្ញុំ​ដើម្បី​ជួយ​ដល់​ប្រទេស​ជាតិ​ ឲ្យ​បាន​សេរីភាព ​ឲ្យ​បាន​សន្តិ​ភាព​ពិត​ប្រាកដ»។ ​

លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានវីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានវីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចំណែកលោក​ នី ណាក់ ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ IMan KH ​ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ចំពោះ​ការ​បញ្ចេញ​មតិ​រឿង​ពាក់​ម៉ាស់​ឲ្យ​កូន​មាន់​ អំឡុង​ពេល​មាន​ការរីក​រាល​ដាល​ជំងឺ​កូវីដ​ជំងឺ១៩​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២០​ បាន​និយាយ​ថា​ ធម្មយាត្រា​ថ្មើរ​ជើង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សីលធម៌​ដែល​លោក​យល់​ថា​ បាន​ធ្លាក់​ចុះដោយសារ​ការ​និយាយ​ស្តីពី​រឿង​អវិជ្ជមាន​ដែល​កើត​ឡើង​ក្នុង​សង្គម​ តែ​បែរ​ជា​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។​

​អ្នក​ចូល​រួម​ដង្ហែ​ធម្ម​យាត្រា​ម្នាក់​ទៀត​គឺ​សកម្ម​ជន​បរិស្ថាន​ លោក​ ថុន រដ្ឋា ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​និង​កំពុង​មាន​ក្តីក្តាំ​នៅ​តុលាការ​ពី​បទ​ញុះញង់​ផង​នោះ​ ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ ថ្នាក់​ដឹកនាំ ​និងអាជ្ញាធរ​ពោរពេញ​ដោយ​ក្រមសីល​ធម៌​ខ្ពស់​ចំពោះការ​ប្រើ​ពាក្យ​ពេចន៍ និង​កាយវិការ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អរិយធម៌​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ។ ​

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ក្បែរ​រូបសំណាក​យាយពេញ ក្បែរវត្ត​ភ្នំ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ក្បែរ​រូបសំណាក​យាយពេញ ក្បែរវត្ត​ភ្នំ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ ​«គោល​បំណង​របស់​យើង​ចង់បាន​គឺ​ពលរដ្ឋ​មាន​សីលធម៌​ក្នុង​ការ​និយាយ​ស្តី។​ សីលធម៌​ប្រទេស​កម្ពុជា​នឹង​កើន​ប្រសិទ្ធ​ភាព​ឡើង​ និង​ចាប់​ផ្តើម​វិវឌ្ឍ​ទៅ​ជា​ជាតិសាសន៍មួយ ​ដែល​មាន​អរិយ​ធម៌​ខ្ពស់​ ជាតិ​សាសន៍មួយ​ដែល​មាន​ពាក្យ​សម្តី​ផ្អែម​ល្ហែម​ប្រកប​ដោយ​ក្រម​សីលធម៌​ហ្នឹង»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​នៅ​ពេល​ដែល​យើង​មាន​ការ​ជជែក​មាន​ក្រម​សីលធម៌​ខ្ពស់​ ​យើង​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ដែល​ល្អ​ប្រសើរ​ជាជាង​យើង​ប្រើ​ពាក្យ​សម្តី​អសុ​រោះ​ ​គឺ​លទ្ធផល​ដែល​ទទួល​បាន​ យើង​ដឹង​ហើយ​ថា​ ​មាន​តែ​ភាព​ឈឺ​ចាប់ ​ហើយ​នឹង​ការ​គុំកួន​ស្អប់​គ្នា​ទៅវិញ​ទៅ​មក»។​

អំឡុង​ពេល​នៃ​ការ​ធ្វើ​ធម្មយាត្រា​ថ្មើរ​ជើង​នេះ​ ​លោក ​ថុន រដ្ឋា​ ជឿថា​ លោក​អាច​ដើរ​ក្នុង​រយៈ​ពេល​ប្រមាណ​១០​ថ្ងៃ​នេះ​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់ ដោយ​សារ​តែ​ថាមពល​ដែល​បាន​មក​ពី​កម្លាំង​ចិត្ត​ និង​ភាព​អស្ចារ្យ​នៃ​ព្រឹត្តិ​ការណ៍​នេះ។​

​យ៉ាង​ណាក៏​ដោយ​ ​មុនពេល​ចាប់​ផ្តើម​ធ្វើ​ធម្មយាត្រា​នេះ​ ​ក្រសួង​មហា​ផ្ទៃ​បា​នចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​លើ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខន្តិកៈ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ និង​ការ​ដាក់​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ប្រចាំ​ទៅ​ក្រសួង។ ​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ក្រសួង​មហាផ្ទៃ​អះអាង​ថា​ ​សមាគម​ធ្លាប់​បាន​ដឹកនាំ​បាតុកម្មមួយ​ដែល​ខុស​ច្បាប់​កាល​ពីខែ​ធ្នូ​ ឆ្នាំ​មុន​ នៅ​តំបន់​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ​នៅ​ពេល​នោះ​ ​ក្រសួង​មហាផ្ទៃ​ថា​ សមាគម​បាន​ហែ​ក្បួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​នាំ​ញត្តិ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ និង​សាលា​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​សកម្ម​ជន​សហជីព​ និង​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋា​ភិបាល​ ហើយ​នឹង​ការ​បើក​លម្ហ​សេរីភាព​ឡើង​វិញ ​មុនការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ ​

ត្រឡប់​មក​ការ​ធ្វើ​ធម្មយាត្រា​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​នោះ​ លោក​រ៉ុង ឈុន​ថា​ មូល​ហេតុ​ដែល​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សម្រេច​ចិត្ត​ធ្វើ​ធម្ម​យាត្រាពី​រូប​សំណាក់​លោក​យាយពេញ​ទៅ​កាន់បូជនីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​លោក​ឧកញ៉ា​ ឃ្លាំងមឿង​នោះ​ ​គឺដោយ​សារ​លោក​ឧកញ៉ា​ ឃ្លាំងមឿង​ជា​គំរូ​មួយ​ ដែល​ហ៊ាន​លះ​បង់​ខ្ពស់​ដើម្បី​ជាតិ ​និង​បុព្វ​ហេតុ​ជាតិ​ ហើយ​ការ​ដើរថ្មើរ​ជើង​នេះ​គឺ​ចង់​បង្ហាញ​ពី​ការ​លះ​បង់​ដើម្បី​ស្វែង​រក​សេចក្តី​សុខ​ជូនជន​រួម​ជាតិ ​និង​ប្រជា​ពល​រដ្ឋ​ទូទៅ។​

លោក​ថ្លែង​ថា៖ ​«យើង​ជ្រើស​រើស​យក​កន្លែង​រូប​សំណាក​លោក​ឧកញ៉ា​លោក​តា​ឃ្លាំងមឿង។​ កន្លែង​ហ្នឹងឥស្សជន​ជា​ច្រើន​ហាក់បី​មើល​រំលង​។ ​ដូច្នេះ​បើ​យើង​មើល​ប្រវត្តិ​សាស្ត្រ​លោក​តា​ឃ្លាំងមឿង​ គាត់​មាន​ស្នាដៃ ​ហើយ​លះ​បង់​ខ្ពង់​ដើម្បីជាតិ ដើម្បី​បុព្វហេតុ​ជាតិ​ ដូច្នេះ​ហើយ​បាន​ជា​យើង​កំណត់​យកកន្លែង​ហ្នឹង​ ជា​ទីសក្ការៈ​ដើម្បី​ធ្វើ​ពិធី​សាសនា​ពេល​ដែល​យើង​ទៅ​ដល់​ទីនោះ»។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​បន្ថែម​ថា៖ ​«ការណ៍​ដែល​យើង​ដើរ​ថ្មើរ​ជើង ​យើង​ចង់​បង្ហាញ​ពី​ការ​លះបង់​ ចង់​បង្ហាញ​អំពី​ការ​លះ​បង់​សេច​ក្តី​សុខ​របស់​យើង​ ដើម្បី​ស្វែង​រក​សីល​ធម៌​សង្គ​ម ​ដើម្បី​ស្វែង​រក​សេចក្តី​សុខ​[ជូន] ​ជន​រួម​ជាតិ​ទាំង​អស់​គ្នា»។​

​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ ខៀវ​ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រសួង​មហា​ផ្ទៃ​បាន​ណែនាំ​ទៅ​អាជ្ញាធរ​តាម​ខេត្ត​ ដែល​មាន​ការ​ដង្ហែ​ធម្ម​យាត្រា​ឆ្លង​កាត់​នោះ ឲ្យជួយ​សម្រួល​ និង​រៀប​ចំ​សណ្តាប់​ធ្នាប់ទៅ​តាម​អ្វី​ដែល​សមាគមគ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ​បានស្នើ​សុំ​នោះ​រួច​ហើយ។ ​ដោយ​ឡែក​លោក​ស្នើ​ឲ្យ​សមាគម​អនុវត្ត​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ខ្លួនឲ្យ​បាន​ត្រឹម​ត្រូវ ​ទាក់​ទង​សកម្ម​ភាព ​និងចំនួន​អ្នក​ចូល​រួម។​

លោក​ថ្លែង​ថា៖ ​«សុំ​ផ្តាំ​ផ្ញើ​ថា​ គាត់​សុំ​ហែតែ​៥០​នាក់​ទេ​ តាម​ពិត​វា​ត្រូវ​មាន​កំណត់​ហេតុ​ដែរ ​ពីម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន។ ​ចំនួន​ប៉ុណ្ណឹង​ដូចការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​អ៊ីចឹង។ ​ហើយ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ តាម​លិខិត​របស់​ក្រសួង»។ ​

​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​កត់​សម្គាល់​ថា​ ការ​ធ្វើ​ធម្ម​យាត្រា​នេះ​ជា​សារ​មួយដែល​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ប្រជា​ពល​រដ្ឋ​ឲ្យ​យល់​ដឹង​ពីក្រម​សីលធម៌​សង្គម​ ជាពិសេស​ដាស់​តឿន​ទៅ​អ្នក​នយោបាយ​ឲ្យ​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ ​ឈប់​ប្រើ​ប្រាស់​ពាក្យ​អសុរោះ​ ដោយ​ងាក​មក​គោរពក្រម​សីល​ធម៌​សង្គម​ ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​នយោបាយ​ដោ​យ​ស្មើ​មុខ​ស្មើ​មាត់​គ្នា​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ។ ​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​បាន​ជា​ក្រុម​គ្រូ​បង្រៀន​សុខចិត្ត​ធ្វើ​ធម្មយាត្រា​នេះ ដើម្បីបង្ហាញ​ថា ​ឲ្យ​អ្នក​នយោបាយ​មាន​ភាព​ចាស់ទុំ​ ហើយ​ងាក​មក​រក​ក្រម​សីលធម៌​ និង​តាម​វិជ្ជាជីវៈ ​ដើម្បី​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់។​ អ្នកឈ្នះគឺឈ្នះ​អ្នកចាញ់គឺ​ដោយ​អហិង្សា»។ ​

គួរ​រំឭក​ថា​ កាល​ពីឆ្នាំ​២០១៣​ ជន​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី ​មន្ត្រី​សហ​ជីព ​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា​ពី​បណ្តា​ខេត្ត​នានា​ឆ្ពោះ​មក​រាជ​ធានី​ភ្នំពេញ​ដើម្បី​បុព្វ​ហេតុ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ ​ធម្ម​យាត្រា​កាល​ពី​ពេល​នោះ​បាន​គ្រោង​ហែ​កាត់​ខេត្ត​យ៉ាង​តិច​ចំនួន​១២ ​ក្នុង​នោះ​មាន​ខេត្ត​កំពង់​ធំ ​ពោធិ៍សាត់​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង ​កណ្តាលកំពង់ស្ពឺ ​តាកែវ ​និង​ខេត្ត​កំពង់ឆ្នាំង​ជា​ដើម៕​

XS
SM
MD
LG