ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ហែ​ធម្មយាត្រា​របស់​លោក រ៉ុង ឈុន ស្ថិត​ក្នុង​ភាពមិន​ច្បាស់លាស់ ខណៈ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ផ្តល់​ការអនុញ្ញាត


រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។

មេ​ដឹក​នាំ​សហ​ភាព​សហ​ជីព​កម្ពុជា ​លោក ​រ៉ុង ឈុន ​គ្រោង​ដឹក​នាំ​ធម្ម​យា​ត្រា​ថ្មើរជើងមួយ​នៅ​ដើម​ខែ​កុម្ភៈ ​ដើម្បីលើក​កម្ពស់​សីល​ធម៌​សង្គម​ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា​ សីល​ធម៌​សង្គម​ក្នុង​ប្រទេស​កម្ពុជា ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០​១៧ ឬ​ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​។

បើ​តាម​គម្រោង​ធម្ម​យាត្រា​ថ្មើរ​ជើង​នេះ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ដោយ​ដើរ​ចេញ​ពី​រូបសំណាក​លោក​យាយ​ពេញ​នៅ​ជិត​វត្ត​ភ្នំ ​ក្នុង​រាជ​ធានីភ្នំពេញ​ ​ទៅ​កាន់​បូជ​នីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​លោក​ឧក​ញ្ញ៉ា ​ឃ្លាំង​ មឿង ​នៅ​ខេត្ត​ពោធិ៍​សាត់​។​ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​មួយ​របស់​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​។

សេចក្តី​ប្រកាសចុះ​ថ្ងៃ​ទី​២០​ ខែ​មករា​របស់​សមាគម​ខាង​លើ​បាន​ផ្តល់​សេចក្តី​ពន្យល់​ទៀត​ថា ​ការ​ប្រុង​ប្រៀប​ហែ​ធម្ម​យាត្រា​នោះ​ ធ្វើ​ឡើង ក្រោយ​ការ​មាន​កត់​សម្គាល់​ថា​ ​សីល​ធម៌​សង្គម​ធ្លាក់​ចុះ​ដុន​ដាប ​ដែល​មួយ​ផ្នែក​បណ្តាល​មកពី​ការ​ថ្លែង​សុន្ទ​រក​ថា​រ​បស់​ថ្នាក់​ដឹក​នាំ​នយោ​បាយ​ដែលប្រើ​ពាក្យ​អសុ​រោះ និង​មួយផ្នែក​ទៀតតាមការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ចាប់​សកម្ម​ជន​សង្គម​ និង​នយោ​បាយ​ដាក់​ពន្ធនាគារ​តាម​តែ​អំពើ​ចិត្ត​។

មេ​ដឹក​នាំ​សហ​ជីព ​និង​ជា​ទី​ប្រឹក្សា​របស់​សមា​គ​ម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ លោក​ រ៉ុង ឈុន ​ដែល​នឹង​ដឹក​នាំ​ធម្ម​យាត្រា​នេះ​ លើក​ឡើង​ថា​ សីល​ធម៌​សង្គម​បាន​ធ្លាក់​ចុះគួរឲ្យ​កត់​សម្គាល់​តាំង​ពី​ចុង​ឆ្នាំ​២០​១៧​មក ​ដោយ​សារ​តែមេដឹក​នាំ​នយោ​បាយ​ជា​រឿយ​ៗថ្លែង​សារ​ប្រើ​ប្រាស់​ពាក្យ​អសុ​រោះ ដែល​នាំ​ឲ្យ​យុវជន​យក​គំរូ​តាម​ និង​បង្ក​បញ្ហា​ច្របូក​ច្របល់​ក្នុង​សង្គម​។​ លោក​បន្ថែម​ថា ​មុន​នឹង​ផ្ញើ​សា​រនយោ​បាយ​ណា​មួយ​នោះ​ គឺ​អ្នក​នយោ​បាយ​មាន​ឋានៈ​ទាប​ខ្ពស់​ត្រូវគិត​ពីផល​ប៉ះ​ពាល់ឲ្យ​បាន​ដិ​ត​ដល់​។

​លោក​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«​នៅ​ពេ​ល​ដែល​យើង​ផ្ញើសារ​អសុ​រោះ​ វាធ្វើ​ឲ្យ​យុវជន​ នឹង​ទទួលយកនូវ​បញ្ហា​អស់​ហ្នឹង​យក​ទៅ​អនុវត្ត​ វាធ្វើសង្គម​យើង​មាន​បញ្ហា​ច្របូក​ច្របល់​មែន​ទែន​។ អ៊ីចឹង​បាន​ជា​យើង​ចង់​ឲ្យធ្វើ​ម៉េចគិត​គូរ​អំពីសីល​ធម៌​សង្គម​នេះ»​។

បន្ថែម​ពី​នេះ​លោក​ រ៉ុង ឈុន ថ្លែងថា អាជ្ញាធរ​ខក​ខាន​មិន​បាន​រក​ជន​បង្កវាយ​ដំលើ​សកម្ម​ជន​សង្គម ​និង​សកម្ម​ជន​នយោ​បាយ ​ហើយ​ដំណាល​គ្នា​នោះ​ មានការ​ចាប់​ខ្លួន​សកម្ម​ជន​សង្គម ​សកម្ម​ជន​នយោ​បាយ និង​អ្នក​នយោ​បាយ​ដាក់​ពន្ធនា​គារ ​តួ​យ៉ាងលោក​ ស៊ុន ធន់ ​លោក ​កែវ ថៃ​ ដែល​ជា​អតីត​មន្ត្រី​និងសមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ខេត្ត​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ មេដឹក​នាំ​សហ​ជីពកញ្ញា ឈឹម ស៊ីថរ និងសកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា សេង ធារី​ ដោយ​គ្មានអង្គ​ហេតុណា​មួយ​ត្រូវ​គ្នា​នឹង​ការចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​។

លោក​ថ្លែង​ថា​៖ ​«រូប​ភាពទាក់​ទង​សីល​ធម៌​សង្គម ​គឺ​ច្រើន​ណាស់​ អ៊ី​ចឹង​បាន​ជា​យើង​ផ្តួចផ្តើម​គំនិត​ ធ្វើ​ការ​ដង្ហែ​ ​ធ្វើ​ម៉េចឲ្យ​គិត​គូរ​សីល​ធម៌​សង្គម​ឡើង​វិញ»។

លោក រ៉ុង ឈុន បាន​ឲ្យដឹង​ថា ​ការ​ហែ​ធម្ម​យាត្រា​ថ្មើរ​ជើងនេះ​ នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច​៥០​នាក់​ តែ​លោក​ថា​ ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ ប្រសិន​បើ​ប្រជាពល​រដ្ឋ​មក​ចូល​រួម​ច្រើន​។ ​

បើ​តាម​លោក​ រ៉ុង ឈុន សមា​គ​ម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ជូនដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន ​ប៉ុន្តែ​មក​ដល់​ពេល​នេះ សមា​គមមិន​ទាន់​ទទួល​បាន​ការ​ឆ្លើត​តប​យ៉ាង​ណា​នៅឡើយ​ទេ​។ ​លោក​បន្ថែម​ថា​ បើ​សិន​ជា​ដល់​ថ្ងៃ​ហែ​ធម្ម​យា​ត្រា​នោះ ក្រសួង​មហា​ផ្ទៃ​មិ​ន​ឆ្លើយ​តប​ គឺ​មាន​ន័យ​ថា ​ក្រសួង​មហា​ផ្ទៃអនុ​ញ្ញាត​តាម​សំណើ​ ​ហើយ​សមា​គម​នឹង​ធ្វើ​ទៅ​តាម​ផែន​ការ​ ដែល​បាន​គ្រោង​ទុក​។​

​ទាក់​ទង​សំណើ​របស់​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​ដែល​គ្រោង​ធ្វើ​ធម្ម​យាត្រា​នៅ​ខែកុម្ភៈ​នោះ​ ​រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃលោក ខៀវ​ សុភ័គ ប្រាប់​វីអូអេថា ក្រុម​ជំ​នាញ​របស់​ក្រសួងកំពុង​ពិនិត្យ​មើល​សំណើ​របស់​សមា​គម។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ លោកថា ​ក្រសួង​មិន​ទាន់មាន​ការ​សម្រេច​បែប​ណា​នោះ​ទេ​។

បើ​តាម​លោក​ ខៀវ សុភ័គ​ ក្រសួង​មហា​ផ្ទៃ​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​នៅ​ពេល​ក្រោយ​។ ​

​ទោះ​យ៉ាង​ណា​ក្តី ​លោកយល់​ថា​ ការ​ហែ​ក្បួន​ធម្ម​យាត្រា​នេះ មិន​មែន​ជា​ដំណោះ​ស្រាយក្នុង​ការ​លើក​កម្ពស់​សីល​ធម៌​សង្គម​នោះ​ទេ​។ ចំណែក​ការ​ជូន​ដំណឹង​ហែក្បួន​ធម្ម​យា​ត្រា​នេះ​ លោក​ថា​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​គួរ​តែ​ជូន​ដំណឹ​ង​ទៅ​អាជ្ញាធរ​រាជ​ធានីខេត្ត ដែល​ស្ថិត​ក្នុង​គម្រោង​ហែធម្ម​យាត្រា​នោះ។

​លោក​ថ្លែង​ថា៖ ​«​សីល​ធម៌​សង្គម​ធ្លាក់​ចុះ សីល​ធម៌​កើត​ឡើង​ មិន​ដឹង​វាស់តាម​ខ្នាត​អី​ដែរ ពូ​ដូច​ជា​មិន​សូវ​យល់​ ប្រហែល​ជា ​ការ​ធ្វើ​មាន​អាថ៌​កំបាំង​អ្វី​មួយ​ដែល​គេ​ចង់​បាន​ហើយ​មើល​ទៅ​។ ...​មិន​មែន មើល​មក​ជាការ​ហែ​ក្បួន​ដើម្បី​លើក​កម្ពស់សីល​ធម៌ ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ ​ពូ​យល់​អ៊ីចឹង​»។

​លោក ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ក្រសួង​មហា​ផ្ទៃ​គួរ​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​កាន់​ខេត្តដែល​នឹង​មាន​ការ​ហែ​ក្បួន​ធម្ម​យាត្រាឆ្លង​កាត់ ​ដើម្បី​ជួយ​សម្រួល និង​ការ​ពារ​សុវត្ថិ​ភាព​ដល់​អ្នក​ចូល​រួម​ការ​ហែធម្ម​យាត្រា​នោះ​។

លោក​ថ្លែង​ថា​៖ ​«​ក្រសួង​មហា​ផ្ទៃ​គប្បី​ចេញ​សេច​ក្តី​ណែ​នាំ​ណា​មួយ​ទៅ​តាម​បណ្តា​ខេត្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ហ្នឹង​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ដើម្បី​ត្រួស​ត្រាយ​ និង​ការ​ពារ​នូវ​សុវត្ថិ​ភាពនៃ​អ្នក​ដែល​ចូល​រួម​នៅ​ក្នុង​ធម្ម​យាត្រាទាំង​អស់ហ្នឹង​ ដើម្បី​គោរព​ទៅ​តាម​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​សម្តែង​មតិ​»​។

​ប៉ុន្តែ​លោក​ថា ​ប្រសិន​បើ​មាន​ការ​រឹ​ត​ត្បិត ឬ​ហាម​ឃាត់​មិន​ឲ្យ​ហែ​ធម្ម​យាត្រា​ ​នោះ​វា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​យល់​ថា ​អាជ្ញាធរ​គួរ​តែ​ជជែក​គ្នាដើម្បី​ឲ្យ​មាន​ធម្ម​យាត្រា​អា​ច​ប្រព្រឹត្ត​ទៅ​បាន ​ដើម្បី​អាច​ឲ្យ​ប្រជា​ពល​រដ្ឋ​ អាច​ប្រើ​ប្រាស់​សិទ្ធិ​សេរីរបស់​ពួកគេ​បាន​ពេញ​លេញ ​ដែល​ត្រូវ​បានធានា​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ និង​ស្រប​តា​ម​របបលទ្ធិ​ប្រជា​ធិប​តេយ្យ។ ​លោក​បន្ថែមថា បើ​មាន​ការ​រឹត​ត្បិត​មិន​ឲ្យ​មាន​ការ​ហែក្បួន​នេះ​ គឺនឹង​អាច​មាន​ការ​រិះ​គន់​បន្ថែម​ទៀត ចំពោះ​ការរឹត​ត្បិត​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជាពល​រដ្ឋ។

គួរ​រំឭក​ថា​ កាល​ពីឆ្នាំ​២០១៣​ ជន​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី ​មន្ត្រី​សហ​ជីព ​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ព្រះ​សង្ឃ​ និងប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ បានធ្វើ​ធម្ម​យាត្រានិង​សិទ្ធិ​យាត្រា​ពី​បណ្តា​ខេត្ត​នានា​ឆ្ពោះ​មក​រាជ​ធានី​ភ្នំពេញ​ដើម្បី​បុព្វ​ហេតុ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។ ធម្ម​យាត្រា​កាល​ពី​ពេល​នោះ ​បាន​គ្រោង​ហែ​កាត់​ខេត្ត​យ៉ាង​តិច​ចំនួន​១២ ​ក្នុង​នោះ​មាន​ខេត្ត​កំពង់​ធំ ពោធិ៍​សាត់​ កំពង់​ចាម​ ព្រៃ​វែង​ ស្វាយ​រៀង ​កណ្តាល​ កំពង់​ស្ពឺ ​តាកែវ ​និង​ខេត្ត​កំពង់​ឆ្នាំង​ជា​ដើម​៕

XS
SM
MD
LG