លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ស្នើសាលាឧទ្ធរណ៍ផ្តល់នីតិសម្បទាដល់រូបលោក ដើម្បីអាចធ្វើសកម្មភាពនយោបាយ ក្រោយការកំណត់ព្យួរទោសសាកល្បងរយៈពេលបីឆ្នាំបានបញ្ចប់។
ការស្នើសុំឱ្យតុលាការផ្តល់នីតិសម្បទា ដោយសារលោកបានអនុវត្តទោសរួចរាល់តាមសាលដីកាព្រហ្មទណ្ឌសា្ថពរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល ដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ និងទោសនៅសល់ត្រូវព្យួរសាកល្បងរយៈពេល ៣ឆ្នាំ។
លោក រ៉ុង ឈុន ត្រូវបានដោះលែងឱ្យមានសេរីភាពនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោយអាជ្ញាធរចាប់និងឃុំខ្លួន ក្នុងអំឡុងឆ្នាំ ២០២០។ នេះបើតាមលោក រ៉ុង ឈុន និងពាក្យបណ្តឹងសុំផ្តល់នីតិសម្បទា ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលដាក់ទៅសាលាឧទ្ធរណ៍។
បើតាមលោក រ៉ុង ឈុន ការស្នើសុំនីតិសម្បទា គឺដើម្បីឱ្យលោកមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ បន្ទាប់ពីលោកត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បដិសេធមិនឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តឆ្នាំ ២០២៣ នៅមណ្ឌលខេត្តកណ្តាល។
លោកប្រាប់វីអូអេថា៖ «នៅពេលយើងមានសិទ្ធិស្នើសុំ អ៊ីចឹងខ្ញុំត្រូវតែស្នើសុំនីតិសម្បទាឡើងវិញ ដើម្បីឱ្យខ្ញុំមានសិទ្ធិពេញលេញជាប្រជាពលរដ្ឋ និងមានសិទ្ធិក្នុងការឈរ [ឈ្មោះជា] បេក្ខជនផ្សេងៗ នៅក្នុងក្របខណ្ឌនយោបាយ»។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថា សាលាឧទ្ធរណ៍កំពុងពិនិត្យសម្រេចតាមនីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំរបស់លោក រ៉ុង ឈុន។
បច្ចុប្បន្ននេះ លោក រ៉ុង ឈុន ក៏កំពុងជាប់ក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត ដែលសាលាដំបូងរាជធានីភ្នំពេញចោទពីបទ «មិនរាងចាលក្នុងបទមជ្ឈិម» និង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីខែសីហា ឆ្នាំ ២០២៤។
លោក រ៉ុង ឈុន បន្ថែមថា បន្ទាប់ពីលោកបានចូលបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បានដាក់បម្រាមមិនឱ្យលោកចាកចេញពីកម្ពុជា មិនត្រូវផ្លាស់ប្តូរទីលំនៅ មិនត្រូវជួបបុគ្គលមួយចំនួនដែលអាចនាំឱ្យមានការប្រព្រឹត្តបទល្មើសដដែល ឬបទល្មើសថ្មីផ្សេងទៀត ហើយក្នុងករណីគេចវេសពីកាតព្វកិច្ច តុលាការនឹងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
លោក រ៉ុង ឈុន ថា ការចោទប្រកាន់រូបលោកពីបទ «មិនរាងចាលក្នុងបទមជ្ឈិម» និង «ញុះញង់» ក្នុងអំឡុងខែសីហា ឆ្នាំ ២០២៤ ពាក់ព័ន្ធទៅនឹងការផ្តល់បទសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរី អំពីវត្តមានលោកនាយករដ្ឋមន្ត្រីចុះតាមបន្ទាត់ព្រំដែន ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅបឹងតាមោក ការចុះជួបប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជិតព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល និងនៅពេលលោកទៅសម្ពោធទីស្នាក់ការគណបក្សនៅស្រុកកោះធំ ខេត្តកណ្តាល។
លោកនៅតែការពារខ្លួនថា លោកមិនបានញុះញង់ប្រជាពលរដ្ឋឡើយ។ លោកបានស្នើឱ្យតុលាការលុបចោលបម្រាមទាំងនោះ ដើម្បីឱ្យលោកអាចមានសេរីភាពនយោបាយពេញលេញ ខណៈលោកមិនទាន់ដឹងថាតើសំណុំរឿងនេះនឹងវិវត្តទៅជាបែបណានោះទេ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បាននៅឡើយ គិតត្រឹមរសៀលថ្ងៃអង្គារ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា លោក រ៉ុង ឈុន គួរតែទទួលបាននីតិសម្បទាតាមការស្នើសុំ ដោយសារតែលោកបានអនុវត្តទោសរួចរាល់ ទៅតាមអ្វីដែលតុលាការផ្តន្ទាទោស។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «អ៊ីចឹងការអនុវត្តទោសចប់ ហើយនិងការស្នើសុំនីតិសម្បទាសិទ្ធិពេញលេញរបស់ពលរដ្ឋមកវិញ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូប ដែលមិនមានអ្វីខុសទាស់ទេ ហើយសិទ្ធិទាំងអស់នេះ លោកគួរតែទទួលបានមកវិញបានពេញលេញ»។
គួរបញ្ជាក់ថា លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២០។ លោកត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងជួបប្រជាពលរដ្ឋដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យធ្វើស្រែចម្ការ និងមានការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា៕
វេទិកាបញ្ចេញមតិ