លោកបណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីសំឡេងយុវជន (ហេឡូវីអូអេ) កាលពីថ្ងៃច័ន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ថា៖ «យើងត្រូវរៀនធ្វើយ៉ាងម៉េច ធ្វើឲ្យបានពីរបីមុខ នៅពេលដែលគេធ្វើតែមួយមុខ។ ខាងភាសាដូចគ្នា បើគេចេះមួយ យើងត្រូវចេះ ពីរ បើគេចេះពីរ យើងត្រូវចេះបី»។
កន្លងមក មានការព្រួយបារម្ភថា កម្លាំងពលកម្មកម្ពុជានឹងពិបាកប្រកួតប្រជែងការងារនៅក្នុងទីផ្សារអាស៊ាននៅពេលខាងមុខ ដោយសារការអប់រំនិងជំនាញដែលមានគុណភាពទាបនៅក្នុងប្រទេស។
លោកបណ្ឌិត សុក ស៊ីផាណា មានប្រសាសន៍ថា៖
«បញ្ហាដែលថាកូនខ្មែរយើងសព្វថ្ងៃដែលខ្សោយហ្នឹង គឺថាគាត់អត់មានទម្លាប់មើល។ គាត់រៀននៅសាលាដើម្បីជាប់ មិនមែនដើម្បីចេះទេ។ ដល់ពេលគាត់ចេញមក គាត់ចេះតែជំនាញមួយមុខ ដែលសាលាបង្រៀនហ្នឹង។»
តែទោះជាយ៉ាងនេះក្តី អ្នករិះគន់ខ្លះ និយាយថា កង្វះការលើកទឹកចិត្តឲ្យមានស្មារតីប្រកួតប្រជែងនៅក្នុងស្រុក គឺជាកត្តារួមចំណែកដល់គុណភាពទាបនៃការអប់រំនិងជំនាញទាំងនោះ។
កញ្ញា ស្រីមុំ គឺជាអ្នកស្តាប់កម្មវិធី សំឡេងយុវជន ម្នាក់នៅក្នុងទីក្រុងភ្នំពេញ៖
«នៅក្នុងស្ថាប័នរដ្ឋផ្សេងៗ ភាគច្រើនគេដាក់តែគ្នាឯង បងប្អូន ខ្សែស្រឡាយឯង ឬក៏ទាល់តែអ្នកដែលមានលុយច្រើនអីអញ្ចឹង ទើបអាចចូលទៅធ្វើការនៅកន្លែងហ្នឹងបាន។ តើឲ្យយុវជនយើងទៅប្រកួតប្រជែងឈ្នះគេអត់?»
អ្នកស្តាប់មា្នក់ទៀត គឺ កញ្ញា ស្រីលាប មកពីខេត្តព្រៃវែង៖
«ភាគច្រើន កូនអ្នកមានលុយមានកាក់ គាត់អត់ចាំបាច់ទៅរៀន តែគាត់មានសញ្ញាប័ត្រ ហើយគាត់បានចូលទៅធ្វើការនៅក្នុងជួរមន្រ្តីរាជការ។ តើនេះជាបញ្ហាក្នុងការប្រកួតប្រជែងសម្រាប់យុវជនឬទេ?»
លោកបណ្ឌិត សុក ស៊ីផាណា និយាយថា គ្រួសារនិយមនិងការរាប់អានពឹងពាក់គ្នាគឺជាផ្នែកមួយនៃវប្បធម៌ខ្មែរទៅហើយ។
«យើងក៏ត្រូវទទួលស្គាល់ថា វប្បធម៌ខ្មែរយើងមួយចំនួនក៏មិនល្អសម្រាប់ការប្រកួតប្រជែងដែរ ព្រោះសម្ពាធគ្រួសារ សម្ពាធបងប្អូនហ្នឹងខ្លាំងណាស់។»
ដូច្នេះ លោកបណ្ឌិតបន្ថែមថា មានតែបុគ្គលម្នាក់ៗ ចេះបង្កើតស្មារតីប្រកួតប្រជែងពីដើមទីទៅទេ ទើបពួកគេអាចប្រកួតប្រជែងការងារនៅក្នុងប្រទេស ហើយបន្តទៅប្រកួតប្រជែងក្នុងឆាកតំបន់តទៅទៀតបាន៕
បើអ្នកជាយុវជន តើអ្នកគិតថាអ្នកមានជំនាញគ្រប់គ្រាន់ហើយឬនៅ? តើមានជំនាញអ្វីខ្លះដែលអ្នកចង់ទទួលបាននៅមុនពេលការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥?