ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួនប្រឆាំងនឹងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីតំបន់ Cox's Bazar ប្រទេសបង់ក្លាដែស ទៅកាន់កោះដាច់ស្រយាលនៅក្បែរឆ្នេរ Bengal។
អាជ្ញាធរប្រទេសបង់ក្លាដែសកាលពីថ្ងៃសុក្របានបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥០០នាក់ទៅកាន់កោះ Bhasan Char ដែលជាកោះគ្មានមនុស្សរស់នៅ ស្ថិតនៅក្បែរតំបន់ឆ្នេរ Bengal ដែលកោះនេះងាយរងគ្រោះដោយសារព្យុះស៊ីក្លូននិងងាយនឹងរងគ្រោះដោយសារទឹកជំនន់។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិលោក Babar Baloch ថ្លែងថា អង្គការសហប្រជាជាតិមិនចូលរួមក្នុងការរៀបចំបញ្ជូនជនភៀសខ្លួននេះទេ។ លោកបានថ្លែងថា លោកមិនបានស្គាល់អត្តសញ្ញាណជនភៀសខ្លួន ហើយមានព័ត៌មានតិចតួចប៉ុណ្ណោះអំពីប្រតិបត្តិការផ្លាស់ទីលំនៅនេះ។
លោក Baloch ថ្លែងថា អង្គការ UNHCR ព្រួយបារម្ភថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមិនមានព័ត៌មានគ្រប់គ្រាន់ដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តដោយសេរីអំពីការផ្លាស់ទីលំនៅទៅរស់នៅលើកោះ Bhasan Char។
លោក Baloch ថ្លែងថា៖«យើងបានឮសេចក្តីរាយការណ៍ពីជំរំថាជនភៀសខ្លួនមួយចំនួនរងសម្ពាធឲ្យប្តូរទីលំនៅទៅរស់នៅកោះ Bhasan Char ឬ អាចថាពួកគេបានប្តូរចិត្តដំបូងៗដែលចង់ផ្លាស់ទីលំនៅទៅកោះនោះ ដោយលែងចង់ទៅវិញហើយ។ ប្រសិនជាដូច្នេះមែន ពួកគេគួរត្រូវបានអនុញ្ញាតឲ្យបន្តរស់នៅក្នុងជំរំ»។
ក្នុងឆ្នាំ២០១៧ ជនភៀសខ្លួនជិតមួយលាននាក់បានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញនិងអំពើហិង្សានៅក្នុងតំបន់ Cox's Bazar ប្រទេសមីយ៉ាន់ម៉ា ទីដែលពួកគេរស់នៅក្នុងស្ថានភាពជំរំដែលគគ្រិចនិងចង្អៀត។ ប្រទេសបង់ក្លាដែសថា ខ្លួនចង់ជួយបន្ថយស្ថានភាពណែនចង្អៀតនៅក្នុងជំរំ ហើយមើលឃើញការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ានាពេលថ្មីៗថាជាជំហានដំបូងនៃផែនការមួយដើម្បីបញ្ជូនជនភៀសខ្លួនមួយសែននាក់ទៅកាន់កោះ Bhasan Char។
អង្គការសហប្រជាជាតិ (អ.ស.ប.)អំពាវនាវឲ្យរដ្ឋាភិបាលបង់ក្លាដែសគោរពការប្តេជ្ញារបស់ខ្លួនដែលថា ការផ្លាស់ទីលំនៅទៅរស់នៅកោះនោះនឹងធ្វើឡើងដោយការស្ម័គ្រចិត្ត។
លោក Baloch ថ្លែងថា អង្គការ UNHCR ព្រួយបារម្ភដោយឃើញពីរូបភាពមិនសប្បាយចិត្តរបស់ជនភៀសខ្លួននៅក្នុងអំឡុងពេលដំណើរការផ្តាស់ប្តូរទីតាំង ហើយបានប្រាប់ពីការព្រួយបារម្ភនេះដល់ក្រុមអាជ្ញាធរបង់ក្លាដេស។
លោក Baloch ថ្លែងថា៖«យើងបញ្ជាក់ម្តងទៀតដូចមុនដែរគឺថា ការផ្លាស់ទីលំនៅទាំងអស់ទៅកាន់កោះ Bhasan Char ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត និងផ្អែកទៅតាមការពិគ្រោះគ្នានិងការផ្តល់ព័ត៌មានឲ្យបានពេញលេញ ទាក់ទងនឹងស្ថានភាពជីវិតរស់នៅលើកោះនោះ ហើយនិងសិទ្ធិនិងសេវាកម្មនានាដែលជនភៀសខ្លួននឹងអាចទទួលបាន»។
លោក Baloch ថ្លែងថា អង្គការសហប្រជាជាតិមានព័ត៌មានតិចតួចអំពីស្ថានភាពរស់នៅលើកោះនោះ ហើយចង់ឲ្យរដ្ឋាភិបាល បង់ក្លាដែសអនុញ្ញាតឲ្យធ្វើដំណើរទៅទីនោះដើម្បីបញ្ជាក់ថា កោះនោះជាទីមានសុវត្ថិភាពនិងជាទីកន្លែងដែលមាននិរន្តរភាពក្នុងការរស់នៅបាន។ លោកបានថ្លែងថា ជនភៀសខ្លួនត្រូវតែទទួលបានសេវាសុខាភិបាល ការទ្រទ្រង់ជីវភាពរស់នៅ និងការអប់រំ ហើយនិងត្រូវមានការការពារពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ដទៃទៀត៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា